ថៃ៖ រយៈពេលជាង១៥ឆ្នាំហើយ ដែលតារាសម្តែងស្រីសាច់សខ្ចី Grace Kanklao បង្ហាញខ្លួនលើវិថីសិល្បៈ ក្នុងនាមជាតារាសម្តែងប្រចាំឲ្យទូរទស្សន៍ល្បីឈ្មោះប៉ុស្តិ៍លេខ៧ថៃ។ ប៉ុន្តែទោះបីជាជ្រកនៅក្រោមដំបូលធំនេះ ជាយូរឆ្នាំមកហើយក៏ដោយ ទីបំផុត Grace នៅតែសម្រេចចិត្តមិនបន្តកុងត្រា ជាមួយស្ថានីយតទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយកាលពីថ្ងៃទី១៧ ខែកញ្ញាម្សិលមិញ Graceបានបង្ហាញវត្តមាននៅចំពោះមុខអ្នកកាសែត និងបកស្រាយពីរឿងបញ្ចប់កុងត្រាយ៉ាងដូច្នោះថា
« តាមពិតទៅខ្ញុំបានបញ្ចប់កុងត្រាតាំងពីខែសីហាមកម៉្លេះ ដោយមានការនិយាយចរចាជាមួយស្ថានីយ និងបញ្ចប់ទៅដោយរលូន។សម្រាប់មូលហេតុដែលខ្ញុំ មិនបន្តកុងត្រានោះក៏ព្រោះតែ ពេលនេះខ្ញុំចង់សាកល្បងធ្វើការងារថ្មីៗ។ ហើយប្រសិនបើខ្ញុំនៅជាប់កុងត្រាជាមួយស្ថានីយ វាដូចជាជញ្ជាំងមួយដែលបាំងខ្ញុំអញ្ចឹង ចង់ធ្វើនេះក៏មិនបាន ចង់ធ្វើនោះក៏មិនបាន។ ចំណែកឯខ្ញុំវិញមានក្តីស្រម៉ៃច្រើនណាស់ដែលចង់ធ្វើ ខ្ញុំចង់ធ្វើបទចម្រៀង ខ្ញុំចង់ធ្វើពិធីការិនី និងមានរឿងផ្សេងៗជាច្រើនទៀត។ ខ្ញុំដឹងថានឹងមានព័ត៌មានមិនល្អ បន្ទាប់ពីខ្ញុំមិនបន្តកុងត្រា ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះវាជារឿងធម្មតា។ ចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើជាតារាសម្តែងឯករាជ្យ ហើយប្រហែលជាខ្ញុំឈប់ចុះកុងត្រាជាមួយស្ថានីយណាផ្សេងទៀតហើយ»
ជាមួយគ្នានេះ ក្រៅពីបទសម្ភាសន៍ជាមួយអ្នកកាសែត Grace ថែមទាំងបានផុសសំណេរនៅក្នុង គណនីអ៊ីនស្តារក្រាមផ្ទាល់យ៉ាងខ្លួន ដើម្បីអរគុណទៅកាន់អ្នកគ្រប់គ្នាផងដែរថា៖
« អរគុណបងៗអ្នកសារព័ត៌មានទាំងអស់ ដែលបានមកជួបខ្ញុំ។ អរគុណអ្នកគ្រប់គ្នាដែលជាកម្លាំងចិត្ត ហើយសូមរង់ចាំតាមដានការងារថ្មីៗរបស់ខ្ញុំនាពេលអនាគត ក្នុងនាមជាតារាឯករាជ្យផងចុះ។ វាអាចនឹងមិនងាយស្រួលទេ ប៉ុន្តែខ្ញុំនឹងតាំងចិត្តធ្វើឲ្យបានល្អបំផុត ហើយខ្ញុំនឹងមិនឈប់អភិវឌ្ឍន៍ខ្លួនឯងនោះទេ សូមជួយផ្តល់ជាកម្លាំងចិត្តមកដល់ខ្ញុំផង។ សំខាន់បំផុត សូមអរគុណដល់ចាស់ទុំដែលផ្តល់ឱកាសឲ្យខ្ញុំ បានដើរតាមក្តីស្រម៉ៃ បានធ្វើការងារដែលខ្លួនឯងស្រលាញ់ ។ សូមអរគុណ!»
យ៉ាងណាមិញបើងាកមក ស្ទាបស្ទង់ពីអារម្មណ៍របស់អ្នកគាំទ្រវិញ ពួកគេក៏មានការសោកស្តាយដែរ ព្រោះចាប់ពីពេលនេះទៅ នឹងលែងបានឃើញការសម្តែងរបស់ Grace នៅក្នុងប៉ុស្តិ៍លេខ៧តទៅទៀតហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ហ្វេនៗនៅតែគាំទ្រ គ្រប់ការងារថ្មីៗនៅក្នុងវិស័យសិល្បៈរបស់នាងជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម៖





