លិខិតបញ្ជាក់ដ៏កម្រមួយរបស់គ្រូពេទ្យ បានបង្ហាញពីអាការៈជំងឺរបស់ណាប៉ូឡេអុង មុននឹងគាត់ទទួលមរណភាព

//s9.kh1.co/21/2126a780cec91c7bf5a5416be0147874e202c5b8.jpg
សង្គម

 ០៨-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ណាប៉ូឡេអុង បានស្នើសុំឲ្យលោក O'Meara ធ្វើជាវេជ្ជបណ្ឌិតផ្ទាល់ខ្លួនក្នុងអំឡុងពេលនិរទេសខ្លួន

អាមេរិក៖ លិខិតដ៏កម្រមួយដែលសរសេរដោយវេជ្ជបណ្ឌិតដែលបានព្យាបាល ណាប៉ូឡេអុង បូណាប៉ាត បានបង្ហាញពីអាការៈដែលមេទ័ពរូបនេះហើយក៏ជាអធិរាជបារាំងផងដែរ បានទទួលរងនូវជំងឺនិងការឈឺចាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំ មុននឹងគាត់ស្លាប់។ លិខិតនោះចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៨១៨ ត្រូវបានសរសេរដោយគ្រូពេទ្យវះកាត់ជនជាតិអេឡង់ លោក Barry Edward O'Meara ដែលបានព្យាបាល ណាប៉ូឡេអុង នៅពេលដែលគាត់កំពុងនិរទេសខ្លួន​ នៅលើកោះដាច់ស្រយាលអាត្លង់ទិកខាងត្បូង St. Helena។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អធិរាជបារាំង ណាប៉ូឡេអុង បូណាប៉ាត
អធិរាជបារាំង ណាប៉ូឡេអុង បូណាប៉ាត

សំបុត្រមួយនេះបានបង្ហាញពីសុខភាពទ្រុឌទ្រោមរបស់ ណាប៉ូឡេអុង ដែលគាត់កំពុងទទួលរងការឈឺសន្លាក់យ៉ាងធ្ងន់ធ្ងរ រួមទាំងឈឺក្បាល ឈឺចាប់នៅដៃផ្នែកខាងស្ដាំរបស់គាត់ គ្រុនក្ដៅគួរឲ្យកត់សម្គាល់ ជីពចរលោតញាប់ ការថប់អារម្មណ៍និងមានសម្ពាធ។ នៅក្នុងលិខិតមួយនេះដែលត្រូវបានដាក់លក់ដេញថ្លៃដោយ Heritage Auctions នៅរដ្ឋ Texas ទៅឲ្យជនជាតិអង់គ្លេសម្នាក់ដែលមិនបញ្ចេញឈ្មោះ ក្នុងតម្លៃ២,០០០ដុល្លារ ក៏មានបញ្ជាក់ផងដែរថា លោកគ្រូពេទ្យ O'Meara ក៏បានដកធ្មេញខាងឆ្វេងផ្នែកខាងលើរបស់ ណាប៉ូឡេអុង ចេញ បន្ទាប់ពីរូបគាត់មានអាការៈឈឺធ្មេញ។

លិខិតបញ្ជាក់អាការៈជំងឺសរសេរដោយវេជ្ជបណ្ឌិត  O'Meara
លិខិតបញ្ជាក់អាការៈជំងឺសរសេរដោយវេជ្ជបណ្ឌិត  O'Meara

បើយោងតាមក្រុមប្រវត្តិវិទូបានឲ្យដឹងថា អធិរាជបារាំងរូបនេះនិងលោកគ្រូពេទ្យ O'Meara គឺជាមិត្តភក្ដិនឹងគ្នា ដែលក្រោយមករូបគាត់បានក្លាយជាគ្រូពេទ្យវះកាត់ជាន់ខ្ពស់ នៅលើនាវាចម្បាំង HMS Bellerophon នៅពេល ណាប៉ូឡេងអុង បានចុះចាញ់នៅឆ្នាំ១៨១៥ បន្ទាប់ពីការបរាជ័យរបស់ ណាប៉ូឡេអុង នៅឯសមរភូមិ Waterloo។

ប្រវត្តិវិទូបាននិយាយថា ណាប៉ូឡេអុង បានស្នើសុំឲ្យលោក O'Meara ធ្វើជាវេជ្ជបណ្ឌិតផ្ទាល់ខ្លួនក្នុងអំឡុងពេលនិរទេសខ្លួន។ រដ្ឋាភិបាលអង់គ្លេសបានបញ្ជាឲ្យលោក O'Meara វិលត្រឡប់មកវិញ នៅក្នុងខែកក្កដា ឆ្នាំ១៨១៨។ ណាប៉ូឡេអុង ដែលគ្រប់គ្រងប្រទេសបារាំងអស់រយៈពេល១៥ឆ្នាំ បានទទួលមរណភាពនៅលើកោះ St. Helena ក្នុងឆ្នាំ១៨២១ ហើយត្រូវបានសាធារណជនជឿថា គាត់បានស្លាប់ដោយសារជំងឺមហារីកក្រពះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T