ក្មេងខ្វះអាហារូបត្ថម្ភ ក្មេងខ្វះជីវជាតិ A និងក្មេងដែលមិនបានចាក់វ៉ាក់សាំងការពារ ងាយនឹងកើតជំងឺកញ្ជ្រឹលបំផុត នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ កញ្ជ្រឹលជាជំងឺឆ្លង បង្កឡើងដោយវីរុស Rubeola ដែលជាវីរុសរស់នៅតាមភ្នាសសើមរបស់ច្រមុះ បំពង់ក ដែលងាយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមខ្យល់ ពេលអ្នកជំងឺក្អក កណ្ដាស់ និងការប៉ះពាល់ទឹករងៃដំបៅរបស់អ្នកជំងឺ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- រោគសញ្ញាជំងឺកញ្ជ្រឹល
– ក្ដៅខ្លួនខ្លាំង
– អស់កម្លាំង
– មិនឃ្លានអាហារ
– ក្អក
– រាករូស
– ហៀរសំបោរ ហៀរទឹកភ្នែក
– ឈឺភ្នែក
– ឈឺសាច់ដុំ
– មានគ្រាប់សៗនៅក្នុងមាត់
– ចេញស្នាមក្រហមលើស្បែក។
២- ផលវិបាកពេលក្មេងកើតកញ្ជ្រឹល
វីរុសកញ្ជ្រឹលធ្វើឲ្យប្រព័ន្ធការពារក្មេងចុះខ្សោយ ជំងឺផ្សេងៗទៀតងាយនឹងជ្រៀតចូល ដូចជារលាក សួត រលាកត្រចៀក រាករូស ខ្វះជាតិទឹក បើធ្ងន់ធ្ងរទៅជារលាកខួរក្បាល (ហើមខួរក្បាល)។
ពេលកូនកើតកញ្ជ្រឹលយើងត្រូវ៖
– បន្តឲ្យកូនម៉ឹមដោះ ឬទឹកដោះគោ
– ឲ្យកូនញ៉ាំអាហារចម្រុះមុខ ពិសេសអាហារ និងបន្លែសម្បូរជាតិទឹក
– ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
– ឲ្យកូនលេបថ្នាំបញ្ចុះកម្តៅ។
៣- វិធីបង្ការជំងឺកញ្ជ្រឹល
វិធីល្អបំផុតដើម្បីបង្ការកូនពីជំងឺកញ្ជ្រឹល គឺនាំកុមារមកចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ដែលតម្រូវឲ្យចាក់ ចំនួន២ដូស្ត ដូស្តលើកទី១ ពេលកូនអាយុបាន ៩-១៨ ខែ និងដូស្តលើកទី២ ពេលកូនអាយុ ១៨-២៣ ខែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet