ក្រោយសម្រាលកូនរួច គ្រូពេទ្យបានលើកទឹកចិត្តឲ្យម៉ាក់ៗបំបៅកូនដោយទឹកដោះម្តាយភ្លាម ទោះគ្មាន ឬក៏ចេញតិចៗក៏ដោយ រួចបន្តបំបៅដោះកូនតែមួយមុខគត់រហូតដល់អាយុ ៦ ខែ។ ទារកម៉ឹមទឹកដោះម្តាយពេលកើតភ្លាម រហូតដល់អាយុ ៦ ខែ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល រួមនឹងអង្គការដៃគូពាក់ព័ន្ធជាច្រើនស្តីអំពី ការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៩ បានបញ្ជាក់ពីភស្តុតាងវិទ្យាសាស្ត្រថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលអាចទប់ស្កាត់ការស្លាប់របស់ទារកបានប្រហែល២០%។
កុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ ខែ ដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ ដង និងជំងឺរលាកសួតបាន ១៥ ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានបំបៅកូនដោយទឹកដោះម្តាយ។ ចំពោះទិន្នន័យជាសាកលវិញ ការបំបៅកូនដោយទឹកដោះម្តាយអាចបង្ការការស្លាប់របស់កុមារទូទាំងពិភពលោកជាង ៨ សែននាក់ជារៀងរាល់ឆ្នាំ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ទឹកដោះម្តាយល្អឥតខ្ចោះសម្រាប់ទារក មានសុវត្ថិភាព និងមានបរិមាណគ្រប់គ្រាន់សម្រាប់ទារក វាជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹម វីតាមីន ជួយដល់ការលូតលាស់របស់ក្មេង និងការពារកូនតូចពីជំងឺផ្សេងៗ។ ចំពោះកុមារដែលមិនបានម៉ឹមទឹកដោះម្តាយ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល សតិបញ្ញាស្មារតី និងមានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយ។
អ្វីដែលគួរឲ្យសោកស្តាយនោះ កុមារដែលមិនបានម៉ឹមទឹកដោះម្តាយបាត់បង់ភាពវៃឆ្លាត ដែលយើងចំណាំតែហៅថា IQ នោះ ចំនួន ២,៦ ពិន្ទុ បើប្រៀបធៀបនឹងកុមារទទួលបានការបំបៅកូនដោយទឹកដោះម្តាយពេញលេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ទារកម៉ឹមទឹកដោះម្តាយពេលកើតភ្លាម ដល់៦ខែ នឹងបានប្រយោជន៍អស្ចារ្យទាំងនេះ!
នារី
៣១-កក្កដា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន