ឡានល្បឿនលឿនប្រភេទថ្មីរបស់សហរដ្ឋអាមេរិក កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមប្រើឡានទំនើបៗ

//s9.kh1.co/b6/b6255f4b974591f62bc2c06725d46250091984e0.jpg
យានជំនិះ

 ២៣-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឡានប្រណាំងប្រភេទថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ដ SSC ដែលមានល្បឿនលឿនជាងគេ ឯតម្លៃវិញថ្លៃមិនធម្មតា។

នៅពេលដែលអ្នកឮគេនិយាយអំពីប្រភេទឡានដែលមានល្បឿនលឿន ឬប្រភេទឡានប្រណាំងផ្សេងៗអ្នកអាចនឹកឃើញដល់ប្រភេទឡានល្បីៗជាច្រើនដូចជា Lamborghini និង Bugatti ជាដើម។ ក៏ប៉ុន្ដែ សម្រាប់អ្នកដែលចូលចិត្តប្រភេទឡានប្រណាំង ឬចូលចិត្តអាននិងមើលព័ត៌មានទាក់ទងនឹងប្រភេទឡាននឹងស្គាល់ប្រភេទឡានដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន SSC។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ ក្រុមហ៊ុននេះបានបញ្ចេញនូវប្រភេទឡានថ្មីមួយដែលមានឈ្មោះថា SSC Tuatara ដែលជាម៉ូឌែលថ្មីសន្លាង និងត្រូវបានសាកល្បងធ្វើការបើកបរដំបូងនៅថ្ងៃទី ១០ តុលា។ ឡានថ្មីនេះ អាចចាត់ទុកថាជាឡានដែលមានល្បឿនលឿនជាងគេ ព្រោះវាអាចបើកបរបានក្នុងល្បឿនជាមធ្យម ៣១៦.១ ម៉ាយក្នុងរយៈពេល១ម៉ោង។

ឡាន Tuatara ប្រភេទថ្មីរបស់ក្រុមហ៊ុន SSC
ឡាន Tuatara ប្រភេទថ្មីរបស់ក្រុមហ៊ុន SSC

ចំពោះឡានទំនើបមួយនេះ មានទម្ងន់ប្រមាណ ២៧៥០ផោន (១២៣៧.៥Kg) និងកម្ពស់ ៤២អ៊ីញ(១.០៦៦៨ម៉ែត្រ) ជាមួយការរចនាទ្វារបើកឡើងលើ ប្រៀបដូចជាបក្សីកំពុងត្រដាងស្លាប។ ចំណែក ការរចនាខាងក្នុងវិញមានលក្ខណៈប្លែកភ្នែក ជាមួយនឹងពូកនិងខ្សែក្រវ៉ាត់ ដែលធ្វើអំពីស្បែកឡើងប្រណិត ប្រកបដោយការច្នៃប្រឌិតខ្ពស់។ សម្រាប់ឡានថ្មីនេះ មានតម្លៃ ១.៩ លានដុល្លារអាមេរិក​ (តម្លៃនៅសហរដ្ឋអាមេរិក)។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ដនៅអាមេរិកខាងជើងនេះ ជាក្រុមហ៊ុនតូចមួយដែលមានអ្នកជំនាញខ្ពស់ៗក្នុងការផលិតរថយន្ដប្រមាណតែ ២៤នាក់ប៉ុណ្ណោះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ ក្នុងនោះផងដែរ ក្រុមហ៊ុន SSC បានបកស្រាយថា ប្រភេទឡាន Tuatara នេះមានចំនួនកំណត់សម្រាប់ការផលិត ដែលក្រុមហ៊ុននឹងធ្វើការផលិតតែចំនួន ១០០ គ្រឿងប៉ុណ្ណោះ៕

ប្រភព៖ CNBC

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T