ភ្នំពេញ ៖ មានការ ភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង ០៩:៣០នាទី ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោយពេលដែល សពជនជាតិសឹង្ហបុរីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ នៃសណ្ឋាគារ Le Royal នៅក្នុងបន្ទប់លេខ២៨៩ ជាន់ទី១ មានទី តាំងស្ថិតនៅ ផ្លូវលេខ៩៣កែង៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

មន្រ្តីនគរបាល ប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ peak asam Anthony Luke  អាយុ៣២ឆ្នាំ ជនជាតិ សឹង្ហបុរី មុខរបរពាណិជ្ជករ ហើយមកស្នាក់នៅ ក្នុងសណ្ឋាគារ Le Royal កាន់លិខិត ឆ្លងដែនលេខ E3599356f ដោយបានចូល ស្នាក់ នៅកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤។

មន្រ្តីនគរបាល បានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភ័ក្ដិបានមកជួលបន្ទប់នៅ ក្នុងសណ្ឋាគារ Le Royal ដើម្បី ស្នាក់នៅ ដោយជួលបន្ទប់ក្បែរគ្នា លុះដល់ថ្ងៃកើតហេតុ ដោយមិនឃើញ ជនរងគ្រោះចេញមកក្រៅ មិត្តភ័ក្តិជនរងគ្រោះ បានមកគោះ ទ្វារបន្ទប់ ហៅតែមិនមានការឆ្លើយតប ។

ពេលនោះមិត្តភ័ក្តិជនរងគ្រោះ បានរត់ទៅប្រាប់អ្នកទទួលភ្ញៀវ របស់សណ្ឋាគារ ឲ្យយកកូនសោទៅចាក់ បើកទ្វារ បន្ទប់ចូលទៅមើល ស្រាប់តែឃើញមិត្តភ័ក្តិរបស់ខ្លួន ដេកស្លាប់ផ្កាប់មុខបាត់ទៅហើយ ទើបរាយការណ៍ ទៅសមត្ថកិច្ចបង្កើតគណៈកម្មការ ចំរុះចុះពិនិត្យធ្វើ កោសល្យវិច័យ ដោយគ្រូពេទ្យ ជំនាញបានសម្រេច បូមទឹកនោមយកទៅវិភាគ ដើម្បីរង់ចាំបញ្ជាក់ថា ជនរងគ្រោះរូប នោះគាត់ដេក ស្លាប់ដោយបញ្ហាអ្វី ។

តែជំហានដំបូង សមត្ថកិច្ចជំនាញ និងគណៈកម្មការចំរុះ បានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ដោយសារគាំង បេះដូង។ បច្ចុប្បន្ន សពត្រូវបានបញ្ជូនយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរក ក្រុមគ្រួសារ មកទទួលទៅធ្វើបុណ្យតាមប្រពៃណីរបស់គេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]