ចង់ទៅឃើញ ទេសភាពស្អាតៗផ្ទាល់ភ្នែក នៅភ្នំខ្នងផ្សារ បើមិនចង់វេទនាខ្លួន មកដឹងតិចនិចនេះ

//s9.kh1.co/9d/9dc4ec251308e37013acb0685d1fd6f69d75b853.jpg
អាហារ និង ដើរលេង

 ០២-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ជឿជាក់ថា អ្នកណាៗក៏ចង់ទៅលេងខ្នងផ្សារដែរព្រោះពេលឃើញទីនោះស្អាត និងគួរឲ្យចាប់អារម្មណ៍។ តែការធ្វើដំណើរទៅលើភ្នំនេះ វាមិនមែនទៅបានដោយងាយនោះទេ គឺត្រូវជួបការលំបាកច្រើនបើយើងត្រៀមខ្លួនមិនបានត្រឹមត្រូវ។

កម្សាន្ត៖ តំបន់កម្សាន្ត «ភ្នំខ្នងផ្សារ» មានទីតាំងភូមិសាស្រ្តស្ថិតនៅប្រសព្វមុំជាមួយនឹងខេត្តចំនួន ៣ ដែលមានខេត្ត កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់។ ហើយចាប់តាំងពីត្រូវបានគេស្រាវជ្រាវរកឃើញថ្មីៗរហូតមកដល់ពេលនេះ គឺនៅតែមានភ្ញៀវទេសចរនិងអ្នកចូលចិត្តដើរផ្សងព្រេង ទៅលេងកម្សាន្តច្រើនមិនចេះដាច់។ ដោយសារតែទីនេះ មានបរិយាកាសស្ងប់ស្ងាត់ ទេសភាពស្អាតត្រជាក់ភ្នែក ងាកទៅណាក៏ឃើញស្អាតមិនទាស់ភ្នែកនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ ត្បិតតែថានៅលើកំពូលភ្នំខ្នងផ្សារនេះមានកន្លែងស្អាតៗដែលគ្រប់គ្នាប្រាថ្នាចង់ទៅច្រើនពិតមែន ប៉ុន្តែបើងាកមកការធ្វើដំណើរឡើងភ្នំនេះវិញ យើងឃើញថាវាក៏មិនមែនជារឿងងាយនោះដែរ។ ដែលក្នុងនោះទម្រាំតែយើងអាចឡើងដល់កំពូលភ្នំ អ្នកដំណើរគ្រប់រូប ត្រូវជួបការលំបាក និងឧបសគ្គជាច្រើននៅតាមផ្លូវ។

ក្នុងនោះទៀតសោត ប្រសិនបើយើងមិនបានមានការត្រៀមទុកនូវការរៀបចំខ្លួនបានល្អគ្រប់ជ្រុងជ្រោយនោះទេ ក៏ជាផលវិបាកដល់ការធ្វើដំណើរផងដែរ។ ដូច្នេះថ្ងៃនេះ លំហែ នឹងមកចែករំលែកបទពិសោធន៍ និងប្រាប់ពីគន្លិះខ្លះៗ ដែលគួរត្រៀមខ្លួនឲ្យបានល្អមុនពេលចេញដំណើរទៅលេងភ្នំខ្នងផ្សារ៕

១.ការរៀបចំខ្លួន 

គួរស្លៀកពាក់ខោអាវជើងវែងដៃវែងដែលមានសាច់ក្រណាត់ទន់ៗ ល្ហើយៗឆាប់ស្ងួតញើសជាការល្អ។ គួរមានស្រោមដៃ មួក និងពាក់ស្បែកជើងកវែងបិទជិតដែលមានបាតក្រឡាក្រាស់ៗ ងាយស្រួលការពារពេលមានដីសើមកុំឲ្យរអិល។ ចំពោះសាកាដូ ឬកាបូបស្ពាយ បើអាចគួរកុំផ្ទុកអីវ៉ាន់ឲ្យមានទម្ងន់ធ្ងន់ពេកអី។ គួរដាក់សម្លៀកបំពាក់មួយកំផ្លេឬពីរកំផ្លេបានហើយ រួមទាំងរបស់របរផ្សេងៗទៀតបើមិនចាំបាច់កុំយកទៅច្រើនពេក។ និយាយជារួមសាកាដូកាន់តែស្រាលគឺកាន់តែល្អ។

រូបតំណាង
រូបតំណាង

២.សម្ភារការពារខ្លួន និងរបស់របរចាំបាច់មួយចំនួន

 អីដែលមិនអាចខ្វះបានគឺ តង់សម្រាប់គេង ព្រមទាំងតង់កៅស៊ូសម្រាប់គ្របពីលើការពារទឹកភ្លៀង ឬមានជាអង្រឹងដែលមានមុងក៏បាន។ ចំពោះសម្ភារផ្សេងទៀតដូចជា ពិល ប្រអប់ដាក់បាយ ដបទឹក ក្រដាសអនាម័យ វាក៏សំខាន់ដែរ។ អីដែលចំបាច់បំផុតទៀតនោះ យើងត្រូវតែមានមិនអាចខ្វះបានគឺ សម្ភារសង្រ្គោះបឋម ប្រេងកូឡា ឬប្រេងសម្រាប់លាបកម្ដៅសាច់ដុំមុនដើរ និងក្រោយដើរ ឬប្រេងលាបបំបាត់រមួលក្រពើជាដើម។ មួយវិញទៀត ក៏ត្រូវត្រៀមម្ស៉ៅផេសាត់ផងដែរ ដើម្បីចាក់លាបលើជើងការពារសត្វទាក (សត្វម្យ៉ាងមានរាងដូចទៅនឹងសត្វឈ្លើងដែរ)។

រូបតំណាង
រូបតំណាង

៣.អាហារហូបចុក

គួរយកសាច់ក្រៀមដូចជាសាច់ប្រឡាក់ ឬត្រីងៀតជាដើម ព្រោះវាស្រាលងាយស្រួលទុកដាក់។ ក្រៅពីនេះ ក៏ត្រូវមាន អាហារកំប៉ុង មីកំប៉ុង ត្រីខ ឬអាហារសម្រន់តាមចំណង់ចំណូលចិត្ត តែត្រូវចាំថាកុំយកទៅច្រើនពេកលើសពីកម្លាំងខ្លួនឯងអី បើអាចដាក់ទៅម៉ាល្មមបានហើយ។ ចំពោះទឹក គួរកាន់ត្រឹម ៣លីត្រ ឬស្មើនឹងពីរដបក្នុងម្នាក់បានហើយ ព្រោះនៅលើភ្នំនោះក៏មានប្រភពទឹកស្រាប់ផងដែរ តែទឹកនោះ គួរមានឧបករណ៍ច្រោះ ឬដាំសិនទើបអាចញ៉ាំបាន។

https://s9.kh1.co/__image/w=650,h=488,q=100/63/635a8cc5e18f3ad09a5ce5567ca904bbd3c3f3bd.png

៣.មធ្យោបាយធ្វើដំណើរ

មុននឹងបានឡើងភ្នំ ពេលយើងចេញពីភ្នំពេញមកតាមផ្លូវជាតិលេខ៤ រួចបត់ចូលផ្លូវជាតិលេខ៤៤ ទៅត្រង់ ឆ្ពោះទៅកាន់រង្វង់មូលឱរ៉ាល់ប្រមាណជា ៥០គីឡូ។ រួចទៅត្រង់ទៀតតាមផ្លូវលំប្រហែលជា ៣៥គីឡូទៀត ដោយជិះកាត់ រមណីយដ្ឋានតេទឹកពុះផងដែរ។ ក្រោយមកទៀតគឺយើងត្រូវឈានចូលទៅកាន់ទីស្នាក់ការឧទ្យានជាតិ នៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជាមុនសិន ដើម្បីបំពេញឈ្មោះអ្នកឡើងភ្នំរួចរាល់ទើបអាចបន្តទៅសហគមន៍និងធ្វើដំណើរបន្តដោយជិះគោយន្តទៅជើងភ្នំតែម្ដង។ ចំពោះគោយន្តយើងគួរខលកក់ពួកគាត់មុន ដើម្បីកុំឲ្យខកជើង ព្រោះទម្រាំតែយើងមកដល់ទើបចង់រកក៏មិនមែនងាយស្រួលដែរ។ ចំពោះតម្លៃគោយន្តទាំងទៅទាំងមកត្រឹមតែ ១២ម៉ឺនរៀល អាចជិះបានគ្នា១០ ទៅ១៥នាក់។ បទពិសោធន៍ Admin គឺបានទៅជួបជាមួយពូគោយន្តម្នាក់ (ភ្លេចឈ្មោះ) តែអាចទាក់ទងគាត់តាមលេខទូរស័ព្ទនេះបាន៖ ០៩៦ ៨៤៤ ៦៨៩ ២។ មួយវិញទៀតក៏គួរកក់អ្នកនាំផ្លូវ (Guide) ផងដែរ ងាយស្រួលពួកគាត់ជួយកាន់អីវ៉ាន់យើងឡើងភ្នំនិងជួយដាំបាយធ្វើម្ហូបឲ្យយើងបាន។ ចំពោះតម្លៃក្នុងមួយយប់ ៨ម៉ឺនរៀល។ 

ទីស្នាក់ការដែលយើងត្រូវឈានចូល
ទីស្នាក់ការដែលយើងត្រូវឈានចូល
តារាងបំពេញឈ្មោះនៅទីស្នាក់ការ
តារាងបំពេញឈ្មោះនៅទីស្នាក់ការ
រូបភាពនៃការធ្វើដំណើរ
រូបភាពនៃការធ្វើដំណើរ

៤.ទិចនិចខ្លះៗនៃការដើរឡើងចុះភ្នំ

ពេលយើងចាប់ផ្ដើមធ្វើដំណើរ គឺត្រូវមានឈើច្រត់កាត់នឹងដៃមួយដើម្បីជួយទប់លំនឹង។ ហើយការដើរវិញទៀតសោត សម្រាប់ការឡើងគួរដើរយឺតៗ បោះជំហានខ្លីៗល្មមកុំឲ្យឆាប់ហត់។ ការឈប់សម្រាក ១០ទៅ១៥នាទីសឹមឈប់ម្ដង ហើយពេលសម្រាកឲ្យបាត់ហត់នេះ គួរដោះដៃកាបូបឬសាកាដូចេញពីស្មាឲ្យស្រាល រួចអង្គុយសណ្ដូកជើងឲ្យត្រង់ តែកុំឈប់យូរពេកអី អាចលៃត្រឹម ២ទៅ៣នាទីបានហើយ។ ចំពោះការចុះមកវិញ គួរបោះជំហានឲ្យវែងៗ លឿនៗល្មម តែក៏គួរប្រុងប្រយ័ត្នកុំឲ្យគ្រេចកជើង។

រូបតំណាង
រូបតំណាង

៥.ការប្រយ័ត្នមាត់ក

ចាស់ៗបុរាណនៅតែមានជំនឿលើអរូបិយ ដោយលោកតែងតែធ្លាប់និយាយថា ត្រូវតែប្រយ័ត្នមាត់ក ប្រយ័ត្នពាក្យសម្ដី ពេលនិយាយអ្វីមួយឲ្យចេះគិត ព្រោះមកលេងតាមព្រៃតាមភ្នំបែបនេះ យើងតែងតែខ្លាចខុសមាត់ខុស.កជាមួយម្ចាស់ទឹក ម្ចាស់ដី ឬអ្នកតាព្រៃភ្នំជាដើម ដូច្នេះក៏កុំជេរគ្នា កុំនិយាយពាក្យអាក្រក់ៗផ្ដេសផ្ដាសអី។

ទិដ្ឋភាពត្រឹមចង្កេះភ្នំពេលឡើងទៅខ្នងផ្សារ
ទិដ្ឋភាពត្រឹមចង្កេះភ្នំពេលឡើងទៅខ្នងផ្សារ

៦.គោលដៅពេញនិយមដែលគ្រប់គ្នាមិនដែលរំលង

អ្វីដែលគ្រប់គ្នាចង់ទៅខ្នងផ្សារ គឺដើម្បីបានមើលថ្ងៃរះ និងថ្ងៃលិចលើកំពូលភ្នំខ្នងផ្សារនេះឯង។ ចំពោះថ្ងៃរះ យើងអាចទៅមើលបាននៅចន្លោះម៉ោង ៥ព្រឹករហូតដល់ម៉ោង ៧ព្រឹក។ ហើយចំពោះថ្ងៃលិចវិញ គឺចាប់ពីម៉ោង ៥ល្ងាចទៅ។ ហើយបើនិយាយពីប្លង់ថតរូបវិញ មិនចាំបាច់ភ័យទេ ថតកន្លែងណាក៏ស្អាតដែរ ធានាថាពេលបានទៅដល់នោះហើយ មកផ្ទះវិញមិនខ្វះរូបផុសឡើយ។

ទិដ្ឋភាពថ្ងៃរះ
ទិដ្ឋភាពថ្ងៃរះ
ទិដ្ឋភាពថ្ងៃរះ
ទិដ្ឋភាពថ្ងៃរះ
ទិដ្ឋភាពថ្ងៃរះ
ទិដ្ឋភាពថ្ងៃរះ

យ៉ាងណាមិញ អ្វីដែលយើងចង់ក្រើនរំឮកដល់អ្នកដែលបានទៅលេងតំបន់កម្សាន្តដ៏ល្អស្អាតមួយនេះ គឺចង់ឲ្យគ្រប់គ្នាថែរក្សាបរិស្ថានឲ្យបានស្អាត ដោយពេលត្រឡប់មកវិញសូមជួយនាំយកសំរាមរបស់យើងយកមកចោលនៅខាងក្រោមឲ្យបានស្អាតល្អផង៕

ទស្សនារូបភាពបន្ថែមដូចខាងក្រោម៖

https://s9.kh1.co/__image/w=650,h=865,q=100/eb/ebbdfc5606e69b89aa9501b51f511df963a37796.png
ភ្នំខ្នងសំពៅ
ភ្នំខ្នងសំពៅ
ភ្នំខ្នងសំពៅ
ភ្នំខ្នងសំពៅ
ភ្នំខ្នងសំពៅ
ភ្នំខ្នងសំពៅ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T