តៃប៉ិ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានកោតសរសើរពីភាពក្លាហានរបស់កងទ័ពអាកាសតៃវ៉ាន់ ដែលបានស្ទាក់យន្តហោះចិន ខណៈពេលចូលមកជិតដល់ដែនកោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភាពតានតឹងរវាងទីក្រុងប៉េកាំងនិងតៃប៉ិ បាននឹងកំពុងឡើងកម្តៅយ៉ាងខ្លាំងក្នុងប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីប្រទេសចិននៅតែបន្តអះអាងថា កោះតៃវ៉ាន់គឺជាដែនដីរបស់ខ្លួន ហើយថែមទាំងបានបញ្ជូនយន្តហោះទៅក្បែរតំបន់កោះនេះ តែត្រូវទ័ពអាកាសតៃវ៉ាន់ហោះស្ទាក់ និងប្រដេញមិនឱ្យចូលជិត។
កំឡុងពេលចុះត្រួតពិនិត្យមូលដ្ឋានទ័ពអាកាសដ៏ធំមួយលើកោះ Penghu ក្នុងច្រកសមុទ្រតៃវ៉ាន់ លោកស្រី Tsai បានលើកឡើងដូច្នេះថា៖
ខ្ញុំមានទំនុកចិត្តច្រើនលើអ្នកទាំងអស់គ្នា ហើយក្នុងនាមជាទាហាននៃសាធារណរដ្ឋចិន(ឈ្មោះផ្លូវការកោះតៃវ៉ាន់) តើយើងអាចឱ្យសត្រូវចូលក្នុងដែនអាកាសរបស់យើងបានដោយរបៀបណា? ខ្ញុំដឹងថាការប្រឈមមុខនឹងសកម្មភាពបង្កហេតុរបស់យន្តហោះពីប្រទេសកុម្មុយនីស ដែលឡោមព័ទ្ធកោះគឺបានធ្វើឱ្យប៉ះពាល់ដល់សន្តិភាពក្នុងតំបន់នាពេលថ្មីៗនេះ ហើយកាតព្វកិច្ចអ្នកនៅជួរមុខនៃដែនអាកាសលើកោះ Penghu គឺកាន់តែធ្ងន់ជាងនេះទៀត។
គួរជម្រាបដែរថា នៅក្នុងឆ្នាំនេះទ័ពអាកាសតៃវ៉ាន់បានស្ទាក់យន្តហោះចិនជាច្រើនដងនៅក្បែរដែនអាកាសរបស់ខ្លួន។ ហើយខណៈពេលទីក្រុងប៉េកាំងចេះតែបន្តការគំរាមកំហែងជាបន្តបន្ទាប់ តៃប៉ិបានបង្ហាញមីស៊ីលបាញ់ពីលើអាកាសជំនាន់ថ្មី ដែលអាចហោះបានចម្ងាយ ២០០គីឡូម៉ែត្រ និងមានសមត្ថភាពអាចកម្ទេចមូលដ្ឋាន ក៏ដូចជាកប៉ាល់ចិនបាន៕



