កម្ពុជា​ អាច​​នឹង​​ទទួល​បាន​វ៉ាក់​សាំង​ការពារ​កូវីដ​១៩​ នៅ​ពាក់​​កណ្តាល​ឆ្នាំ​ ២០២១​

//s9.kh1.co/75/750fdab58a07120fc0a0ca3f61e5fff21cf09250.jpg
សង្គម

 ២១-តុលា-២០២០ ៥ល្ងាច · ៥ ឆ្នាំមុន

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាលបានបង្ហើបថា កម្ពុជាអាចនឹងទទួលបានវ៉ាក់សាំង​ការពារ​កូវីដ១៩នៅពាក់កណ្តាលឆ្នាំ ២០២១

តាមរយៈបទសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុក លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាលបានបង្ហើបថា កម្ពុជាអាចនឹងទទួលបានវ៉ាក់សាំងការពារកូវីដ១៩នៅពាក់កណ្តាលឆ្នាំ ២០២១។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់លោកស្រី និងស្ថាប័នពាក់ព័ន្ធមួយចំនួនបានប្រជុំពិនិត្យមើលលទ្ធភាព​នៃការ​ទទួល​បានវ៉ាក់សាំងសម្រាប់កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី ឱ វណ្ណឌីន ថា៖ «យើងបានប្រជុំជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យមើលលទ្ធភាពនៃការ​ទទួលបានវ៉ាក់សាំង​សម្រាប់កម្ពុជា។ ក្នុងនោះយើងក៏បានពិភាក្សាលើតម្រូវការ និងការគ្រប់គ្រងវ៉ាក់សាំងពេលមកដល់ផងដែរ។ ក្រុមបច្ចេកទេសកំពុងពិភាក្សាពីបេកភាពនៃវ៉ាក់សាំង ដែលមានប្រទេសជាច្រើនកំពុងផលិត ក្នុងនោះក៏មានប្រទេស​ចិនផងដែរ»។

ការជ្រើសរើសបេកភាពដោយលោកស្រីបកស្រាយថា លក្ខខណ្ឌសីតុណ្ហភាពសម្រាប់រក្សាទុកវ៉ាក់សាំងរបស់ម្ចាស់​ផលិតផលនីមួយៗគឺមានភាពខុសគ្នា។ លោកស្រី វណ្ណឌីន បន្ត៖ «វ៉ាក់សាំងការពារកូវីដ១៩របស់ក្រុមហ៊ុនខ្លះ តម្រូវឲ្យរក្សារទុកតាមលក្ខខណ្ឌសីតុណ្ហភាពខុសៗគ្នា។ ដូច្នេះយើងត្រូវជ្រើសយកមួយណាដែលស្របតាម​ស្ថានភាពកម្ពុជា។ ស្ថាប័នពាក់ព័ន្ធដូចជា WHO UNICEF និង GAVI ជាដើម ប៉ាន់ស្មានទុកជាមុនថា ពាក់កណ្តាលឆ្នាំ ២០២១ កម្ពុជាអាចទទួលបានវ៉ាក់សាំងការពារកូវីដ១៩យកមកប្រើប្រាស់»។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាលរូបនេះបន្ថែមថា៖ «ថ្នាក់អន្តរជាតិនឹងផ្តល់វ៉ាក់សាំងការពារកូវីដ១៩ជូនកម្ពុជាខ្ទង់ ៣ភាគរយនៃចំនួនប្រជាជនសរុប។ ក្នុងចំណោមនោះ មានការបែងចែកជាដំណាក់ៗ មិនមែនផ្តល់វ៉ាក់សាំង​មកម្តង​ទាំងអស់នោះទេ។ ហើយបើតាមយោបល់ពីស្ថាប័នផ្សេងៗខាងលើ បរិមាណវ៉ាក់សាំងដែលបានមកដំបូងអាច​នឹង​ផ្តល់ឲ្យក្រុមគ្រូពេទ្យជួរមុខ និងកងកម្លាំងដែលអាចមានហានិភ័យខ្ពស់បំផុត បន្ទាប់មកគឺក្រុមដែលមានហានិភ័យ​ខ្ពស់ផ្សេងទៀត ដូចជាចាស់ជរា និងអ្នកមានបញ្ហាសុខភាពដែលងាយនឹងឆ្លងកូវីដ១៩ជាដើម»។

ជាការកត់សម្គាល់ តាមរយៈបទសម្ភាសន៍ខាងដើមលោកស្រី ឱ វណ្ណឌីន បង្ហើបថា បើផលិតផលវ៉ាក់សាំងការពារកូវីដ ១៩ ជោគជ័យមែន នោះរាជរដ្ឋាភិបាលកម្ពុជានឹងមិននៅស្ងៀមទេ ដោយនឹងគិតគូរសហការស្នើសុំនូវជំនួយផ្សេងៗ ពិសេសផលិតផលវ៉ាក់សាំងពីសាធារណៈរដ្ឋប្រជាមានិតចិនជាដើម។

យ៉ាងណា លោកស្រីបញ្ជាក់ជាថ្មីថា មកទល់ពេលនេះអង្គការសុខភាពពិភពលោកនៅមិនទាន់បាន​ប្រកាស​ពី​គុណភាព​វ៉ាក់សាំងការពារកូវីដ១៩ របស់ស្ថាប័នណាមួយនៅឡើយទេ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែតុលានេះ កម្ពុជាធ្វើតេស្តរកឃើញករណីវិជ្ជមានថ្មីនៃកូវីដ ១៩ ម្នាក់បន្ថែមទៀត ដែលបុគ្គលរូបនេះទើបត្រលប់មកពីប្រទេសប៉ូឡូញ។ ដូច្នេះចំនួនអ្នកឆ្លងកូវីដ១៩ សរុបមានចំនួន ២៨៦ នាក់ ចំនួនអ្នកជាសះស្បើយ ២៨០ នាក់៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T