ថៃ៖ កុមារាជនជាតិថៃម្នាក់ បានធ្វើឲ្យមហាជន ពិសេសអ្នកនិយមលេងបណ្តាញសង្គមជាច្រើន សម្ដែងអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ក្រោយបានដឹងថា ក្មេងប្រុសរូបនេះ បានលួចឈរសម្រក់ទឹកភ្នែក ពេលឃើញមិត្តភក្តិដទៃ បានជួបជុំលេងជាមួយនឹងម្តាយរបស់ពួកគេក្នុងសាលា នាថ្ងៃ «ទិវាមាតា» ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃនោះ គឺជាថ្ងៃបុណ្យម្តាយ ឬ ទិវាមាតា (ថ្ងៃទី១២ សីហា ឆ្នាំ២០១៩ សម្រាប់ក្នុងប្រទេសថៃ) ខណៈដែលខាងសាលារៀន Rumpa School ក្នុងស្រុក Om Noi ក៏បានរៀបចំធ្វើពិធីជួបជុំមួយ រវាងកូនសិស្សនិងមាតារបស់ពួកគេផងដែរ ដើម្បីបង្ហាញពីការស្រលាញ់ និងការដឹងគុណ។ ពោលគឺ អនុញ្ញាតឲ្យមាតាៗរបស់សិស្សៗទាំងអស់ មានពេលវេលាលេងជាមួយនឹងកូនៗរបស់ពួកគេនៅក្នុងសាលាតែម្តង។
ប៉ុន្តែអ្វីដែលគួរឲ្យក្រៀមក្រំនោះ កុមារាម្នាក់បែរជាអស់សង្ឃឹមឈរសម្រក់ទឹកភ្នែក បន្ទាប់ពីគ្មានវត្តមានម្តាយរបស់គេមកចូលរួមនៅក្នុងថ្ងៃដ៏ពិសេសមួយនោះ ដូចជាម្តាយគេដទៃទៀត។ ហើយអ្វីដែលក្មេងប្រុសរូបនេះ អាចធ្វើបាននោះ បានត្រឹមតែនៅឃ្លាតឆ្ងាយពីគេឯង និងលួចមើលមិត្តភក្តិពីចម្ងាយតាមរបងសាលា លាយឡំនឹងទឹកភ្នែកយ៉ាងកំសត់តែប៉ុណ្ណោះ។
ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថតបាន និងបង្ហោះចែកចាយនៅលើបណ្តាញសង្គមនោះ បានបង្ហាញឲ្យឃើញពីទិដ្ឋភាពរបស់កុមារាខាងលើនេះ ស្ថិតក្នុងឈុតឯកសណ្ឋានកូនសិស្ស កំពុងតែឈរតោងរបងសាលាទាំងលួចយំតិចៗ ពេលសម្លឹងមើលទៅកាន់មិត្តភក្តិដទៃ ដែលកំពុងតែមានពេលវេលាជួបជុំ និងលេងជាមួយម្តាយរបស់ពួកគេ យ៉ាងមានក្តីសុខ និងសប្បាយរីករាយ។
យ៉ាងណាមិញ បន្ទាប់ពីបានទស្សនាវីដេអូឃ្លីបនេះរួច ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិរិះគន់ស្តីបន្ទោសទៅលើម្តាយរបស់កុមារារូបនោះ ចំពោះអវត្តមានរបស់គាត់ ដែលហាក់បំផ្លាញទឹកចិត្តកូនជាខ្លាំង។
ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីរឿងរ៉ាវមួយនេះ ត្រូវបានល្បីសុះសាយខ្លាំងនៅលើបណ្តាញសង្គមនោះ ក៏មានប្រភពមួយបានរាយការណ៍ឲ្យដឹងដែរថា តាមការពិតទៅ ម្តាយរបស់ក្មេងប្រុសខាងលើនេះ ក៏បានទៅចូលរួមនៅក្នុងកម្មវិធីនោះ ដែលសាលាបានរៀបចំឡើងផងដែរ។ ប៉ុន្តែគ្រាន់តែថា គាត់បានទៅយឺតជាងមាតាៗរបស់សិស្សដទៃទៀតតែប៉ុណ្ណោះ។ នេះក៏ព្រោះតែគាត់មមាញឹកខ្លាំងនៅក្នុងការរៀបចំអីវ៉ាន់យកទៅលក់នៅឯផ្សារជាមុនសិន។ ហើយម្តាយរបស់កុមារារូបនេះ ក៏មានក្តីព្រួយបារម្ភផងដែរ ព្រោះតែខ្លាចពុំមានពេលគ្រប់គ្រាន់។
គួរឲ្យដឹងផងដែរថា បើទោះបីជាបែបនេះក្តី វីដេអូឃ្លីបមួយនេះ ក៏បានជួយដាស់អារម្មណ៍ស្មារតីដល់អាណាព្យាបាលជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស គួរណាស់ត្រូវតែឆ្លៀតពេលវេលាចូលរួមជាមួយនឹងសកម្មភាព ឬកម្មវិធីនានារបស់សាលា ដើម្បីជាការបង្ហាញពីកម្លាំងចិត្ត ទំហំនៃការស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះកូនៗផងដែរ។
ជាការពិតណាស់ ព្រោះថាអារម្មណ៍នៅពេលដែលអវត្តមានអាណាព្យាបាលរបស់ខ្លួន ហើយឃើញតែអាណាព្យាបាលរបស់គេ បានមកជួបជុំលេងសប្បាយនឹងកូនៗរបស់គេនោះ វាគឺពិតជាក្តុកក្តួលសឹងតែរកពាក្យអ្វីថ្លែងពុំចេញនោះឡើយ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ទស្សនាវីដេអូខាងក្រោម៖