ហុងកុង នឹងបន្ធូរបន្ថយវិធានការរឹតត្បិតមួយចំនួននេះ សម្រាប់តែអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់

//s9.kh1.co/3a/3a315fe0fa0412b3108ca066f64f770f7768309e.jpg
សង្គម

 ១៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ហុងកុង គ្រោងបន្ធូរបន្ថយវិធានការរឹតត្បិតមួយចំនួន សម្រាប់តែអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់។

ហុងកុង៖ កាលពីថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ មេដឹកនាំទីក្រុងអ្នកស្រី Carrie Lam បាននិយាយថា ហុងកុង នឹងបន្ធូរបន្ថយវិធានការរឹតត្បិតដោយសារជំងឺកូវីដ-១៩ មួយចំនួន ចាប់ថ្ងៃទី២៩ ខែមេសានេះតទៅ សម្រាប់អ្នកបានចាក់វ៉ាក់សាំងរួចរាល់ ខណៈអាជ្ញាធរកំពុងខិតខំបង្កើនការចាក់វ៉ាក់សាំងជូនប្រជាជន ក្នុងទីក្រុងមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកស្រី Carrie Lam (កណ្ដាល)
  អ្នកស្រី Carrie Lam (កណ្ដាល)

អ្នកស្រី Carrie Lam បាននិយាយថា បារ៍ និងហាងស្រាដែលពេលបច្ចុប្បន្ននេះត្រូវបានបិទនោះ នឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញជាដំណាក់កាល សម្រាប់បុគ្គលិក និងអតិថិជនទាំងអស់ ដែលបានចាក់វ៉ាក់សាំងរួចរាល់។ លើសពីនេះ អ្នកដែលចាក់វ៉ាក់សាំងហើយ ក៏នឹងត្រូវបានអនុញ្ញាតអាចធ្វើដំណើរទៅកាន់មន្ទីរពេទ្យសាធារណៈ និងទីតាំងបម្រើសេវាកម្ម មើលថែអ្នកជំងឺតាមផ្ទះជាដើម (care homes)។

ការចាក់វ៉ាក់សាំង
ការចាក់វ៉ាក់សាំង

គួរជម្រាបថា ហុងកុង បានចាប់ផ្ដើមចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនប្រជាជនក្នុងខែកុម្ភៈ និងចាប់ផ្ដើមចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech​ ក្នុងខែមីនា ហើយប្រជាជនក៏អាចមានសិទ្ធជ្រើសយកវ៉ាក់សាំងប្រភេទណាមួយមកចាក់ផងដែរ។

តែអ្នកស្រី Carrie Lam បានឲ្យដឹងដែរថា ការទទួលវ៉ាក់សាំងបង្ការជំងឺ ហាក់មានភាពយឺតយ៉ាវ ដែលមកទល់ពេលនេះ មានប្រជាជនតែ៨ភាគរយប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងរួចរាល់ នៃប្រជាជនហុងកុងសរុបប្រមាណ ៧.៥លាននាក់។

គួរឲ្យដឹងដែរផងថា ហុងកុងបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបជាង ១១,៥០០ករណី ពោលគឺមានចំនួនទាបជាងទីក្រុងអភិវឌ្ឍន៍ដទៃទៀតឆ្ងាយណាស់៕ 

ប្រភពCNA

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T