ពេលទារកយំស្រែក រឿងដំបូងដែលប៉ាម៉ាក់ពិនិត្យរកមើលមុនគេ គឺត្រចៀក ព្រោះខ្លាចមានសត្វល្អិតអ្វីចូល។ ដូចនេះបើពិនិត្យឃើញមានសត្វចូលត្រចៀកពិតមែន គួរតែធ្វើដូចការណែនាំខាងក្រោម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិត ហម សីលា ឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដំបូន្មានថា គួរតែរកវិធីយកចេញភ្លាមៗទាំងដោយខ្លួនឯង ឬទៅជួបគ្រូពេទ្យ។ លោកបន្តទៀតថា ប្រសិនបើមានសត្វចូលត្រចៀកកូនតូច គួរតែនាំកូនទៅមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យយកវាចេញតាមបែបបច្ចេកទេស។
ប៉ុន្តែបើមិននាំកូនមកពេទ្យទេ អ្នកអាចយកសឺរ៉ាំងបូមសេរ៉ូមប្រៃឲ្យពេញ ហើយបាញ់ចូលទៅក្នុងត្រចៀកខាងមានសត្វល្អិតចូល នោះសត្វល្អិតនឹងផុសចេញមកក្រៅ ហើយចាំផ្អៀងឲ្យទឹកហូរចេញ។ មួយវិញទៀតប្រសិនបើគ្មានសេរ៉ូមប្រៃទេ យើងអាចប្រើទឹកស្អាត ដាក់ចូលក្នុងត្រចៀក ដើម្បីឲ្យសត្វផុសឡើងមកក៏បាន។
សម្រាប់ពេទ្យវិញ មានវិធី ២ ដើម្បីយកសត្វចេញពីក្នុងត្រចៀក ទី១ គឺប្រើឧបករណ៍បាញ់ឲ្យសត្វនោះចេញមកក្រៅ ហើយទី២ វិញគឺប្រើឧបករណ៍បូមយកមកតែម្ដង។ វិធីទាំងនេះប្រើចំពោះកូនក្មេង និងមនុស្សធំបានដូចគ្នា។
វិធីចាក់ទឹកក្នុងត្រចៀក មិនត្រឹមតែអាចយកសត្វល្អិតដែលចូលទៅសំងំខាំខាងក្នុងនោះបានទេ ចំពោះអ្នកមានបញ្ហាទឹកចូលត្រចៀកវិញ ក៏អាចប្រើវិធីនេះបានដូចគ្នា ហើយមានប្រសិទ្ធភាពទៀតផង។ រឿងត្រូវដឹង ពេលមានសត្វចូលត្រចៀក មិនគួររកអ្វីមកត្បារឡើយ ព្រោះវាកាន់តែធ្វើឲ្យសត្វនោះកាន់តែធ្លាក់ចូលកាន់តែជ្រៅ សត្វខាំ ឬសត្វនោះដាច់ដោច បាក់ដៃជើង ចូលក្នុងត្រចៀក នាំឲ្យនៅឈឺត្រចៀក ពេលខ្លះទៅជាដំបៅត្រចៀក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet