គ្នាយើងមានអ្នកណាធ្លាប់ស្គាល់ថ្នាំបំប៉នគ្រាប់កាហ្វេខ្ចីអត់? យ៉ាងណា “Hello គ្រូពេទ្យ” ជឿថា គ្នាយើងខ្លះច្បាស់ជាធ្លាប់ស្គាល់ ហើយខ្លះអាចធ្លាប់សាកល្បងប្រើទៀតផង។ សម្រាប់គ្នាយើងមិនធ្លាប់ស្គាល់ អាចស្វែងយល់ក្នុងអត្ថបទនេះបាន ព្រោះថ្នាំបំប៉នចម្រាញ់ចេញពីគ្រាប់កាហ្វេខ្ចី កំពុងពេញនិយមណាស់ ព្រោះគេជឿថាមានអត្ថប្រយោជន៍សុខភាពជាច្រើន ទោះវិទ្យាសាស្ត្រនៅមិនទាន់អាចបញ្ជាក់ក្តី។ តោះ! មកស្វែងយល់ទាំងអស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. គុណសម្បត្តិថ្នាំបំប៉នចម្រាញ់ពីគ្រាប់កាហ្វេខ្ចី
ថ្នាំបំប៉នចម្រាញ់ចេញពីគ្រាប់កាហ្វេខ្ចីនៅលើទីផ្សារត្រូវគេស្គាល់ថា Green Coffee Bean Extract គឺកំពុងពេញនិយមខ្លាំងក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើន ដោយសារគេជឿថា វាមានគុណសម្បត្តិច្រើនទៅលើសុខភាពដូចជា៖
- ជួយសម្រកទម្ងន់៖ គ្នាយើងភាគច្រើនប្រើប្រាស់ថ្នាំបំប៉ន ចម្រាញ់ចេញពីគ្រាប់កាហ្វេខ្ចី គឺដើម្បីសម្រកទម្ងន់នេះឯង។ ការសិក្សាតូចៗមួយចំនួនបង្ហាញថា ថ្នាំបំប៉នចម្រាញ់ចេញពីគ្រាប់កាហ្វេខ្ចី អាចជួយឲ្យសម្រកទម្ងន់បានពី ១,៣-២,៣ គីឡូក្រាម ច្រើនជាងគ្នាយើងប្រើវិធីសាស្ត្រសម្រកទម្ងន់ផ្សេងទៀត។ អាស៊ីដ Chlorogenic មានក្នុងគ្រាប់កាហ្វេខ្ចី អាចសមត្ថភាពភ្ញោចទៅលើថ្លើម ឲ្យធ្វើការស្រូបជាតិខ្លាញ់បានលឿន។
- បង្កើនថាមពល៖ ថ្នាំបំប៉នគ្រាប់កាហ្វេខ្ចី ក៏ត្រូវគេជឿជាក់ថា មានប្រសិទ្ធភាពបង្កើនថាមពល ដូចគ្នាទៅនឹងកាហ្វេធម្មតាដែរ ដោយសារមានផ្ទុកជាតិកាហ្វេអ៊ីន ដែលគ្នាយើងជាច្រើន ត្រូវការប្រើវាជារៀងរាល់ថ្ងៃ។ ក្រៅពីនេះ វាអាចជួយយើងមានអារម្មណ៍ភ្លឺស្វាង និងផលិតភាពកាន់តែប្រសើរ សម្រាប់បំពេញកិច្ចការងារប្រចាំថ្ងៃទៀតផង។
- បង្កើនការធ្វើមេតាបូលីស៖ ថ្នាំបំប៉នគ្រាប់កាហ្វេខ្ចី អាចជួយបង្កើនដល់ការធ្វើមេតាបូលីស បាន ជួយពន្លឿនដល់ដំណើរការបំបែកជាតិខ្លាញ់ ទៅជាថាមពលដើម្បីស្តុកទុក។ ជាតិកាហ្វេអ៊ីន ក៏មានអត្ថប្រយោជន៍ដូចគ្នានេះដែរ ខណៈការស្រាវជ្រាវបង្ហាញថា ជាតិកាហ្វេអ៊ីន អាចជួយជំរុញដល់ដំណើរការមេតាបូលីស រហូតដល់ទៅ ៣-១១ ភាគរយ។
- បន្ថយការឃ្លាន៖ ថ្នាំបំប៉នគ្រាប់កាហ្វេខ្ចី អាចធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែត ដោយបានទៅរារាំងអារម្មណ៍ស្រែកឃ្លាន ជួយយើងចៀសផុតអាហារគ្មានសុខភាពល្អ និងជួយរក្សាតុល្យភាពរបបអាហារ ធ្វើឲ្យសម្រកទម្ងន់ទទួលបានជោគជ័យ និងមានសុខភាពល្អ។
- ជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្ម៖ សារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) មានសារៈសំខាន់ណាស់ចំពោះរាងកាយ ជួយប្រឆាំងពពួករ៉ាឌីកាល់សេរី ដែលអាចបង្កឲ្យយើងមានជំងឺកាចសាហាវបាន។ គ្រាប់កាហ្វេខ្ចី ជាប្រភេទកាហ្វេតែមួយគត់ ដែលមានកម្រិតសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងគេក្នុងចំណោមគ្រាប់កាហ្វេទាំងអស់។
២. គុណវិបតិ្តថ្នាំបំប៉នចម្រាញ់ពីគ្រាប់កាហ្វេខ្ចី
ទោះជាថ្នាំបំប៉នគ្រាប់កាហ្វេខ្ចី មានអត្ថប្រយោជន៍ច្រើនក្តី ប៉ុន្តែអ្វីក៏ដោយ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ ហេតុនេះ ថ្នាំបំប៉នគ្រាប់កាហ្វេខ្ចី ក៏មានដូចគ្នា៖
- ចំពោះស្រីមានផ្ទៃពោះ៖ ស្រីៗកំពុងពពោះ បើចង់សម្រកទម្ងន់ មិនត្រូវប្រើថ្នាំបំប៉នគ្រាប់កាហ្វេខ្ចីនេះទេ រហូតទាល់តែសម្រាលរួច និងលែងបំបៅដោះកូន ដោយសារតែការប្រើថ្នាំបំប៉នគ្រាប់កាហ្វេខ្ចីអំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យកង្វះជាតិអាស៊ីដហ្វូលីក លើទារកក្នុងផ្ទៃបាន។
- មានច្រើនទម្រង់ប្រើប្រាស់ខុសៗគ្នា៖ គ្នាយើងមិនត្រូវប្រើថ្នាំបំប៉នគ្រាប់កាហ្វេខ្ចី ដូចផឹកតែ ឬភេសជ្ជៈផ្សេងនោះទេ ដោយសារមានច្រើនទម្រង់ អាចជាម្សៅដ ជាថ្នាំបន្ទះ ថ្នាំគ្រាប់ ឬថ្នាំមានសំបក។ ដើម្បីទទួលបានផលវិជ្ជមាន គួរតែប្រើកន្លះម៉ោង មុនពេលញ៉ាំអាហារ។
- មានអន្តរកម្មថ្នាំ៖ ថ្នាំបំប៉នគ្រាប់កាហ្វេខ្ចី អាចមានអន្តរកម្មជាមួយនឹងថ្នាំផ្សេងទៀត ដូច្នេះបើកំពុងប្រើថ្នាំផ្សេង គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើវា ដើម្បីចៀសផុតពីប្រតិកម្មថ្នាំ។ ជំងឺមួយចំនួន ក៏អាចមានប្រតិកម្មជាមួយនឹងថ្នាំបំប៉នគ្រាប់កាហ្វេខ្ចីដែរ មានដូចជា ជំងឺលើសជាតិស្ករក្នុងឈាម លើសឈាន ជំងឺលើសជាតិកូលេស្តេរ៉ូឡ ជំងឺបាក់ទឹកចិត្តជំងឺថប់បារម្ភ ជំងឺរលាកពោះវៀនធំ ជំងឺទឹកដក់បាតភ្នែក ជំងឺពុកឆ្អឹង បញ្ហាហូរឈាម មានកម្រិត Homocysteine ខ្ពស់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
- ផលរំខាន៖ បើរាងកាយយើងងាយនឹងប្រតិកម្មថ្នាំបំប៉នគ្រាប់កាហ្វេខ្ចី យើងនឹងមានអាការៈ ដូចជា ឈឺក្បាល ចង្អោរ ភ័យព្រួយ សន្លប់ និងក្អួត។ ត្រូវប្រាកដថា កម្រិតថ្នាំបានប្រើ គឺត្រឹមត្រូវ និងត្រូវស្វែងរកជំនួយពីគ្រូពេទ្យភ្លាមៗ បើសម្គាល់ឃើញថា មានសញ្ញាផលរំខានណាមួយកើតឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet