កម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា”

//s9.kh1.co/8d/8d90d606fee73f597fcce65a9d699f55cba637b8.jpg
សង្គម

 ៣១-មករា-២០២៤ ២ល្ងាច · ៣ ខែមុន

សេចក្តីប្រកាសព័ត៌មានស្ដីពីកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា”។

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ត​ម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, លោកឧកញ៉ា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៏, វិស័យឯកជន, និងគ្រឹះស្ថានបណ្តុះបណ្តាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

កម្មវិធីនេះត្រូវបាន​រៀបចំឡើងក្នុងគោលបំណង ប្រកាសជាផ្លូវការអំពីការប្រែក្លាយគម្រោងសាកល្បងយន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ជំនាញទៅជាស្ថាប័នអចិន្រ្តៃយ៍ (Trust Fund) និងការបង្ហាញពីសមិទ្ធផល និងកម្មវិធីថ្មីៗ​របស់មូលនិធិ​អភិវឌ្ឍន៍​ជំនាញក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ព្រមទាំងការចុះអនុស្សរណៈ​យោគ​យល់​គ្នា​​ជាមួយ​ដៃគូ​យុទ្ធសាស្រ្ត និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ ។

រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីកៀរគរ, គ្រប់គ្រង និងបែងចែក​ធនធាន ក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។ មូលនិធិអភិវឌ្ឍន៍​ជំនាញ (SDF) មានចក្ខុវិស័យក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញ​ឱ្យ​ត្រូវនឹង​តម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់​​រាជរដ្ឋាភិបាល ។

បន្ថែមពីនេះ SDF បានដាក់ចេញនូវបេសកកម្មជម្រុញភាពជាដៃគូពិតប្រាកដរវាងវិស័យឯកជន និង គ្រឹះស្ថាន​បណ្តុះបណ្តាល ដើម្បីរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញដែលមានគុណភាព ឆ្លើយតបនឹងតម្រូវការវិស័យឯកជន និង​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។

ក្នុងស្មារតីបុរេសកម្មក្នុងការចូលរួមពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញ និងដោះស្រាយបញ្ហាក្នុង ប្រព័ន្ធអេកូឡូស៊ីជំនាញ, SDF នឹងបន្តបង្កើតកម្មវិធីគាំទ្រថ្មីៗ ដែលមានលក្ខណៈនវានុវត្តន៍បន្ថែមទៀត ។ ជាក់ស្តែង ចាប់ពីឆ្នាំ២០២៤ នេះតទៅ SDF បានកំណត់នូវទិសដៅអាទិភាពសំខាន់ៗ ដូចតទៅ៖

១). ពង្រឹងគុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រង និង បែងចែកធនធាន របស់មូលនិធិឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាដល់ដៃគូសហការ,

២). បង្កើនទំហំមូលនិធិគាំទ្រដល់កម្មវិធី​បណ្តុះបណ្តាលដែលត្រូវនឹងតម្រូវការវិស័យឯកជន 

៣). ដាក់ចេញនូវកម្មវិធីថ្មីៗបន្ថែមដែលរួមមាន៖ កម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program), ថ្នាលនៃភាពជាដៃគូ (Partnership Platform) និងមេរៀនឌីជីថល (Digital Learning Content) ស្តីពីជំនាញទន់ចាំបាច់ សម្រាប់ឧស្សាហកម្ម ។ ល ។

បន្ថែមពីនេះ ពិធីចុះអនុស្សរណៈយោគយល់គ្នាចំនួនបី ត្រូវបានរៀបចំឡើង ដែលក្នុងនោះរួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយ​ សភាពាណិជ្ជកម្មកម្ពុជា (CCC) ដើម្បីកៀរគរ​សមាជិករបស់ CCC ដែលជារោងចក្រ-សហគ្រាសក្នុងការសហការគ្នាជាមួយគ្រឹះស្ថានបណ្តុះបណ្តាល​ ដើម្បីកំណត់ជំនាញ ដែលមានតម្រូវការ ​និងរៀបចំកម្មវិធី​បណ្តុះ​បណ្តាលឱ្យត្រូវ​នឹង​តម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។

២. អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយ​ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែល​ជារោងចក្រ-សហគ្រាសក្នុងការសហការគ្នាជាមួយគ្រឹះស្ថានបណ្តុះបណ្តាល​ ដើម្បីកំណត់ជំនាញដែលមានតម្រូវការ ​និង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាលឱ្យត្រូវនឹងតម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។

៣. អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) នៃក្រសួង ទេសចរណ៍ និង SwissContact ដើម្បីពង្រឹង និងពង្រីកការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ឱ្យត្រូវនឹងតម្រូវការការងារ​ជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ អនុសាសន៍ណែនាំដល់ក្រសួងស្ថាប័ន,​​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ​ ក្នុងការ ចូលរួម និងសហការឱ្យអស់ពីលទ្ធភាព ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ដើម្បីសម្រេចបានការអភិវឌ្ឍមូលធនមនុស្សកម្ពុជាប្រកប ដោយចំណេះ, ជំនាញ, សមត្ថភាព, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” ក្រោម ការដឹកនាំដ៏ឈ្លៀសវៃ និង ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

ទន្ទឹមនឹងនេះ ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា​ បានមានប្រសាសន៍ថា៖

“ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន រោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះ-បណ្តាលទាំងអស់បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ ដែលត្រូវនឹងតម្រូវការជាក់ស្តែង ដើម្បីដាក់ស្នើមកកាន់ SDF” ។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា
រូបភាព
រូបភាព

មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានបង្កើតឡើង ដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បី ប្រមូល, គ្រប់គ្រង និងបែងចែក ធនធានទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន(Funding Gap) និងបញ្ហាកង្វះជំនាញ (Skills Gap) ក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចែករំលែកថ្លៃ និងការចូលរួមបណ្តុះបណ្តាលដោយផ្ទាល់ ពីសំណាក់វិស័យឯកជន ។

បន្ទាប់ពីអនុវត្តអស់រយៈពេល ៥ ឆ្នាំកន្លងមក ដោយទទួលបានទំនុកចិត្តខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធ,​ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលបានប្រែក្លាយគម្រោងនេះ ទៅស្ថាប័នអចិន្ត្រៃយ៍ តាមរយៈអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដែលក្រុមប្រឹក្សាបរធនបាលមានតំណាងមកពី ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

គិតត្រឹមឆ្នាំ២០២៣ សមិទ្ធផលសំខាន់ៗ ដែលមូលនិធិអភិវឌ្ឍន៍ជំនាញសម្រេចបានរួមមាន៖

ទី​១៖ បានផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនចំនួន ២៩៧ រោងចក្រ សហគ្រាស ទៅនឹងគ្រឹះស្ថានបណ្តុះបណ្តាលទាំងរដ្ឋ ឯកជន និងអង្គការចំនួន ៤៤។

ទី២៖ បានផ្ដល់ថវិកាបដិភាគទៅដល់គម្រោងបណ្ដុះបណ្ដាលចំនួន ១២១ ដែលរៀបចំឡើងដោយវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលដៃគូ ដែលគិតជាទឹកប្រាក់ប្រមាណ ៨,៣ លានដុល្លារ ឬ ៤៨% នៃថ្លៃបណ្តុះបណ្តាលសរុបប្រមាណ ១៧,២ លានដុល្លារ ក្នុងនោះ មានសិក្ខាកាមសរុបប្រមាណ ១៦ 0៧៥ នាក់ (ក្នុងនោះ ស្ត្រី ៣៥%)។

ទី៣៖ បន្ទាប់ពីបណ្តុះបណ្តាលចប់ អត្រាបោះបង់ការសិក្សា មានកម្រិតទាប ត្រឹម ៤%, រីឯ អត្រាមានការងារធ្វើ ខ្ពស់ រហូតដល់ ៨៨%, ប្រាក់បៀវត្សមូលដ្ឋានជាមធ្យម ២៤៦ ដុល្លារ និង អត្រាពេញចិត្តរបស់និយោជក ខ្ពស់ រហូតដល់ ៨៥%។

ជាលទ្ធផល កម្មវិធីសម្ពោធជាផ្លូវការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានអន្តរសកម្ម រវាង វាគ្មិន និងអ្នកចូលរួមក្នុងកិច្ចពិភាក្សា និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូរបស់ SDF ​​។ SDF ប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេច​សម្រាប់​ការ​ចូលរួម​គាំទ្របន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងារអភិវឌ្ឍន៍ជំនាញ ក្នុងគោលដៅចូលរួមសម្រេចឱ្យបាននូវ​ចក្ខុវិស័យ​ឆ្នាំ ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T