អុញ! ជីវិតដែលរកឃើញនៅលើភពអង្គារ ប្រហែលជាបានតោងយានអវកាស ពីផែនដីទៅដោយចៃដន្យ

//s9.kh1.co/b6/b6bd9f66750be2aa2e9b4ed88d953e322ff5bbb0.jpg
បច្ចេកវិទ្យា

 ១៦-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនមែនជាការរកឃើញជិវិតថ្មី ប៉ុន្តែជាការនាំយកជីវិតពីផែនដីទៅវិញ

បរទេស៖ យោងតាមសារព័ត៌មាន​ The Hill បានឱ្យដឹងថា ខណៈដែលការរុករកនៅលើភពអង្គារនៅតែបន្ត អ្នកវិទ្យាសាស្ត្របានលើកឡើងថា ជីវិតដែលត្រូវបានរកឃើញនៅលើភពអង្គារ ប្រហែលជាមានប្រភពចេញពីផែនដី ចេញពីក្នុងមន្ទីរពិសោធន៍របស់ណាសា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Christopher Mason សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Cornell បាននិយាយថា សេណារីយ៉ូបែបនេះអាចកើតឡើងបាន ទោះបីជាមានដំណើរការសម្អាតយ៉ាងហ្មត់ចត់ទៅលើយានអវកាសក៏ដោយ។

លោក Mason បានសរសេរយ៉ាងស៊ីជម្រៅថា យានអវកាសដូចជាយានអវកាសភពអង្គាររបស់អង្គការណាសា គឺត្រូវបានសាងសង់នៅក្នុងបន្ទប់ដែលបានសម្អាត ឬ sterilized យ៉ាងហ្មត់ចត់ ដោយប្រើតម្រងខ្យល់និងនីតិវិធីជីវសាស្រ្តយ៉ាងតឹងរ៉ឹង ដោយឧបករណ៍ទាំងអស់ត្រូវបានសម្អាតមុនពេលដែលវាត្រូវបានយកទៅដំឡើងផ្គុំគ្នា។

វិធីសាស្ត្រទាំងនេះបានសម្អាតកម្រិតបាក់តេរី វីរុស និងផ្សិតនៅលើគ្រឿងម៉ាស៊ីនដែលត្រូវបញ្ជូនទៅបេសកកម្ម។

យាន Perseverance 
យាន Perseverance 

ក្នុងការសិក្សារបស់លោក លោកបានគូសបញ្ជាក់ពីរបៀបដែលសារពាង្គកាយមួយចំនួនអាចនៅតែរស់រានមានជីវិត ទោះបីជាឆ្លងកាត់ដំណើរការសម្អាត និងការធ្វើដំណើរវែងដ៏យូរទៅកាន់ភពអង្គារក៏ដោយ ហើយក៏បានលើកឡើងពីរបៀបដែលប្រភេទអតិសុខុមប្រាណ (microbe) មួយចំនួនអាចលូតលាស់បានលឿនក្នុងទីអវកាសទៀតផង។

លោក Mason បានបន្ថែមទៀតថាប្រសិនបើអតិសុខុមប្រាណទាំងនេះលេចឡើងនៅលើភពអង្គារ វានឹងបង្កឱ្យមានអ្វីដែលអ្នកស្រាវជ្រាវហៅថា «ការចម្លងទៅកន្លែងមួយទៀត» ដែលគឺជាពេលដែលមនុស្សយកអ្វីមួយពីភពមួយទៅភពមួយទៀតដោយចេតនា ឬដោយអចេតនា។

លោកបានព្រមានថា អតិសុខុមប្រាណអាចបង្កអន្តរាយនៅពេលពួកគេទៅដល់ប្រព័ន្ធអេកូឡូស៊ីថ្មី ហើយពួកវាក៏អាចបង្កការគំរាមកំហែងដល់សុខភាពរបស់អវកាសយានិកផងដែរ៕  Join us: https://t.me/khmerload

រូបតំណាង
រូបតំណាង
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T