អ៊ុយក្រែន៖ កុមារាអាយុ៩ឆ្នាំ ជនជាតិអ៊ុយក្រែនម្នាក់ កើតមានជំងឺស្បែកដ៏កម្រ និងធ្ងន់ធ្ងរខ្លាំង បានបាត់បង់ក្តីសង្ឃឹម រហូតពោលពាក្យចង់ស្លាប់ បន្ទាប់ពីក្រុមគ្រូពេទ្យក្នុងប្រទេសអ៊ុយក្រែន បានបោះបង់ចោលការព្យាបាលទៅលើរូបគេ ដោយសារតែ អស់លទ្ធភាពក្នុងការជួយសង្គ្រោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមប្រភពសារព័ត៌មាន កុមារារងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Vadym Demedyuk មានអាយុ៩ឆ្នាំ ទទួលរងនូវជំងឺសើស្បែក ឬស្បែករបកក្រហមយ៉ាងធ្ងន់ធ្ងរ សឹងតែពេញរាងកាយ ពោលគឺ ៩៩ភាគរយទៅហើយ ដែលធ្វើឲ្យក្មេងប្រុសកំសត់រូបនេះ រស់នៅពោរពេញដោយការឈឺចាប់យ៉ាងខ្លាំង។
ប្រភពដដែលបន្តថា អស់រយៈពេលជាង ៦ឆ្នាំមកហើយ ដែលកុមារា Vadym ទទួលការព្យាបាលនៅតាមមន្ទីរពេទ្យជាច្រើនកន្លែង នៅទូទាំងស្រុកភូមិ និងទីក្រុង ក្នុងប្រទេសអ៊ុយក្រែន រួមមាន Shypyntsi ទីក្រុង Chernivtsi និងរដ្ឋធានី Kyiv ជាដើម ប៉ុន្តែជាលទ្ធផលនៅតែពុំទទួលបានប្រសិទ្ធភាព ខណៈមកទល់ពេលនេះ ស្ថានភាពជំងឺរបស់ Vadym ក៏កាន់តែដុនដាបខ្លាំង។
អ្នកស្រី Natalia Pilat ជាម្តាយរបស់កុមារា Vadym បាននិយាយថា៖
អ្នកស្រីបន្តថា ស្បែករបស់ Vadym តែងឡើងក្រាស់ក្ដាំងពេញរាងកាយ ប្រេះ និងហូរឈាម ដែលជាហេតុធ្វើឲ្យគេមានការឈឺចាប់ជាខ្លាំង។ ដោយសារតែ ស្ថានភាពអាក្រក់បែបនេះហើយ Vadym មិនអាចសូម្បីតែដើរទៅណាបាន ដូច្នេះហើយគេមានតែនៅក្នុងបន្ទប់តែប៉ុណ្ណោះ។ ព្រោះថារាល់ពេលដែលគេធ្វើចលនា (ដូចជាដើរជាដើម) Vadym ពិតជាឈឺចាប់មិនអាចទ្រាំបាននោះទេ។
អ្នកស្រី Natalia ថា Vadym តែងនិយាយប្រាប់អ្នកស្រីថា គេពិតជាចង់ស្លាប់ខ្លាំងណាស់។
«ម៉ាក់! ខ្ញុំពិតជាចង់ស្លាប់ វាប្រសើរជាងរស់នៅទាំងសភាពបែបនេះ» ។
អ្នកស្រី Natalia បានឲ្យដឹងទៀតថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកស្រីបាននាំកូនប្រុសទៅមន្ទីរពេទ្យ ក៏ដូចជាគ្លីនិកជាច្រើនក្នុងប្រទេស ដើម្បីទទួលបានការព្យាបាល ប៉ុន្តែគ្រូពេទ្យនិយាយថា នេះគឺករណីជំងឺដ៏កម្រ និងធ្ងន់ធ្ងរបំផុតមួយ ដែលពួកគេពុំធ្លាប់ដែលបានជួបប្រទះ ហើយក៏មិនអាចមានវិធីសាស្រ្តនៅក្នុងការជួយព្យាបាលនោះដែរ។
បើយោងតាមរយៈការស្រង់សម្ដីពីអ្នកស្រី Natalia បានឲ្យដឹងថា កូនប្រុសរបស់អ្នកស្រីតែងតែមានក្តីសុបិនចង់ទៅរៀនដូចជាក្មេងដទៃដែរ ប៉ុន្តែវាមិនអាចបាននោះទេ ព្រោះលក្ខខណ្ឌជំងឺរបស់ Vadym គឺពិតជាអាក្រក់ ដែលធ្វើឲ្យជីវិតរបស់គេហាក់រស់នៅក្នុងភាពដាច់ដោយឡែក ឬឯកោពីសង្គមតែម្តង។
ជាក់ស្ដែង រាល់ថ្ងៃ Vadym មានការភ័យខ្លាចដោយមិនហ៊ានចេញទៅក្រៅ និងជួបមនុស្សនោះទេ ព្រោះគេមិនចង់ឲ្យនរណាម្នាក់មានភាពភ័យខ្លាច សម្លឹង សើចចំអក និងចង្អុលមកលើគេឡើយ។ Vadym ជាក្មេងដ៏កំសត់ មិនមានមិត្តភក្តិនឹងគេ ហើយគេក៏តែងមានអារម្មណ៍ថា ខ្លួនរស់នៅឆ្ងាយ និងលំបាកនៅក្នុងសង្គមខ្លាំងណាស់។
យ៉ាងណាមិញ បើទោះបីជាយ៉ាងណា ក្រោយក្រុមគ្រូពេទ្យជាច្រើនក្នុងប្រទេសអ៊ុយក្រែន បដិសេធក្នុងការព្យាបាលជំងឺនេះ ក្រុមគ្រួសាររបស់កុមារា Vadym ក៏បានចាប់ផ្តើមស្វែងរកជំនួយនៅឯបរទេស និងបានរកឃើញគ្លីនិករោគសើស្បែកមួយ ក្នុងប្រទេសអ៊ីស្រាអែលផងដែរ។
អ្នកស្ម័គ្រចិត្តសប្បុរសធម៌ម្នាក់ឈ្មោះ Marta Levchenko ដែលជួយក្រុមគ្រួសារកុមារា Vadym បាននិយាយថា គ្រូពេទ្យនៅប្រទេសអ៊ីស្រាអែលសន្យាថា នឹងជួយបន្ធូរបន្ថយស្ថានភាពជំងឺ ឬជួយព្យាបាលឲ្យ Vadym និងថែមទាំងបាននិយាយថា Vadym នឹងបានធូរស្បើយ នឹងអាចទៅសាលារៀនបាន ក៏ដូចជារស់នៅក្នុងជីវិតធម្មតាវិញផងដែរ។
គួរឲ្យដឹងផងដែរថា ក្រុមអ្នកស្ម័គ្រចិត្តបានជួយដល់ក្រុមគ្រួសារកុមារា Vadym តាមរយៈការរៃអង្គាសប្រាក់បានចំនួនខ្ទង់ប្រមាណ ៥០,០០០ផោន (ឬប្រហែលជាង ៦ម៉ឺនដុល្លារអាមេរិក) ដើម្បីចំណាយសម្រាប់ការព្យាបាល ខណៈប្រភពបានឲ្យដឹងថា កុមារា Vadym នឹងត្រូវហោះហើរទៅប្រទេសអ៊ីស្រាអែលក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ជាមួយគ្នានេះ គ្រប់គ្នាក៏សង្ឃឹមនិងជូនពរ កុមារា Vadym អាចនឹងទទួលបានការព្យាបាលដោយជោគជ័យ ទទួលបានជីវិតថ្មី ពោរពេញដោយស្នាមញញឹមត្រលប់មកវិញផងដែរ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?