រាប់​បាត្រ៖ ហេតុអី​​​ចាស់​​ទុំ​ណែ​​​នាំ​ «កុំឲ្យស្លាប​​​ព្រាប៉ះ​​​បាត្រ​​លោក​» និង​​ «ប្រយ័ត្ន​​រឿង​​ជ្រុះ​​បាយ​ចេញ​​​ពី​បាត្រ​»?

//s9.kh1.co/81/81f397d26de8b019431c98a95e6aaf1832f38d11.jpg
សង្គម

 ១៣-កញ្ញា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

ចាស់ទុំបាន​ណែនាំអ្នក​ជំនាន់​ក្រោយថា ពេលដាក់បាត្រគឺត្រូវប្រយ័ត្នកុំឲ្យស្លាបព្រាប៉ះជាមួយបាត្ររបស់ព្រះសង្ឃ និងរក្សា​ឥរិយាបថ​យ៉ាងណាមិនត្រូវឲ្យជ្រុះបាយពីស្លាបព្រាពេលរាប់បាត្រ

ក្នុងនាមជាពុទ្ធសាសនិក នារដូវកាលបុណ្យទានពលរដ្ឋខ្មែរនិយមធ្វើម្ហូបអាហារយកទៅវត្តដើម្បីប្រគេន​ព្រះសង្ឃដោយ​ប៉ងប្រាថ្នាសុំសេចក្តីសុខ និងឧទ្ទិសកុសលជូនញាតិសន្តានដែលបានចែកឋាន។ ទន្ទឹមនឹងនោះ ភាគច្រើនចាស់ទុំបាន​ណែនាំអ្នក​ជំនាន់​ក្រោយថា ពេលដាក់បាត្រគឺត្រូវប្រយ័ត្នកុំឲ្យស្លាបព្រាប៉ះជាមួយបាត្ររបស់ព្រះសង្ឃ និងរក្សា​ឥរិយាបថ​យ៉ាងណាមិនត្រូវឲ្យជ្រុះបាយពីស្លាបព្រាពេលរាប់បាត្រ។​  ការអប់រំបែបនោះត្រូវបានយុវជនខ្មែរអនុវត្តន៍តាម ប៉ុន្តែថាតើមូលហេតុអ្វីនៅពីក្រោយការអប់រំរបស់ចាស់ទុំបែបនេះ? ហើយអ្វីជាដំណើរដើមទងនាំឲ្យមានពិធី​រាប់បាត្រនេះឡើង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីស្រាយចម្ងល់ទាក់ទិននឹងប្រធានបទខាងលើ ក្នុងអំឡុងថ្ងៃកាន់បិណ្ឌនេះ Khmerload បានថ្វាយបង្គំ និង​សូមនមស្សការនូវការបកស្រាយពីព្រះតេជគុណ ពេញ​ វិបុល ជាព្រះសង្ឃនាវត្តបទុមវតី និងជាសាស្ត្រាចារ្យថ្នាក់​បណ្តុះ​គុណធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។

ព្រះតេជគុណបានបញ្ជាក់ថា តាមពិតហេតុផលដើមឡើយចាស់ទុំហាមមិនឲ្យប៉ះបាត្រលោក គឺដោយសារសម័យមុន​បាត្រលោកគេធ្វើពីដីដែលការប៉ះ អាចធ្វើឲ្យងាយខូចទ្រង់ទ្រាយ ហើយចាស់ទុំណែនាំមិនឲ្យធ្វេសប្រហែសធ្វើឲ្យ​បាយ​ជ្រុះចេញពីបាត្រលោកឡើយ គឺដោយសារមិនចង់ឲ្យមានការប្រមាទ។

ព្រះតេជគុណមានសង្ឃដីកាថា៖ «សម័យដើមបាត្រលោកគេធ្វើពីដី ដូច្នេះបើដាក់បាត្រទៅមានការប៉ះនឹងស្លាបព្រា ឬវត្ថុរឹងអាចបែក ឬឆែបបាត្ររបស់ព្រះសង្ឃ។ ម្យ៉ាងទៀតចាស់ទុំលោកថា កុំមានការប្រមាទ ធ្វេសប្រហែសស្មារតី​ដែលជា​ហេតុអាច​ធ្វើឲ្យបាយជ្រុះ ឬខ្ទាតចេញពីបាត្រលោក»។

ព្រះអង្គបន្តថា ចំពោះដំណើរដើមទងដែលនាំឲ្យមានការប្រារព្ធរាប់បាត្រនេះឡើង គឺដោយពុទ្ធសាសនិកយក​លំនាំ​តាមព្រះសារីបុត្រជាអគ្គសាវ័កស្តាំធ្លាប់បានយកចង្ហាន់បិណ្ឌបាត្ររបស់ព្រះអង្គ ទៅប្រគេនព្រះភិក្ខុសង្ឃ​ដើម្បីឧទ្ទិស​កុសលដល់ញោមស្រីរបស់លោកដែលបានកើតជាបេតជន (ប្រេត)។

ព្រះតេជគុណ ពេញ វិបុល មានសង្ឃដីកាថា៖ «ការរាប់បាត្រត្រូវគេប្រារព្ធឡើងដោយយកលំនាំព្រះសារីបុត្រជា​អគ្គសាវ័ក​ស្តាំធ្លាប់បានយកចង្ហាន់ បិណ្ឌបាត្ររបស់ព្រះអង្គទៅប្រគេនព្រះភិក្ខុសង្ឃដើម្បីឧទ្ទិសកុសល​ដល់ញោម​ស្រីរបស់លោកដែលបានកើតជាបេតជន។ ម្យ៉ាងទៀតការឆាន់ចង្ហាន់បិណ្ឌបាត្ររបស់ព្រះភិក្ខុសង្ឃ គឺត្រូវនឹង​ពុទ្ធានុញ្ញាតដែលតម្រូវឲ្យបួសត្រូវអាស្រ័យនឹងចង្ហាន់​បិណ្ឌបាត្រជានិស្ស័យ»។

សាស្ត្រាចារ្យថ្នាក់បណ្តុះគុណធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ វ័យ ២៨ព្រះវស្សា និងបានបួសជាព្រះសង្ឃតាំង​ពីនៅកុមារភាព​អង្គនេះ បានលើកទឹកចិត្តឲ្យយុវជនគួរសង្រួមកាយ វាចា ចិត្តឲ្យស្ងប់ និងមានសតិស្មារតីប្រុងប្រយ័ត្ន ព្រមទាំងផ្ចង់ចិត្តឧទ្ទិសដល់លោកអ្នកមានគុណក្នុងពេលរាប់បាត្រផងដែរ។

ព្រះតេជគុណ ពេញ វិបុល៖ «យុវជនគួរសង្រួមកាយ និងវាចាចិត្តឲ្យស្ងប់ និងមានសតិស្មារតីប្រុងប្រយ័ត្ន​ដើម្បីកុំ​មាន​សេចក្តីប្រមាទកើតឡើង​ក្នុងខន្ធសន្តាន និងផ្ចង់ចិត្តឧទ្ទិសដល់លោកអ្នកមានគុណ»៕

រូបភាពពីព្រះតេជគុណ ពេញ វិបុល
រូបភាពពីព្រះតេជគុណ ពេញ វិបុល
រូបភាពពីព្រះតេជគុណ ពេញ វិបុល
រូបភាពពីព្រះតេជគុណ ពេញ វិបុល
រូបភាពពីរស្មី​កម្ពុជា<br>
រូបភាពពីរស្មី​កម្ពុជា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T