អបអរសាទរ! កម្ពុជាទទួលបានទេសចរផ្ទៃក្នុង ជាង១០ម៉ឺននាក់ កើនជាងសប្ដាហ៍មុន ២៩%

//s9.kh1.co/84/84380b21178572b43e9ccb408c0b9ff64155e7dc.jpg
សង្គម

 ២៧-កញ្ញា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

​ចុងសប្ដាហ៍ទី៤ខែកញ្ញា កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០ម៉ឺននាក់ ពោលគឺមានចំនួនច្រើនជាងមុនរហូតដល់២៩ភាគរយ​ ប្រសិនជាប្រៀបជាមួយនឹងពេលកន្លង។

ភ្នំពេញ៖ នាខណៈពេល​ចុងសប្ដាហ៍ទី៤ខែកញ្ញា កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០ម៉ឺននាក់ កើនជាងសប្ដាហ៍មុន ២៩%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី២៧កញ្ញា ២០២១ក្រសួងទេសចរណ៍បានអោយដឹងថា រយៈពេល៣ថ្ងៃ គឺថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ ភ្ញៀវទេសចរផ្ទៃក្នុងបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១០២,០៦៣ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០០,៥១២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៥៥១ នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

 រាជធានីភ្នំពេញ៖ ៣២,៧៩៣ នាក់

 ខេត្តកំពត៖ ២៤,៣២៩ នាក់

 ខេត្តព្រះសីហនុ៖ ៨,១៩៨ នាក់

 ខេត្តកែប៖ ៦,៧៥០ នាក់

 ខេត្តកំពង់ស្ពឺ៖ ៥,៦០៧ នាក់

 ខេត្តតាកែវ៖ ៤,៥៩៨ នាក់

 ខេត្តមណ្ឌលគិរី៖ ៤,២៦២ នាក់

 ខេត្តពោធិ៍សាត់៖ ៣,៦៣១ នាក់។

ក្រៅពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា តួលេខនេះបន្តកើនឡើងប្រមាណ ២៩.១៦% ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តកំពត និងគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ជាគោលដៅពេញនិយមសម្រាប់ការដើរកម្សាន្តនាសប្តាហ៍កន្លងមក លើកលែងតែតំបន់សៀមរាបអង្គរ ដែលកំពុងមានការបិទខ្ទប់។

​បន្ថែមពីនេះទៀត​ ឯកឧត្ដមបានបន្តថា តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានរៀបចំជាចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ដើម្បីប្រគេនជូនព្រះសង្ឃនៅតាមបណ្តាវត្តទៅតាមប្រពៃណីកាន់ដោយរៀបចំព្រះសង្ឃ និងគណៈកម្មការវត្ត ចាំទទួលចង្ហាន់នៅត្រឹមខ្លោងទ្វារចូលវត្ត។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានបន្តដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាជាមួយម្ហូបអាហារដែលបានរៀបចំទុកជាស្រេច ដោយចុងសប្តាហ៍នេះ។

ចំណែកនៅតាមគោលដៅទេសចរណ៍នានា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចូលរួមអនុវត្តកាន់តែសកម្មនូវវិធានការ «៣កុំ និង ៣ការពារ» ពិសេសបានពាក់ម៉ាស់ជាប្រចាំ និងការជ្រើសរើសដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ សហគមន៍ និងអេកូទេសចរណ៍។

យ៉ាងណាមិញ រដ្ឋបាលគ្រប់ថ្នាក់មន្ទីរទេសចរណ៍រាជធានីខេត្ត សហការជាមួយមន្ទីរពាក់ព័ន្ធបានសហការគ្នាចុះជំរុញការអនុវត្តវិធាន ៣ការពារ ៣កុំ សុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដោយរៀបចំឲ្យមានក្រុមការងារចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន៕រូ

សូមចូលទស្សនារូបភាពខាងក្រោម៖

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T