ឯកឧត្តម ស សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានកោតសរសើរជូនចំពោះកម្លាំងចម្រុះក្រោមឱបាទ ដែលបានបើកប្រតិបត្តិការកៀងចាប់ហ្វូងសត្វទន្សោង ដែលបានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់ចំនុចដែលមានការគម្រាមកំហែងពីការបរបាញ់របស់ពួកជនខិលខូច ដើម្បីយកទៅរក្សាទុក និងអភិរក្សនៅកន្លែងដែលមានសុវត្ថិភាពវិញ ប្រកបដោយជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ក្នុងលទ្ធផលនៃកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ (១៣-១៥ ឧសភា ២០២៥) ក្រុមការងារគៀងចាប់បានសត្វទន្សោងចំនួន ១៦ក្បាល ក្នុងនោះសត្វទន្សោងញីមានចំនួន ១១ក្បាល"។
សូមបញ្ជាក់ថា ទន្សោង មានវត្តមាននៅតាមតំបន់ព្រៃ ក្នុងភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេសកម្ពុជា ដោយរស់នៅជាហ្វូង អាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅតំបន់ព្រៃរបោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមានស្មៅ ស្បូវ ព្រេច ឬស្សី ឈ្នះ រុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាបជាដើម។
ទន្សោងមានមាឌ រូបរាង និងក្រចកជើងចំពាម ដូចគោស្រុកដែរ តែខុសត្រង់ វាអត់មានបូកលើខ្នង និងបួរកធ្លាក់ចុះក្រោមដូចគោស្រុកទេ ទន្សោងមានសម្បុរក្រហមត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬ ក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ស ដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌ស នៅផ្នែកក្រោយត្រង់កំពែងគូទ រីឯស្នែងវាមានរាងមូលជាងស្នែងខ្ទីង ពណ៌លឿងចាស់ភ្លឺរលោង ចាប់ពីពាក់កណ្តាលស្នែងចុះក្រោម និងចុងស្នែងមានពណ៌ខ្មៅ៕ ផ្សាយ៖ កន ចំណាន
ប្រភព៖ ក្រសួងព័ត៌មាន


