ភ្នំពេញៈ ទារិកដែលត្រូវបានឪពុកម្តាយបង្កើតរបស់ខ្លួនបោះបង់ចោលនៅគំនរសម្រាមនៅចាក់អង្រែក្រោម ហើយត្រូវបានកម្មករប្រមូលសំរាមប្រទះឃើញនោះ នឹងទទួលបានការសិក្សាដោយឥតគិតថ្លៃពីសាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកបណ្ឌិត សេង រិទ្ធី ស្ថាបនិកនិងជាអគ្គនាយកសាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ បានប្រកាសផ្តល់អាហារូបករណ៍ដល់ទារិកាកំសត់រូបនេះ នៅពេលទារិកានោះគ្រប់អាយុចូលរៀន ១ឆ្នាំកន្លះ ដែលជាកម្រិតអាយុដែលសាលាទទួលមើលថែទាំ និងបណ្តុះបណ្តាលកុមារ។
លោកបណ្ឌិតបានថ្លែងប្រាប់ថា៖
“ខ្ញុំសូមចូលរួមចំណែកផ្តល់ជូននូវការអប់រំដល់ទារិកានេះឱ្យបានរៀនសូត្រនៅសាលារបស់ខ្ញុំ គឺសាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ ដោយឥតគិតថ្លៃ នៅពេលទារកអាយុបាន ១ឆ្នាំកន្លះឡើងទៅរហូតដល់ចប់កម្មវិធីសិក្សា”។

ការសម្រេចចិត្តលោកអគ្គនាយកសាលាបានធ្វើឡើង ដោយសារលោកមានក្តីអាណិតទារិកានេះយ៉ាងខ្លាំង បន្ទាប់ពីលោកបានអានព័ត៌មានដែលផ្សព្វផ្សាយដោយ ខ្មែរឡូត កាលពីពេលថ្មីៗនេះ អំពីការយកកូនទៅបោះបង់ចោលក្នុងគំនរសម្រាម ហើយបន្ទាប់មកក៏ត្រូវបានគេសង្គ្រោះ និងយកទៅចិញ្ចឹមបីបាច់។
ស្ថាបនិកសាលារូបនេះក៏បានសម្តែងនូវការកោតសរសើរ និងគោរពចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់អាណាព្យាបាលថ្មីរបស់ទារកនេះផងដែរ។ លោកបានបន្ថែមថា បើអាណាព្យាបាលរបស់ទារិកាបានឮដំណឹងនេះ សូមទំនាក់ទំនងមកកាន់សាលាតាមរយៈទូរស័ព្ទលេខ ០៧៦ ៥០០០ ០៨៨ ឬ ០៦៩ ៥០០០ ៦៧៨។
សាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ គឺជាគ្រឹះស្ថានចំណេះទូទៅឯកជនដែលផ្តល់ការអប់រំ ៣ភាសា (ខ្មែរ
អង់គ្លេស និងចិន) ដល់កុមារចាប់ពីអាយុ ១ឆ្នាំកន្លះឡើងទៅ។ បច្ចុប្បន្ន សាលាមាន ៣ទីតាំង ដែលមានអាសយដ្ឋានដូចខាងក្រោម៖
· ទីតាំងទី១៖ អគារលេខ៣ ផ្លូវលេខ៣៣៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
· ទីតាំងទី២៖ អគារលេខ១១ ផ្លូវលេខ៥៤០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
· ទីតាំងទី៣៖ អគារលេខ ៤៧E0E1, ៤៩E0E1 ផ្លូវបុរីពិភពថ្មីសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បវេសនកាលឆ្នាំសិក្សាថ្មី ២០២០ ~ ២០២១ ចូលរៀនថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០


