លោក ថោង ខុន បង្ហាញទៅជប៉ុនខេត្តចំនួន២ នៅកម្ពុជា ដែលមានសក្ដានុពលខ្ពស់ក្នុងការវិនិយោគកសិទេសចរណ៍

//s9.kh1.co/0c/0cb5f396474397463bf4540db0ff774b711fa7c6.jpg
Khmerhome

 ២២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/1c/1c3f11b542fe5f12a3022d34b6abc74e0e851684.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីសក្ដានុពលដ៏សម្បូរបែប ដែលអំណោយផលដល់ការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគឺវិស័យអេកូទេសចរណ៍ កសិទេសចរណ៍ ក៏ដូចជា ទេសចរណ៍ជនបទ ខេត្តចំនួន២ គឺខេត្តសៀមរាប និងកំពង់ធំ ទៅក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី ដែលល្បីល្បាញខាងអភិវឌ្ឍន៍វិស័យទេសចរណ៍។

នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយ លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៊ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអិលធីឌី (Yamato Green Co.,Ltd) នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែកញ្ញា នេះ លោក ថោង ខុន ថា ថ្លែងថា កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសគឺវិស័យទេសចរណ៍នេះតែម្ដង ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។

ប្រសិនបើនិយាយអំពីការអភិវឌ្ឍលើវិស័យទេសចរណ៍ទាំង ៣ប្រភេទខាងលើនេះ ខេត្តសៀមរាប និងខេត្តកំពង់ធំ គឺពិតជាអំណោយផលច្រើនបំផុតសម្រាប់ការវិនិយោគលើវិស័យកសិទេសចរណ៍ និងទេសចរណ៍ជនបទ ពិសេសការកសាងខ្សែក្រវាត់បៃតង។ ជាការបញ្ជាក់របស់ លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចង់ឱ្យក្រុមហ៊ុនពិចារណាលើការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តទាំងនេះ បន្ទាប់ពីបានវិនិយោគនៅបាត់ដំបង និងខេត្តមណ្ឌលគីរី។ លោក ​ថា ក្រុមហ៊ុនគប្បីកសាងឱ្យបានគំរូមួយក្នុងខេត្តនីមួយៗមុននឹងពង្រីកទៅខេត្តដទៃ។

លោក បន្តថា ក្នុងបរិបទកូវីដ-១៩នេះ វិស័យអេកូទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ កំពុងត្រូវបានសកលលោកយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំង។

នៅក្នុងជំនួបនេះ លោក អគ្គនាយកក្រុម បានលើកឡើងថា តាមរយៈគម្រោងអភិវឌ្ឍខ្សែក្រវាត់បៃតង ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ខាងលើនេះ ក្រុមហ៊ុន របស់លោក នឹងធ្វើឱ្យផលិតផលកសិកម្មរបស់កម្ពុជាក្លាយទៅជា «កសិទេសចរណ៍» ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិអាចទទួលទានអាហារ ដែលមានស្រាប់នៅតាមតំបន់ទេសចរណ៍នីមួយៗ ប្រកបដោយសុវត្ថិភាព។ លោក ថា ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចចូលរួមទស្សនាបច្ចេកទេសនៃការដាំដុះ និងថែទាំបានដោយផ្ទាល់ផងដែរ។

គោលបំណងរបស់ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ក្នុងជំនួបពិភាក្សាជាមួយក្រសួងទេសចរណ៍នេះ គឺដើម្បីស្នើសុំកិច្ចសហការគាំទ្រពីក្រសួង ដើម្បីជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង (Green Belt) នៅប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ ផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។

នៅក្នុងជំនួបខាងលើ ភាគីទាំងពីរ បានឯកភាពគ្នាថា នឹងរៀបចំឱ្យអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអិលធីឌី និងរៀបចំឱ្យមានក្រុមការងាររួម មួយដើម្បីឱ្យកិច្ចសហការនេះប្រព្រឹត្តទៅប្រកបដោយភាពរលូនជោគជ័យ នាំផលចំណេញដល់ប្រជាជនកម្ពុជាផង និងដល់ក្រុមហ៊ុនដែលខំចំណាយទុនវិនិយោគផង។

សូមបញ្ជាក់ថា ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ក៏បាននឹងកំពុងទទួលបានភាពជោគជ័យ និងមានភាពល្បីល្បាញណាស់ដែរ នៅក្នុងការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវិស័យអេកូទេសចរណ៍ នៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។ ដោយសារកត្តានេះហើយ ទើបជំរុញឱ្យក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍ថ្មីជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺខ្សែក្រវាត់បៃតងខាងលើនេះឯង៕

https://s9.kh1.co/__image/w=650,h=434,q=100/e2/e2a876202afae706d45727d7b320e538888c7529.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0d/0d828cac095e1150648181abf5d5748b268c75ed.jpg

ដោយ​​​​​៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T