ឥណ្ឌា៖ នេះគឺជារឿងហេតុដ៏ចម្លែកដំបូងគេបង្អស់ក្នុងពិភពលោកដែលកើតឡើងក្នុងប្រទេសឥណ្ឌា ទាក់ទិនទៅនឹងក្មេងប្រុសម្នាក់ ត្រូវបានគ្រូពេទ្យរកឃើញ គ្រាប់ធ្មេញតូចៗជាច្រើន កប់នៅក្នុងថ្គាមរបស់គេ បន្ទាប់ពីគេចេះតែត្អូញត្អែរថាឈឺថ្គាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពបានឱ្យដឹងថា ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងឈិនណៃកាលពីខែមុន បន្ទាប់ពីការឆ្លុះកាំរស្មីអ៊ិច (X-Ray) រកឃើញថា រូបគេមានគ្រាប់ធ្មេញតូចៗជាច្រើនកប់នៅក្នុងថ្គាម។
អ្នកគ្រូពេទ្យ Prathiba Ramani បាននិយាយថា បើទោះបីជាការវះកាត់យកគ្រាប់ធ្មេញតូចៗចេញពីថ្គាមនេះបានកើតឡើងកាលពីខែមុនក្តី ក៏ពួកគេត្រូវការពេលវេលាដើម្បីពិនិត្យបន្ថែម និងបញ្ជាក់ពីអ្វីដែលពួកគេបានរកឃើញ។
អ្នកគ្រូពេទ្យ បានបន្តរៀបរាប់ទៀតថា ក្រុមការងាររបស់គាត់បានចំណាយពេលជាង ៥ម៉ោងទើបអាចយកគ្រាប់ធ្មេញតូចៗទាំងនោះចេញអស់ពីថ្គាម។
«ជាក់ស្តែង ពួកយើងបានយកគ្រាប់ធ្មេញតូចបាន ៥២៦គ្រាប់ចេញថ្គាមរបស់គេ ហើយធ្មេញតូចៗទាំងនោះមានចាប់ពីទំហំ ០.១មីលីម៉ែត្រ ទៅ ១៥មីលីម៉ែត្រ។» (សម្តីអ្នកគ្រូពេទ្យ Prathiba Ramani)
អ្នកគ្រូពេទ្យបាននិយាយទៀតថា នេះគឺជាលើកទីមួយហើយដែលគាត់បានជួបប្រទះករណីនេះ ហើយមូលហេតុដែលមានធ្មេញតូចៗកប់ក្នុងថ្គាមបែបនេះ អាចមកពីហ្សែន ឬបរិយាសកាសដែលក្មេងនេះរស់នៅ រួមទាំងចំណីអាហារដែលគេហូបជាដើម។
យ៉ាងណាមិញរឿងរ៉ាវមួយនេះបានល្បីពេញបណ្តាញសង្គមឥណ្ឌា ហើយមនុស្សម្នាសុទ្ធសឹងតែមានការភ្ញាក់ផ្អើលខ្លាំង៕
ទស្សនារូបភាពនិងវីដេអូខាងក្រោម៖





