គំនូរដី ស និងជំងឺកូវីដ១៩៖ អង្គការយូណេស្កូលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ និងការរួបរួមសង្គម តាមរយៈយុទ្ធនាការបែបសិល្បៈ! (មានវីដេអូ)

//s9.kh1.co/d7/d767a149871876434035251fe6e899d06192da99.jpg
សង្គម

 ០៩-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្ងៃនេះអង្គការយូណេស្កូ បានចាប់ផ្តើមយុទ្ធនាការបែបសិល្បៈមួយ ដើម្បីលើកកម្ពស់នូវកិច្ចសន្ទនាជាលក្ខណៈអន្តរវប្បធម៌។

ភ្នំពេញ៖ ថ្ងៃនេះអង្គការយូណេស្កូ បានចាប់ផ្តើមយុទ្ធនាការបែបសិល្បៈមួយ ដើម្បីលើកកម្ពស់នូវកិច្ចសន្ទនាជាលក្ខណៈអន្តរវប្បធម៌ ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីជំទាស់នឹងការរើសអើងជនបរទេស ការមាក់ងាយ និងព័ត៌មានមិនពិត ហើយពង្រឹងការរួបរួមក្នុងសង្គម និងការផ្សះផ្សា ដើម្បីជម្នះពេលវេលាដ៏លំបាកក្នុងអំឡុងនៃការរីករាលដាលដោយជំងឺកូវីដ១៩ នៅជុំវិញពិភពលោកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

“បើកបេះដូងអ្នក” ជាយុទ្ធនាការបែបសិល្បៈ ដោយប្រើប្រាស់គំនូរដោយដី ស ជាមធ្យោបាយក្នុងការចាប់ផ្តើមនូវកិច្ចសន្ទនាក្នុងសង្គមកម្ពុជា។ យោងទៅតាមតំណាងរបស់អង្គការយូណេស្កូ លោក Sardar Umar Alam បានលើកឡើងថា៖

«ជំងឺកូវីដ១៩ បានប៉ះពាល់ដល់មនុស្សជាតិទាំងមូល និងធ្វើឱ្យធ្លាក់ចុះនូវសីលធម៌ និងវិសមភាព នៅក្នុងសហគមន៍របស់យើង។ ជំងឺនេះមិនបានប្រកាន់ពូជសាសន៍នោះទេ ប៉ុន្តែវាមានផលប៉ះពាល់ជាច្រើន។ យើងឃើញមានការលេចឡើងនូវពាក្យសម្ តីដែលបង្កប់ដោយភាពស្អប់ខ្ពើម និងការកំណត់គោលដៅមិនស្មើគ្នាទៅលើក្រុមងាយរងគ្រោះ និងសហគមន៍មួយចំនួន។ ក្នុងដំណាក់កាលដ៏លំបាកនេះ សាមគ្គីភាព និងការទទួលខុសត្រូវដោយស្មើភាព គឺជាកត្តាដ៏សំខាន់ក្នុងការពង្រឹងនូវសង្គមដ៏រឹងមាំមួយ ដើម្បីប្រឆាំងនឹងសត្រូវរួមរបស់មនុស្សជាតិ តាមរយៈការយោគយល់ សហការ និងទំនុកចិត្តដែលចាំបាច់គិតពីសិទ្ធិមនុស្សជាចម្បង»។

ប្រសាសន៍របស់លោក Sardar Umar Alam

អង្គការយូណេស្កូ ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន ហាវ៉ាស់ សាំប៉ាញ ផ្នែកសូសល ប៊ីស៊ីណេស យូនីត (Social Business Unit) បានសម្រេចជ្រើសរើសសិល្បករជនជាតិខ្មែរ-បារាំងពីស្ទូឌីយោបាសាក់ គឺលោកស្រី អេននី (Annie) និងលោក ថមមី (Thommy) ដើម្បីបង្កើតសិល្បៈគំនូរដី ស នៅមុខការិយាល័យអង្គការយូណេស្កូជាប់ព្រះបរមរាជវាំង។

សិល្បៈនៃគំនូរដោយដី ស នៅលើដីមានអមដោយរូបផ្កា
សិល្បៈនៃគំនូរដោយដី ស នៅលើដីមានអមដោយរូបផ្កា

លោក Thommy បានឱ្យដឹងថា៖

«នេះជាកិត្តិយសរបស់យើង ក្នុងការអញ្ជើញឱ្យចូលរួមជាមួយយុទ្ធនាការដ៏មានសារៈសំខាន់នេះ។ យើងជឿជាក់ថាសិល្បៈជាការផ្សារភ្ជាប់មនុស្ស និងមនុស្ស មិនថាពួកគេជាជនជាតិអ្វី មានសាវតារ ឬជំនឿបែបណានោះទេ។ យើងសង្ឃឹមថាទម្រង់នៃសិល្បៈដីសនេះនឹងជួយមនុស្សឱ្យនិយាយដោយបើកចំហជាមួយគ្នា ថាពួកយើងមានបេះដូង និងទឹកចិត្តតែមួយ»។

ប្រសាសន៍របស់លោក Thommy

ចំណែកលោក អ៊ុង ដាណិត ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបញ្ជាក់ថា៖

«យើងគ្រប់គ្នាសុទ្ធតែចង់រស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ហើយពិតណាស់គឺយើងចង់កម្ចាត់វីរុសមួយនេះចេញពីពិភពលោក។ មិនត្រឹមតែវីរុសកូរ៉ូណាទេ តែយើងក៏ចង់កម្ចាត់នូវវីរុសនៃសេចក្តីស្អប់ និងការរើសអើង មិនថាពីប្រទេសកម្ពុជា ឬក៏ទូទាំងពិភពលោកនោះទេ»។

ប្រសាសន៍របស់លោក អ៊ុង ដាណិត

សិល្បៈនៃគំនូរដោយដី ស នៅលើដីមានអមដោយរូបផ្កា និងពាក្យពេចន៍មួយចំនួនទាំងភាសាខ្មែរ និងអង់គ្លេស រួមទាំងស្លាកសញ្ញាមួយចំនួនផងដែរ។ ពាក្យពេចន៍ដែលយើងជ្រើសយកមក គឺដើម្បីបង្ហាញពីផលវិបាក សកម្មភាព ឬអាកប្បកិរិយាបែបវិជ្ជមាន។ ចំពោះអត្ថន័យនៃរូបផ្កាវិញ គឺយើងចង់បង្ហាញពីភាពផុយស្រួយនៃជីវិត និងការរីកសាយភាយនៃវីរុសនៅក្នុងខ្យល់។ ផ្ទៃជារង្វង់ និងគ្រាប់ពូជផ្កា គឺបង្ហាញពីធាតុសំខាន់ពីរនៃស្លាកសញ្ញារបស់យុទ្ធនាការរបស់យើង ដោយក្នុងនោះមានរូបតំណាងឱ្យបេះដូង ដើម្បីបង្កើតឈ្មោះយុទ្ធនាការ “បើកបេះដូងអ្នក”។ យើងសង្ឃឹមថា ពាក្យពេចន៍សាមញ្ញៗ​ និងងាយស្រួយ រួមទាំងស្លាកសញ្ញា រូបតំណាង នឹងផ្តល់ភាពងាយស្រួលដល់សហគមន៍ក្នុងការឈ្វេងយល់បន្ថែម និងចូលរួមជាមួយនឹងយុទ្ធនាការនេះ។ ធម្មជាតិរបស់ដី ស គឺងាយនឹងរលុប ដូច្នេះយើងសង្ឃឹមថាផលប៉ះពាល់អវិជ្ជមានចំពោះសង្គម ដែលបណ្តាលមកពីជំងឺកូវីដ១៩ នឹងរសាត់បាត់ទៅនៅចុងបញ្ចប់នៃរដូវវស្សានេះ។

សិល្បៈនៃគំនូរដោយដី ស នៅលើដីមានអមដោយរូបផ្កា
សិល្បៈនៃគំនូរដោយដី ស នៅលើដីមានអមដោយរូបផ្កា

ជាមួយនឹងយុទ្ធនាការបែបសិល្បៈ ដើម្បីពង្រឹងនូវការរួបរួមសង្គម និងការផ្សះផ្សាសហគមន៍ អង្គការយូណេស្កូក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបង្កើតនូវយុទ្ធនាការលើប្រព័ន្ធផ្សព្វផ្សាយសង្គម #DontGoViral ដោយក្នុងនោះបានអញ្ជើញសិល្បការិនីកម្ពុជាចំនួន ៤រូប និងក្រុមសិល្បៈដែលកំពុងពេញនិយមចំនួន១ក្រុម ដើម្បីចែករំលែកទៅកាន់សាធារណជនអំពីការកើនឡើងនូវព័ត៌មានមិនពិតជាច្រើននៅលើអ៊ីនធឺណិត ក្នុងអំឡុងពេលកូវីដ១៩នេះ។

តាមរយៈយុទ្ធនាការរបស់អង្គការយូណេស្កូ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមកម្ពុជាជាង ៣០ ម៉ឺននាក់ បានចូលរួមក្នុងការឈ្វេងយល់ពីការទទួលបាននូវព័ត៌មានពិតដែលអាចជឿទុកចិត្តបានទាន់ពេលវេលា ហើយប្រើប្រាស់ និងចែករំលែកព័ត៌មានទាំងនោះប្រកបដោយការពិចារណា។ គំនិតផ្តួចផ្តើមទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការដែលអង្គការយូណេស្កូកំពុងធ្វើ ដើម្បីពង្រឹងនូវសេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា៕ 

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T