ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធំជាងគេលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បានប្រកាសកម្លាយខ្លួនដោយជោគជ័យ ទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារ ហត្ថា ម.ក ហើយការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី ធនាគារ ហត្ថា ប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការ ជាមួយនឹងការប្តេជ្ញាផ្តល់ជូននូវសេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារសុខា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០ ល្ងាច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនៅថ្ងៃនេះ គឺជាសក្ខីភាព និងភ័ស្តុតាងថ្មីមួយទៀត ដែលបានសបញ្ជាក់ឲ្យឃើញថា ធនាគារ ហត្ថា បាននឹងកំពុងតែបន្តដំណើរការអាជីវកម្មប្រកបដោយភាពត្រឹមត្រូវ ផ្អែកទៅតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាណាព្យាបាលដើម្បីពង្រីក និងចាប់យកចំណែកទីផ្សារថ្មីៗនៅក្នុងក្រុមប្រទេសរួមមានកម្ពុជា ឡាវ ភូមា និងវៀតណាម តាមរយៈបទពិសោធន៍អាជីវកម្មដ៏សម្បូរបែប ការបង្កើតនូវទម្រង់អាជីវកម្មថ្មីៗ និងការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃ ធនាគារ ហត្ថា បានមានប្រសាសន៍ឲ្យដឹងថា៖
« ខ្ញុំពិតជាមានមោទនភាព និងសេចក្តីសោមនស្សរីករាយឥតឧបមា ដែលធនាគារ ហត្ថា បានបោះជំហានទៅមុខមួយកម្រិតទៀត។ ហើយនេះគឺជាសក្ខីភាពមួយដែលសបញ្ជាក់ឲ្យឃើញថា យើងបាននឹងកំពុងតែផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់ ច្បាស់លាស់ និងត្រឹមត្រូវតាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ ដែលជាលទ្ធផល អាជីវកម្មរបស់យើងបន្តរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ»។
លោកបានបន្តទៀតថា៖
« ធនាគារ ហត្ថា បានប្តេជ្ញាប្រកបដោយភាពជឿជាក់ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើសេវាកម្មជូនអតិថិជនប្រកបដោយភាពល្អឥតខ្ចោះ មានភាពសាមញ្ញ ងាយស្រួល និងទំនុកចិត្តខ្ពស់ តាមរយៈបុគ្គលិកដែលមានបទពិសោធន៍ ចំណេះ ជំនាញហរិញ្ញវត្ថុ និងវិជ្ជាជីវៈត្រឹមត្រូវ។ លើសពីនេះ ធនាគារ ហត្ថា បានដាក់ចេញនូវយុទ្ធសាស្រ្តអាជីវកម្ម ធនធានមនុស្ស ដើមទុន ប្រព័ន្ធធនាគារស្នូល ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការអាជីវកម្ម ដើម្បីក្លាយជាធនាគារឈានមុខគេមួយ ដែលជួយគាំទ្រអតិថិជនឲ្យមានអនាគតល្អដូចមានន័យចែងក្នុងពាក្យស្លោករបស់យើងគឺ រួមគ្នាសាងអនាគតដ៏ប្រសើរ»។

លោកឧកញ៉ា បានថ្លែងអំណរគុណដល់បញ្ញត្តិករអាណាព្យាបាល ជាពិសេស គឺធនាគារជាតិនៃកម្ពុជា ដែលបានវាយតម្លៃ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ធនាគារ ហត្ថា កន្លងមក និងបានថ្លែងអរគុណដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងទាំងអស់ ព្រមទាំងបុគ្គលិក និងអតិថិជនទាំងអស់ ដែលតែងតែជួយគាំទ្រ ជំរុញ និងលើកទឹកចិត្ត រហូតដល់យើងបានកម្លាយខ្លួនជាធនាគារពាណិជ្ជដោយជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា ក៏បានប្រកាសផងដែរអំពីសេវាកម្មថ្មីៗមួយចំនួន ដែលនឹងផ្តល់ជូនអតិថិជនប្រើប្រាស់ក្រោយពេលក្លាយខ្លួនជា ធនាគារ ក្នុងនោះរួមមាន សេវាធនាគារចល័ត (Hattha Mobile) សេវាផ្ទេរប្រាក់ឆ្លងធនាគារ (Inter-bank Transfer) សេវាឥណទានវិបារូបន៍ (Overdraft Loan) និង សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi និង HYSA Corporate)៕







