ក្រោយចេញបទ «ផ្តេសផ្តាស» និង «បានតែនិយាយ» មានអ្នកខឹង និងមិនពេញចិត្ត ស្រាប់តែ ម៉ានិត ចេញមុខបកស្រាយយ៉ាងដូច្នេះ

//s9.kh1.co/2a/2aa69dd7bb4ca10663b940e782b43f974c736140.jpg
នារី

 ១៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀង ម៉ុង ម៉ានិត ចេញមុខបកស្រាយក្រោយពីចេញបទ «ផ្តេសផ្តាស» និងបទ «បានតែនិយាយ»

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាចម្រៀង Original Song ដ៏ល្បីឈ្មោះ ម៉ុង ម៉ានិត ព្រមទាំងជាអ្នកនិពន្ធចម្រៀង និងសៀវភៅវ័យក្មេងមួយរូបផងដែរ។ ហើយបទដែលធ្វើឲ្យមហាជនស្គាល់លោក និងទទួលបានប្រជាប្រិយភាពខ្លាំងគឺបទ «មាននាងក៏ធុញ គ្មាននាងក៏ធុញ» «Pink Day» «មិត្តចេះប្រច័ណ្ឌ» «Forever» ព្រមទាំងបទចម្រៀងល្បីៗជាច្រើនទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះ ម៉ុង ម៉ានិត ទើបនឹងចេញបទចម្រៀងថ្មីៗចំនួន ២បទទៀតគឺ «ផ្តេសផ្តាស» និង «បានតែនិយាយ»។ ក្នុងនោះផងដែរក៏មានអ្នកពេញចិត្ត និងមានអ្នករិះគន់ ខឹង និងមិនពេញចិត្តផងដែរ។ មូលហេតុដែលធ្វើឲ្យកើតមានការរិះគន់ និងមិនពេញចិត្តនេះ ព្រោះតែប្រមាណជាង ១០ឆ្នាំមកនេះ តារាចម្រៀង Original Song ម៉ុង ម៉ានិត តែងតែចេញបទចម្រៀងបែបមនោសញ្ចេតនា អន្លង់អន្លោច និងបទរ៉ូមែនទិចជាដើម ប៉ុន្តែពេលនេះស្រាប់តែលោកបានចេញបទបែប Electropop & Hiphop ទៅវិញ។

យ៉ាងណាមិញ មិនបង្អង់យូរលោក ម៉ុង ម៉ានិត ក៏បានចេញមុខ និងបកស្រាយដ៏វែងក្បោះក្បាយយ៉ាដូច្នេះថា “នេះជាសារឆ្លើយតបសំណួរ​ ថាហេតុអ្វីបានជាចម្រៀងរបស់ខ្ញុំប្រែប្រួល?
ខ្ញុំមិនគិតថានឹងពន្យល់ឡើយ តែខ្ញុំបានទទួលសារខឹងនិងមិនពេញចិត្តចម្រៀងថ្មីៗដែលខ្ញុំនិពន្ធជាច្រើន ដែលរួមមានសារគាំទ្រនិងរីករាយរបស់អ្នកគាំទ្រដូចគ្នា។

បន្ទាប់ពីចេញផ្សាយចម្រៀង «ផ្ដេសផ្ដាស» និង «បានតែនិយាយ» ខ្ញុំបានទទួលសារ និងcomment ជាច្រើន ដែលក្នុងនោះអ្នកស្ដាប់ជាច្រើន ហាក់មិនសុខចិត្ត ខឹង និងមិនពេញចិត្តចំពោះការប្រែប្រួលចរិតបទចម្រៀងរបស់ខ្ញុំ ដែលផ្លាស់ប្ដូរពី Pop/Ballad មកជា Electropop & Hiphop។

ជាដំបូង ខ្ញុំបាទចង់ពន្យល់ពីអត្ថន័យនៃជីវិតអ្នកនិពន្ធបទភ្លេង និងតារាចម្រៀងរបស់ខ្ញុំ។ 
ចម្រៀងរបស់ខ្ញុំត្រូវបានឲ្យនិយមន័យទៅតាមធាតុទាំងបួននៃភពផែនដី គឺ ទឹក ភ្លើង ដី និងខ្យល់។ កាលពីឆ្នាំ២០១៨ ខ្ញុំបានចេញផ្សាយអាល់ប៊ុម សមុទ្រ​ ដែលមានបទ «ពេលបងបិទភ្នែក» ជាបទPromote។ សមុទ្រជាអាល់ប៊ុមដំបូង បន្ទាប់ពីចាកចេញពីក្រុមហ៊ុន ហង្សមាស។ អាល់ប៊ុម សមុទ្រ គឺសំដៅទៅលើទឹក ដែលបទចម្រៀងគ្រប់បទ នឹងលួងលោមឲ្យអ្នកអណ្ដែតអណ្ដូងដូចនៅកណ្ដាលសមុទ្រ។

អ្វីដែលអ្នកបានឮ តាំងពីដើមឆ្នាំមកនេះ​ គឺបទ «ផ្ដេសផ្ដាស» និង «បានតែនិយាយ» មានចង្វាក់ប្រភេទ Electropop និង Hiphop គឺជាចង្វាក់ដែលខ្ញុំឲ្យនិយមន័យជា ភ្លើង។ ភ្លើង វាក្ដៅ វារោលរាល និងកន្ត្រាក់អារម្មណ៍។ នេះហើយជាហេតុ ដែលខ្ញុំសរសេរបទ ផ្ដេសផ្ដាស និង បានតែនិយាយ រួមទាំងបទជាច្រើនទៀត។

អ្នកគាំទ្រមួយចំនួន បានព្យាយាមផ្ញើសារ ឲ្យខ្ញុំច្រៀងបទដូចពីមុនសឹងរាល់ថ្ងៃ តែពួកគេមិនបានព្យាយាមយល់ពីសិល្បៈនៃការធ្វើបទបង្ហាញរបស់សិល្បករដូចជាខ្ញុំឡើយ។ គេថា ខ្ញុំមិនចេះរ៉េបផង រ៉េចធ្វើអី? ប្រឹងម៉េស? បាត់ភាពUniqueខ្លួនឯង ឬឆ្មាងាប់ នៅសរសេរបទពីរោះជាងផង ឬបើចង់ល្បីសរសេរបទhit hitទៅ អាដំណើប។

១/សួរថាខ្ញុំប្រុងធ្វើជាអ្នករ៉េបឬយ៉ាងណា?​ អត់ទេ វាគ្រាន់តែជាការធ្វើបទបង្ហាញនូវអត្ថន័យដែលខ្ញុំចង់បង្ហាញ។

២/ម៉េចមិនសរសេរបទhitដូចពីមុន? បច្ចុប្បន្ននេះ ខ្ញុំសរសេរតែអ្វី ដែលខ្ញុំធ្លាប់ឆ្លងកាត់ប៉ុណ្ណោះ។ ខ្ញុំមិនសរសេរតាមការស្រមើស្រមៃ​ ស្នេហ៍គ្រាដំបូង លួចស្រលាញ់crushម្នាក់ឯងទៀតទេ នោះជាខ្ញុំកាលពី៦ឆ្នាំមុន ពេលនេះខ្ញុំអាយុ២៥ឆ្នាំហើយ។

៣/សរសេរបទខុសពីខ្លួនឯងចឹង​ ប្រយ័ត្នលែងល្បី? ភាពល្បីល្បាញខ្ញុំបានវាមកហើយ បានវាមកតាំងពី១០ឆ្នាំមុន។ ពេលនេះខ្ញុំគ្រាន់តែចង់សរសេរចម្រៀងដែលខ្ញុំចង់សរសេរ មិនមែនសរសេរដើម្បីល្បីតែមួយមុខ។

៤/ប្រយ័ត្នបាត់ហ្វេនមុនអស់? បើគេជាអ្នកស្ដាប់ និងជាអ្នកគាំទ្រខ្ញុំពិត គេនឹងគោរពការសម្រេចចិត្តរបស់ខ្ញុំ និងស្វែងយល់ថា​ ហេតុអ្វីទើបម៉ានិតផ្លាស់ប្ដូរ? ឬគាត់ចង់បង្ហាញពីអ្វីផ្សេង​ ក្រៅពីបទសោកសៅ ស្នេហាអស់សង្ឃឹម អស់រាប់ឆ្នាំមកហើយ។

ខ្ញុំមិនអាចហាមឃាត់ការខឹង និងមិនពេញចិត្តចំពោះចម្រៀងខ្ញុំបច្ចុប្បន្ននេះទេ។ ខ្ញុំគ្រាន់តែចង់ប្រាប់ថា ខ្ញុំមិនមែនល្ងង់ ធ្វើអីមិនដឹងខ្យល់នោះទេ ខ្ញុំមានផ្លូវរបស់ខ្ញុំ ហើយនោះជាសិល្បៈធ្វើបទបង្ហាញរបស់ខ្ញុំ។ កុំបាច់ផ្ញើសារ comment ជេរខ្ញុំអី។ បច្ចុប្បន្ននេះ ខ្ញុំមិនដែលខ្វល់ពីរឿង likes shares និងviewsទេ ខ្ញុំខ្វល់តែពី តើខ្ញុំជានរណា? និងតើខ្ញុំចង់សរសេរពីអ្វី? អរគុណសម្រាប់ការគាំទ្រ និងមើលឃើញពីតម្លៃរបស់ចម្រៀងនីមួយៗរបស់ខ្ញុំ៕”

សូមទស្សនារូបភាពខាងក្រោម៖ 

ម៉ុង ម៉ានិត
ម៉ុង ម៉ានិត
ម៉ុង ម៉ានិត
ម៉ុង ម៉ានិត
សារដែលលោក ម៉ានិត បានបង្ហោះ
សារដែលលោក ម៉ានិត បានបង្ហោះ
ម៉ុង ម៉ានិត
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T