កាបូរ៉ូន៖ អាជ្ញាធររបស់ប្រទេសបុតស្វាណាបានឱ្យដឹងកាលពីថ្ងៃច័ន្ទថា យោងតាមការស៊ើបអង្កេត ក៏ដូចជាពិនិត្យលើសាកសពសត្វដំរីប្រមាណ ៣៣០ក្បាលរួចមក ក្រុមអ្នកជំនាញបានរកឃើញថា ពួកវាបានងាប់ដោយសារផឹកទឹកមានសារធាតុពុល ដែលបង្កឡើងដោយនិលវេត្រាណូ (cyanobacteria) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនិលវេត្រាណូ គឺជាសរីរាង្គតូចៗដែលជាទូទៅមាននៅក្នុងទឹក ហើយពេលខ្លះគេឃើញមាននៅក្នុងដី ហើយពួកវាទាំងអស់មិនមែនសុទ្ធតែផលិតជាតិពុលនោះទេ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា សារធាតុពុលទាំងនោះតែងកើតមានជាញឹកញាប់ ដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ និងការឡើងកំដៅផែនដីជាដើម។
យោងតាមក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុបានឱ្យដឹងថា សីតុណ្ហភាពនៅអាហ្វ្រិកខាងត្បូងកំពុងតែកើនឡើងទ្វេដង ដែលធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្រកំពុងមានការព្រួយបារម្មណ៍ទៅលើសុវត្ថិភាពមនុស្សនិងសត្វ ដោយសារតែកំណើនឡើងនៃវត្តមាននិលវេត្រាណូសរីរាង្គនេះ។
គួរជម្រាបដែរថា បុតស្វាណាគឺជាប្រទេសសម្បូរសត្វដំរីជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួនដំរីសរុប ១៥៦,០០០ក្បាល។ ចំណែកប្រទេសហ្ស៊ីមបាវ៉េ ដែលជាប្រទេសសម្បូរសត្វដំរីលំដាប់ទី២ មានចំនួនដំរី ៨៥,០០០ក្បាល ហើយកាលពីឆ្នាំមុន សត្វដំរីប្រហែល ២០០ក្បាល បានស្លាប់ដោយសារការអត់ឃ្លាន ក៏ព្រោះតែប្រទេសមួយនេះជួបគ្រោះរាំងស្ងួត៕


