ហឺត ជាជំងឺគួរឲ្យព្រួយបារម្ភមួយសម្រាប់ប៉ាម៉ាក់ ព្រោះជាជំងឺរ៉ាំរ៉ៃងាយកើតលើផ្លូវដង្ហើមក្មេងៗ។ ករណីក្មេងកើតហឺត គឺច្រើនជាងមនុស្សធំដល់ទៅ ២ដង។ ជំងឺហឺត បើកើតលើក្មេងក្រោមអាយុ ២ ឆ្នាំវិញ កាន់តែពិបាកព្យាបាល ហេតុនេះ ប៉ាម៉ាក់ទាំងអស់ គួរប្រុងប្រយ័ត្នខ្ពស់ ស្គាល់ពីរោគសញ្ញា និងកត្តាប្រឈមឲ្យបានច្បាស់ ទើបអាចជួយកូនគេចផុតពីជំងឺនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- អ្វីទៅជាជំងឺហឺត?
ហឺត ជាជំងឺរលាករ៉ាំរ៉ៃ កើតនៅលើផ្លូវដង្ហើម ហើយការរលាកនេះ ធ្វើឲ្យផ្លូវដង្ហើមទៅជាងាយប្រតិកម្មជាមួយសារធាតុជាច្រើន។ ពេលផ្លូវដង្ហើម (ទងសួតធំ) ទៅប៉ះជាមួយសារធាតុរំញោច នឹងបង្កទៅជាហើម កន្ត្រាក់ ពេញដោយទឹករម្អិល នាំផ្លូវដង្ហើមស្ទះ បណ្ដាលឲ្យក្អក ដកដង្ហើមឮសំឡេង ហត់ ពិបាកដកដង្ហើម។ ជំងឺហឺត ជាជំងឺតំណពូជ និងមិនមែនជាជំងឺឆ្លងតាមការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកទេ។
២- ធ្វើម៉េចទើបដឹងថាកូនកើតហឺត?
មានសញ្ញាមួយចំនួន អាចឲ្យយើងចាប់អារម្មណ៍បាន នៅពេលកូនយើងមានអាការៈមួយចំនួនដូចជា៖
– ក្អកខ្លាំង
– ឈឺក្នុងទ្រូងខ្លាំង
– ដកដង្ហើមឮសម្លេង
– ដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម
នៅមានរោគសញ្ញាមួយចំនួនទៀតដូចជា ដកដង្ហើមញាប់ ថប់តឹងក្នុងទ្រូង ផតទ្រូង (Chest traction) និងហើមច្រមុះ។ ប៉ុន្តែ ក៏មិនមែនជារឿងងាយស្រួល ក្នុងការធ្វើរោគវិនិច្ឆ័យ និងសន្និដ្ឋានពីជំងឺនេះទេ។
ក្មេងៗកើតហឺត ច្រើនមានបញ្ហាក្អកមិនដាច់ (ជាពិសេសពេលយប់) ដកដង្ហើមឮសំឡេង ហត់ពិបាកដកដង្ហើម ឬអាការៈ និងរោគសញ្ញាទាំងនេះកាន់តែធ្ងន់ធ្ងរនៅពេល៖
– អាកាសធាតុប្រែប្រួល
– ពេលគេព្យាយាមចង់ធ្វើអ្វីមួយខ្លាំងពេក
– ពេលញ៉ាំអាហារប្លែក
បើកូនយើងដកដង្ហើមឮសំឡេង ដកដង្ហើមខ្លីៗ គឺជាសញ្ញាសំខាន់ជាងគេ ប៉ុន្តែសម្រាប់រោគសញ្ញាក្មេងក្អកមិនជា មានការលំបាក និងអាចធ្វើឲ្យយើងធ្វើរោគវិនិច្ឆ័យខុស។ តាមពិតទៅ ក្មេងៗកើតហឺត បង្ហាញរោគសញ្ញាតែមួយគត់ គឺក្អកខ្លាំងនៅពេលយប់ ក្អករហូតមិនអាចគេងលក់។ អ្នកជំនាញមួយចំនួនហៅរោគសញ្ញាមួយនេះថា “Cough-filled asthma” ជាសញ្ញាជំងឺគ្នាយើងភាគច្រើន តែងមើលរំលង។ ក្នុងករណីនេះ ប៉ាម៉ាក់គួរនាំកូនទៅជួបគ្រូពេទ្យផ្លូវដង្ហើម ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។
សម្រាប់ក្មេងមានអាយុតិចជាង ២ឆ្នាំ យើងគួរតែមានការចាប់អារម្មណ៍ខ្ពស់ពីអាការៈ រោគសញ្ញាជំងឺហឺត បើកូនធ្លាប់ដកដង្ហើមឮសំឡេង យ៉ាងតិចណាស់ ៣ដង ទោះបីជាមិនមានសមាជិកគ្រួសារណាម្នាក់ធ្លាប់កើតហឺតក៏ដោយ ឬមិនមានបញ្ហាអាលែកហ្ស៊ីក្ដី។
៣- ការព្យាបាលបែបសាមញ្ញ
វិធីការពារកូនៗកើតជំងឺហឺត គឺសាមញ្ញ និងងាយស្រួល ដោយគ្រាន់តែព្យាយាមឲ្យកូនគេចចេញពីសារធាតុបង្កឲ្យមានជំងឺហឺតដូចជា៖
– មិនត្រូវឲ្យមានសត្វចិញ្ចឹមនៅក្នុងផ្ទះ (ឆ្កែ ឆ្មា…) និងសម្លាប់សត្វកន្លាតចោលឲ្យអស់។
– មិនត្រូវជក់បារីនៅកន្លែងក្មេងលេង។
– មិនត្រូវឲ្យក្នុងផ្ទះមានធំក្លិនខ្លាំងពេកទេ។
– មិនត្រូវឲ្យកូនប៉ះពាល់ប្រភេទស្រ្ពាយបាញ់ ទឹកអប់ ឬថ្នាំបាញ់សម្លាប់សត្វល្អិតនោះឡើយ។
– មិនត្រូវឲ្យកូនគេហិតផ្សែងក្រអូប ឬផ្សែងធូបឡើយ។
– ក្នុងបន្ទប់ត្រូវមានបង្អួច (បិទ ឬបើក) ដើម្បីឲ្យមានខ្យល់ស្អាតចេញចូល។
– កន្លែងកូនគេង ត្រូវតែសម្អាតឲ្យស្អាត និងមានរបៀបរៀបរយ។ ត្រូវបោកកម្រាលពូក និងភួយជាមួយទឹកក្ដៅ ឲ្យបានញឹកញាប់ ហើយហាលឲ្យស្ងួតក្រោមកម្ដៅថ្ងៃ។ មិនត្រូវឲ្យកូនលេងជាមួយតុក្កតាមានរោម ឬដាក់សត្វនៅកន្លែងគេគេងជាដាច់ខាត។
៤- ត្រូវធ្វើម៉េចបើជំងឺហឺតកូនធ្វើទុក្ខខ្លាំង?
ត្រូវប្រញាប់កំណត់រោគសញ្ញាជំងឺហឺត អាការៈធ្វើទុក្ខ ឲ្យបានលឿន ដូចជា ក្អកខ្លាំង ដកដង្ហើមឮសំឡេង ថប់ក្នុងទ្រូង ពិបាកដកដង្ហើម និងភ្ញាក់ពីដំណេកពេលយប់។ ក្នុងករណីនេះ ត្រូវឲ្យក្មេងហឺតញ៉ាំថ្នាំមានប្រសិទ្ធភាពលឿន (Inhaler)។ ទោះបីជាកូនមិនសូវធ្វើទុក្ខធ្ងន់ ក៏ត្រូវឲ្យគេសម្រាកយ៉ាងតិចបានមួយម៉ោងដែរ។
ចាំបាច់ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីតាមដានទាន់ពេល និងមិនត្រូវបញ្ឈប់ការប្រើថ្នាំដោយខ្លួនឯងទេ ទោះបីជាក្មេងធ្លាប់ប្រើថ្នាំនេះពីមុនមកក្ដី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet