អបអរសាទ! រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រៀមលក្ខណៈបើកការហោះហើរឡើងវិញ

//s9.kh1.co/c9/c9a06081343fdd12341f589d7b44ea011822f43a.jpg
សង្គម

 ២២-កញ្ញា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

ក្រសួងទេសចរណ៍ណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រៀមលក្ខណៈបើកការហោះហើរឡើងវិញហើយ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព។

ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រៀមលក្ខណៈបើកការហោះហើរឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ត្រៀមប្រកាសបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខដែរ ប៉ុន្តែស្របតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»

ចំពោះក្ដីសង្ឃឹមថ្មីខាងលើនេះ ត្រូវបានបង្ហាញឡើងក្នុងឱកាសដែល រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានលើកឡើងថា

«រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព»

ឯកឧត្ដម ថោង ខុន 

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហើបម្ដងរួចមកហើយដែរ អំពីការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនេះ។

ឯកឧត្ដមបានបញ្ជាក់ទៀតថា តាមគម្រោងដូចដែលសម្តេចតេជោបានមានប្រសាសន៍ គឺចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ដែលគ្មានការរាតត្បាតពីជំងឺកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគាំទ្រឱ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រៀមលក្ខណៈឱ្យបានស្រេចបាច់ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរពីអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាឡើងវិញ។

ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។

ឯកឧត្ដមថា ក្រសួងទេសចរណ៍បានរៀបចំឯកសារផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ រួចហើយៗ ថែមទាំងបានដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងអនុម័តផងដែរ។

អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline លោក គូ ថេអូ (Koo Taeoh) បានឱ្យដឹងថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីបំណងចង់បើកទេសចរណ៍សុវត្ថិភាពឡើងវិញនៅកម្ពុជា អគ្គនាយករបស់ក្រុមហ៊ុនលោកបានរួសរាន់ត្រលប់ទៅសាធារណរដ្ឋកូរ៉េភ្លាម ដើម្បីធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍នៅប្រទេសកូរ៉េ ក៏ដូចជាប្រទេសចិន លើការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជា ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកវិស័យទេសចរណ៍ជាផ្លូវការនាពេលខាងមុខនោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline
  ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline
  ឯកឧត្ដម ថោង ខុន
  ឯកឧត្ដម ថោង ខុន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T