ស្រីៗកំពុងពពោះដំបូង ច្បាស់ជាមានអារម្មណ៍ល្វើយ ងងុយខ្លាំង ចង់តែគេង។ ធម្មតាដើម្បីគេងឆ្អែត មនុស្សពេញវ័យត្រូវការ ៧-៩ ម៉ោង/ថ្ងៃ ចុះចំណែកយើងកំពុងពពោះ គួរគេងប៉ុន្មានម៉ោង ទើបល្អ? បើអត់ដឹងចាំ “Hello គ្រូពេទ្យ” ប្រាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- គុណប្រយោជន៍ពីការគេងគ្រប់គ្រាន់
គេងជាផ្នែកសំខាន់មួយក្នុងជីវិតរស់នៅ ដើម្បីទទួលបានសុខភាពល្អ។ មានទ្រឹស្ដីផ្សេងៗជាច្រើន បកស្រាយពីអ្វីដែលកើតឡើងក្នុងពេលយើងគេង។ ទ្រឹស្ដីមួយអះអាងថា មនុស្សជាច្រើនទទួលស្គាល់ថា អំឡុងពេលគេង ជាពេលវេលាដ៏ប្រសើរបំផុតសម្រាប់រាងកាយ បានសម្រាក។ ម្យ៉ាងទៀត រាងកាយយើង នឹងប្រើពេលវេលានេះ ជួសជុលកោសិកាខូចខាត និងស្ដារកោសិកាសរសៃប្រសាទក្នុងខួរក្បាលឡើងវិញ។
២- ចំនួនម៉ោងគេងល្អបំផុតសម្រាប់ស្រីៗមានផ្ទៃពោះ
មិនខុសពីមនុស្សពេញវ័យដទៃទៀត ស្រីៗមានផ្ទៃពោះ គួរគេងឲ្យបានចន្លោះពី ៧-៩ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែ ដោយស្រីៗមានផ្ទៃពោះ មានបម្រែបម្រួលច្រើន ពេទ្យតែងណែនាំឲ្យគេងបាន ១០ ម៉ោង បើសិនជាមានអារម្មណ៍ល្វើយខ្លាំង អស់កម្លាំង ឬបញ្ហាណាមួយ។ យ៉ាងណាមិនគួរគេងលើសពី ១០ ម៉ោង ក្នុងមួយថ្ងៃនោះទេ ព្រោះអាចបង្កបញ្ហាមួយចំនួន ពិសេសគឺខ្វះអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល ធ្វើឲ្យខួរក្បាលយើងដើរស្ពឹក និងថែមទាំងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់គភ៌ក្នុងផ្ទៃដូចគ្នា។
៣- បម្រែបម្រួលការគេងរបស់ស្រីៗមានផ្ទៃពោះ
សម្រាប់ស្ត្រីមានផ្ទៃពោះ តម្រូវការគេងនឹងកើនឡើង ប៉ុន្តែបម្រែបម្រួលរាងកាយច្រើន នាំឲ្យពេលខ្លះពិបាកគេងគ្រប់គ្រាន់ ដោយអាស្រ័យទាំងតាមដំណាក់កាលនីមួយៗនៃការពពោះ៖
– ត្រីមាសដំបូង៖ ម៉ាក់ៗអាចមានអារម្មណ៍ងងុយគេងច្រើនជាងធម្មតា ព្រោះកម្រិតអ័រម៉ូនប្រូហ្គេស្ដេរ៉ូន Progesterone កើនឡើងខ្លាំង ដើម្បីជួយទ្រទ្រង់ការលូតលាស់របស់សុក និងបង្កើនសារធាតុចិញ្ចឹមផ្គត់ផ្គង់ការវិវត្តរបស់ទារក។ ប៉ុន្តែពេលពពោះ ក៏ជាពេលពិបាកគេងមែនទែន ព្រោះយើងឧស្សាហ៍ភ្ញាក់ឡើងបត់ជើងតូច ដោយសារគភ៌លូតលាស់សង្កត់លើប្លោកនោម។
– ត្រីមាសទី២៖ ឈានចូលខែទី៤ ការគេងរបស់យើង ចាប់ផ្ដើមប្រសើរឡើងបន្តិច ដោយអាចគេងផ្អៀងមកខាងឆ្វេង និងអាចធ្វើលំហាត់ប្រាណស្រាលៗ (តែចៀសវាងធ្វើពេលជិតចូលគេង)។
– ត្រីមាសទី៣៖ ផ្ទុយពីត្រីមាសទី២ អំឡុងពេលនេះកាន់តែជិតគ្រប់ខែ ម៉ាក់ៗកាន់តែពិបាកគេង ដោយសារពិបាករកគន្លឹះគេងឲ្យស្រួល ព្រោះពោះកាន់តែធំ ទើសមុខទើសក្រោយ។ ម្យ៉ាងទៀត ដូចត្រីមាសទី១ដែរ ម៉ាក់ៗនោមកាន់តែញឹក និងឆ្អល់ចុងដង្ហើមទៀតផង។
៤- វិធីដោះស្រាយបញ្ហាគេងមិនលក់ពេលពពោះ
តាមពិតទៅ ស្រីៗកំពុងពពោះ គួរសម្រាកឲ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសពេលមានអាការៈវិលមុខ និងអស់កម្លាំង បើគេងមិនគ្រប់គ្រាន់ពីយប់ គួរគេងបន្ថែមពេលថ្ងៃចន្លោះពី ៣០-៦០ នាទី (គេងច្រើនក៏មិនល្អដែរ)។ យ៉ាងណា កុំដោយសារពាក្យថា គេងច្រើនពិបាកសម្រាលកូន ធ្វើឲ្យយើងគេងមិនគ្រប់អី ព្រោះអ្វីយើងត្រូវការចាំបាច់នៅពេលនេះ គឺថាមពលអាចជួយទ្រទ្រង់ការលូតលាស់គភ៌ក្នុងផ្ទៃ។
ដើម្បីសម្រួលឲ្យគេងលក់ស្កប់ស្កល់ គួរទម្លាប់ផឹកទឹកតិចៗ ២-៣ ម៉ោង មុនពេលចូលគេង និងមិនគួរគេងបើកភ្លើង ឬបើកទូរទស្សន៍ចោលទេ។ លើសពីនេះ យើងកុំភ្លេចហាត់ប្រាណឲ្យបានជាប់លាប់ផង ដើម្បីកាត់បន្ថយភាពតានតឹង អារម្មណ៍មួម៉ៅ ចៀសវាងញុំាហឹរ ឬអាហារមានជាតិអាស៊ីដ ខ្លាញ់ ឬជាតិកាហ្វេអុីន ជក់បារី ផឹកគ្រឿងស្រវឹងជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet