ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅបរិវេណនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈ (CLPD) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក សុវណ្ណ យ៉ាវ (Yuya Yao) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) បានមានប្រសាសន៍រំលឹកឲ្យដឹងថា៖
« ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២១ឆ្នាំមកហើយ និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ “នៅកម្ពុជាដើម្បីកម្ពុជា”។ ជានិច្ចកាល យើងបានប្តេជ្ញាចិត្តក្នុងការនាំយកនូវសេវាកម្មផ្នែកឌីជីថល ដើម្បីបម្រើជូនដល់គ្រប់ស្ថាប័ន គ្រប់គេហដ្ឋាន ក៏ដូចជាបុគ្គលគ្រប់ៗរូបផងដែរ ដើម្បីកសាងទំនាក់ទំនងដ៏ពេញលេញ កម្ពុជាដ៏ឆ្លាតវៃ។ ក្រុមហ៊ុន Huawei មានសេចក្តីសោមនស្សរីករាយក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP ) និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈ (CLPD ) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជានាពេលអនាគត។ លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei ប្រកាន់ខ្ជាប់នូវគោលការណ៍នៃការបណ្តុះបណ្តាលទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT talents ក្នុងស្រុកជាអាទិភាព ក៏ដូចជាតែងតែគាំទ្រដល់និស្សិតកម្ពុជា ដើម្បីឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការឈានចូលមកដល់នៃយុគសម័យឌីជីថលនាពេលខាងមុខនេះ»។
លោកបានបន្ថែមទៀតថា៖
« ក្រុមហ៊ុន Huawei កំពុងបន្តផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលរយៈពេលវែង ដល់ទេពកោសល្យវ័យក្មេងជាច្រើននាក់។ ជាក់ស្តែង ទោះស្ថិតនៅក្នុងកំឡុងពេលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តផ្តល់ឱកាសការងារដល់បុគ្គលិកថ្មីៗចំនួន ២១រូប ដែលបម្រើការងារនៅផ្នែកហិរញ្ញវត្ថុ ផ្នែកដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT និងផ្នែកទំនាក់ទំនងសាធារណៈ ជាដើម ដែលពួកគេសុទ្ធសឹងតែជានិសិ្សតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានា»។

លោកបណ្ឌិត Dan Kulmala សាកលវិទ្យាធិការង ទទួលបន្ទុកផ្នែកសិក្សាធិការ និងកិច្ចការនិស្សិតនៃ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានមានប្រសាសន៍ថា៖
« AUPP និង CLPD ពិតជាមានកិត្តិយសក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាឌីជីថល និងរួមចំណែកផ្តួចផ្តើមគំនិតដើម្បីជួយជម្រុញដល់ការផ្លាស់ប្តូរផ្នែកឌីជីថល ក៏ដូចជាដើម្បីធ្វើយ៉ាងណាត្រៀមរៀបចំកម្លាំងរួចជាស្រេច សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជា»។
កិច្ចព្រមព្រៀងនេះ នឹងផ្តល់នូវឱកាសផ្សេងៗជាច្រើនរួមមាន អាហារូបករណ៍ ការចុះកម្មសិក្សា និងសកម្មភាពសហការគ្នាផ្នែកបច្ចេកវិទ្យាផ្សេងៗទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់និស្សិតនៃ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ផងដែរ៕

អំពីក្រុមហ៊ុន Huawei៖
ការបង្កើតថ្មី ឬនវានុវត្តភាពរបស់ក្រុមហ៊ុន Huawei ផ្តោតសំខាន់នៅលើតម្រូវការរបស់អតិថិជន។ យើងវិនិយោគយ៉ាងច្រើនទៅលើការស្រាវជ្រាវជាមូលដ្ឋាន ដោយផ្តោតលើរបកគំហើញបច្ចេកវិទ្យាដែលជំរុញឲ្យពិភពលោកឆ្ពោះទៅមុខ។ មកដល់បច្ចុប្បន្ននេះ យើងមាននិយោជិតសរុបចំនួនជាង ១៩៤,០០០ នាក់ ដែលធ្វើប្រតិបត្តិការធុរកិច្ចនៅបណ្តាប្រទេសជាង ១៧០ ប្រទេស និងតំបន់។ ក្រុមហ៊ុន Huawei ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ ជាក្រុមហ៊ុនឯកជនមួយដែលរួមចំណែកគ្រប់គ្រងដោយបុគ្គលិករបស់ខ្លួនផ្ទាល់៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Huawei៖ www.huawei.com ឬ Facebook របស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា)៖ https://www.facebook.com/HuaweiTechKH .
