អាជ្ញា​ធរ​ត្រៀម​តង់នៅ​ ៥​ទី​តាំង សម្រាប់​អ្នករងគ្រោះដោយ​ទឹក​ជំនន់​​ក្នុងខណ្ឌ​ដង្កោ

//s9.kh1.co/7d/7d1f8daac53813cd5b8d00505eeb49ee6286bf97.jpg
សង្គម

 ១៦-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក ម៉េត មាសភក្តី ប្រាប់ខ្មែរឡូត​ថា មន្ត្រីសាលាក្រុងបានរៀបចំតង់នៅ ៥ ទីតាំង សម្រាប់ទទួលពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅខណ្ឌមួយនេះ

ខណ្ឌ​ដង្កោ គឺ​ជា​ទី​ដែល​រង​ការ​ជន់​លិច​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​បណ្ដា​ខណ្ឌ​ផ្សេង​ៗ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​។ ប្រាប់ខ្មែរឡូតនៅរសៀលថ្ងៃ ១៦តុលានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា មន្ត្រីសាលាក្រុងបានរៀបចំតង់នៅ ៥ ទីតាំង សម្រាប់ទទួលពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខណ្ឌមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកថា៖ «យើងបានត្រៀមលក្ខណៈរួចរាល់ ដោយបានរៀបចំតង់នៅទីទួលមានសុវត្ថិភាព ៥កន្លែងសម្រាប់​បងប្អូន​ដែលផ្ទះរបស់គាត់លិចទឹកនៅខណ្ឌដង្កោ។ ក្នុងនោះរួមមានតង់ក្នុងបុរីពិភពថ្មីគួរស្រូវ២ តង់មុខផ្សារព្រែកជ្រៃ តង់នៅ​សង្កាត់សាក់សំពៅ សង្កាត់គងណយ និងសង្កាត់រលួស»។

តបនឹងសំណួរដែលថា ទីតាំងខណ្ឌដង្កោកំពុងលិចទឹក ហេតុអីអាជ្ញាធរនៅតែបោះតង់ក្នុងខណ្ឌនោះដដែល? អ្នកនាំពាក្យរូបនេះបកស្រាយថា៖

«ខណ្ឌដង្កោរងគ្រោះមែន តែមិនមែនមានន័យថា គ្រប់កន្លែងសុទ្ធតែលិចទឹកទេ។ អ៊ឹចឹងទោះយើងបោះតង់ក្នុងខណ្ឌ​ដង្កោ ក៏យើងត្រូវរកទីទួលមានសុវត្ថិភាពដែរ មិនមែនទៅបោះនៅជិតកន្លែងលិចទឹកទេ»។

ជាការកត់សម្គាល់ លោក ភក្តី ថា សាលាក្រុងនៅមិនទាន់អាចស្មានដឹងពីតួលេខតង់សរុបដើម្បីបំពេញតម្រូវការ​ជូន​ពលរដ្ឋរងគ្រោះដោយជំនន់នៅឡើយទេ។ តែលោកសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកលិចសុទ្ធតែ​ទទួលបានការជម្លៀស។

លោកថា៖ «អាជ្ញាធរនឹងធ្វើប្រតិបត្តិការជិះអូប័រចូលទៅក្នុងទីតាំងប៉ះពាល់ទាំងនោះ ដើម្បីជម្លៀសពលរដ្ឋរង​គ្រោះ​ទាំងអស់​មកកាន់ទីទួលមានសុវត្ថិភាព។ ក្រៅពីនោះ យើងបានត្រៀម កន្លែងស្នាក់នៅ អាហារហូបចុក ថ្នាំសង្កូវ តាំងពីប៉ុន្មានថ្ងៃមុន»។

លោក ម៉េត មាសភក្តី បង្ហាញនូវសុទិដ្ឋិនិយមថា៖ «សូមបងប្អូនទុកចិត្តលើរាជរដ្ឋាភិបាល។ មហន្តរាយទឹកជំនន់ មិនមានអ្នកណាចង់ឲ្យមានទេ។ យើងបារម្ភរឿងអាយុជីវិត គិតគូរខ្លាំងរឿងជម្លៀសមនុស្ស ចំណែកការថែទាំ ការស្នាក់នៅដទៃទៀត គឺយើងរៀបចំរួចហើយ»។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ស្ថានភាពកម្ពស់ទឹកជំនន់ក្នុងក្រុងចេះតែហក់ឡើងជាបន្តបន្ទាប់ ខណៈ​ស្ថាន​ភាព​​ភ្លៀងចេះតែបន្តធ្លាក់មកស្ទើររាល់ថ្ងៃ។ សម្រាប់ភ្នំពេញ ខណ្ឌ​ដង្កោ គឺ​ជា​ទី​ដែល​រង​ការ​ជន់​លិច​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​បណ្ដា​ខណ្ឌ​ផ្សេង​ៗ​ទៀត​​៕

https://s9.kh1.co/__image/w=650,h=434,q=100/19/197abf9d5a5bad44d49b25bb88bbe93e7b415071.png
https://s9.kh1.co/__image/w=650,h=434,q=100/3c/3cf270405cfc521de62aa2178cfc88a0775a87ee.png
https://s9.kh1.co/__image/w=650,h=434,q=100/70/705a58d28d09e7935a64c6c1460a73e7c708a26e.png
https://s9.kh1.co/__image/w=650,h=434,q=100/05/05de7da46235254c1af376cae1ec0baaf9e9b690.png
https://s9.kh1.co/__image/w=650,h=434,q=100/80/80a51762402c9b7e196be6bc67b8cac617920d93.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T