ខេត្តសៀមរាប ៖ សង្ឃកំហូច២អង្គ ព្រមទាំងគូកន មានស្រីប្រុស នាំគ្នាផឹកស៊ីក្លែមស្រីស្នេហ៍ ក្នុងកុដ្ឋវត្តពោធិលង្កា កណ្តាលក្រុងសៀមរាប ទាំងកណ្តាលយប់ យ៉ាងសប្បាយរីករាយ ត្រូវសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីសង្ឃ ធ្វើការចាប់សឹក ទាំងយប់ភ្លាមៗ ព្រមទាំងបញ្ជូន ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍ សង្កាត់ស្លក្រាមចាត់ ការតាមផ្លូវច្បាប់ ។

ហេតុការណ៍គួរឲ្យ ភ្ញាក់ផ្អើលទាំងយប់ ដល់ព្រះសង្ឃ និង ឧបាសក ឧបាសិកា ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត ពោធិលង្កានេះ ធ្វើឡើងនៅ វេលាម៉ោង១២ រំលងអធ្រាត្រ ថ្ងៃទី១៨ ខែកញ្ញា ស្ថិតនៅបរិវេណ វត្តពោធិលង្កា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមប្រភព ពីសមត្ថកិច្ច បានឲ្យដឹងថា សង្ឃកំហូច ទាំង២អង្គនេះ ត្រូវបានប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ ចំណុះជើងវត្ត បានរាយការណ៍ ប្រាប់សមត្ថកិច្ច ជាយូរយាណាស់មកហើយ ទើបតែ ពេលនេះ សមត្ថកិច្ចបានតាមដាន យ៉ាងល្អិតល្អន់ ហើយធ្វើការ ក្របួចបាន ជនកំហូច មានប្រុសមានស្រី ទាំងនោះ បានដោយជោគ ជ័យ ខណៈពេលពួកគេ កំពុងតែនាំគ្នា ផឹកស្រាបៀរ ក្លែម ស្រីសេ្នហ៍ យ៉ាងសប្បាយ រីករាយនៅក្នុងកុដ្ឋ ។

សមត្ថកិច្ចបានបន្តថា សង្ឃកំហូច ទាំង២អង្គនេះ មានទី១. ឈ្មោះ  ពេជ្រ ដេវិត  អាយុ៣៥ព្រះវស្សា បួសរៀន នៅស្រុកជីក្រែង មកសុំស្នាក់ នៅវត្តពោធិលង្កា អស់រយៈពេល  ជិត២វស្សាមកហើយ ។ ទី២.ឈ្មោះ សំបូរ អាយុជាង២០ព្រះវស្សា ចូលមកស្នាក់នៅ ក្នុងវត្តនេះ ពុំមានការអនុញ្ញាត ពីចៅអធិការវត្តទេ ។

ចំណែកព្រះគ្រូ ចៅអធិការ វត្តពោធិលង្កា ព្រះនាម កែវ ខូយ បានមានសង្ឃដីកាថា សង្ឃទាំង២អង្គនេះ មិនមែនជាសង្ឃ នៅក្នុងវត្តនេះទេ គ្រាន់តែមកសុំស្នាក់ អាស្រ័យប៉ុណ្ណោះ ដូច្នេះរាល់ទង្វើ ខុសឆ្គង របស់សង្ឃទាំង២អង្គនេះ ព្រះអង្គមិនបានដឹងទេ ។

ព្រះគ្រូចៅអធិកា បន្តទៀតថា កន្លងទៅព្រះអង្គ បានធ្វើការណែនាំ ជាច្រើនដងមកហើយ ប៉ុន្តែពួកគេ រឹតតែផ្គើនឲ្យអាត្មាឡើង ធ្វើឲ្យពុទ្ធបរិស័ទ ដែលមាន ជំនឿលើព្រះពុទ្ធសាសនា មានការខឹងសម្បាយ៉ាងខ្លាំង ចំណែកព្រះអង្គ ក៏មិនអាចហាមឃាត់ ពួកគេបានទេ មិនតែប៉ុណ្ណោះ ពួកគេកាន់តែ ធ្វើឲ្យមានកំហុសឆ្គង ធំធេងឡើង រហូតឈានដល់ សមត្ថកិច្ចចូលមក ចាប់ក្នុងវត្តតែម្តង។

ប្រសិនបើមានព្រះសង្ឃ ធ្វើខុសឆ្គងយ៉ាងដូច្នេះ ពិតជាធ្វើឲ្យប៉ះពាល់ ដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ហើយមានអ្នកផង ទាំងពួង គោរពប្រត្តិបត្តិ គ្រប់ៗគ្នាយ៉ាងខ្ចាប់ខ្ជួន ព្រមទាំងមានទោស យ៉ាងធ្ងន់ធ្ងរ ។

ប្រភពបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ច ចូលទៅឆែកឆេរ ក្នុងកុដ្ឋនោះ ត្រូវបានគេប្រទះឃើញ មានស្រោមអនាម័យប្រើរួច និង មិនទាន់ប្រើមួយចំនួន ព្រមទាំងមាន ដាវសាំមូរ៉ៃ និងឧបករណ៍ សម្រាប់ជក់ថ្នាំ មួយចំនួនផងដែរ។

ជាមួយករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ បង្ហើបប្រាប់លម្អិត ដល់អ្នកយកព័ត៌មាន កោះសន្តិភាព ពីលទ្ធផលនៃការ ចុះបង្ក្រាបនេះ យ៉ាងណានោះទេ ដោយឆ្លើយយ៉ាងខ្លីថា <<ខ្លាចប៉ះពាល់ ដល់វិស័យព្រះពុទ្ធសាសនា ហើយបន្តទៀតថា វាជារឿងធម្មតានោះទេ មិនបាច់ ផ្សព្វផ្សាយអីនោះទេ>> ហើយបច្ចុប្បន្ននេះ ជនកំហូចទាំង២នាក់ ខាងលើ ទំនងជាកំពុងដើរលេង យ៉ាងរំភើយ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]