លក់ដូរ​តាម​ផ្លូវ​អំឡុង​កូវីដ​១៩៖ កម្រៃ​រក​បាន​កាន់​តែ​តិច​ទៅៗ​ តើគួរ​បន្ថយ​បរិ​មាណ ឬគួរ​ឈប់​លក់​មួយ​រយៈ​?​

//s4.kh1.co/f3/f3d7c47108921107ec0fe0de96eb1faa09fb954f.jpg
សង្គម

 ០៧-សីហា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ស្ថានភាពនៃការលក់ដូរសម្រាប់ពលរដ្ឋមិនថា ស្ថាប័នធំ តូច ឬសូម្បីអ្នកលក់ដូរតាមដងផ្លូវក្នុងសម័យកូវីដ ១៩នេះ ប្រាកដ​ណាស់​នឹង​បង្ហាញ​ពីយោបល់ និងបញ្ហាប្រឈមរៀងៗខ្លួនគួរឲ្យកត់សម្គាល់

ស្ថានភាពនៃការលក់ដូរសម្រាប់ពលរដ្ឋមិនថា ស្ថាប័នធំ តូច ឬសូម្បីអ្នកលក់ដូរតាមដងផ្លូវក្នុងសម័យកូវីដ ១៩នេះ ប្រាកដ​ណាស់​នឹង​បង្ហាញ​ពីយោបល់ និងបញ្ហាប្រឈមរៀងៗខ្លួនគួរឲ្យកត់សម្គាល់។ សម្រាប់អ្នកលក់ដូរតាមដងផ្លូវវិញ ជារឿយៗមានការលើកឡើងស្រដៀងគ្នាថា ជំងឺមួយដែលមិនព្រមស្ងាត់បើទោះកើតរាប់ខែក៏ដោយនេះ ជំរុញឲ្យកម្រៃ​រក​បាន​របស់​ពួកគាត់​កាន់​តែ​តិច​ទៅៗ ដោយហេតុថាទំនិញពាក់ព័ន្ធកាន់តែឡើងថ្ងៃ។ បើបែបនេះ មានសំណួរមួយ​ចោទ​​ឡើង​ថា​ តើគួរ​បន្ថយ​​បរិ​មាណ ឬគួរ​ឈប់​​លក់​​មួយ​​រយៈសិន​?​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកលក់ទឹកផ្លែឈើតាមផ្លូវម្តុំខណ្ឌចំការមន អ្នកស្រី ស៊ន សុខា ប្រាប់ខ្មែរឡូតថា ក្នុងអំឡុងកូវីដ​១៩នេះ ស្ថានភាព​លក់ដូរ​មិន​សូវកាក់កបទេចំពោះអ្នកស្រី។

និយាយជាមួយអតិថិជនបណ្តើរ រៀបរាប់ប្រាប់អ្នកសារព័ត៌មានបណ្តើរ អ្នកស្រី សុខា រំឭកថា៖ «តាំងពីមុនខ្ញុំលក់ដាច់​ណាស់។ តែតាំងពីមាន​កូវីដ១៩ ធ្វើឲ្យភេសជ្ជៈអស់នេះនៅសល់ជាញឹកញាប់។ មែនទែនទៅ ខ្ញុំជឿថា ទាំងអ្នកទិញ និងអ្នកលក់សុទ្ធតែមានអារម្មណ៍មិនទុកចិត្តគ្នាទៅវិញទៅមកក្នុងអំឡុងកូវីដ១៩នេះ»។

អ្នកលក់ទឹកល្ពៅ ទឹកសណ្តែក និងទឹកផ្លែឈើមួយចំនួនទៀតខាងលើបានបន្ថែមថា៖ «អត់សូវមានអ្នកទិញយើង​ដូចមុន ហើយទំនិញក៏ឡើងថ្លៃ។ ៣ ខែចុងក្រោយនេះពិបាកលក់ជាងមុន។ លក់បានកម្រៃតិចជាងមុន តែខ្ញុំមិនបោះ​បង់របរនេះទេ ទោះត្រឹមមួយរយៈខ្លីក៏ដោយ។ តក់ៗក៏ជាកម្រៃដែរ។ សម្រាប់ខ្ញុំ ការបន្ថយបរិមាណជាវិធីល្អបំផុត»។

អ្នកស្រីថា ក្នុងនាមជាអ្នកលក់ដូរមួយរូប ​ពេលខ្លះអ្នកស្រីក៏មានការភ័យខ្លាចដូចគ្នាដែលលក់ដូរនៅខាងក្រៅផ្ទះ​ ហើយជួបអ្នកទិញប្លែកមុខជានិច្ចបែបនេះ។ បែបនេះក្តីអ្នកស្រីថា ខ្លួនបានយកចិត្តទុកដាក់ស្តាប់ការណែនាំ​របស់​ក្រសួងសុខាភិបាលជានិច្ច។

ភេសជ្ជៈរបស់ អ្នកស្រី ស៊ន សុខា
ភេសជ្ជៈរបស់ អ្នកស្រី ស៊ន សុខា

ស្ត្រីវ័យ​  ៣០ឆ្នាំរូបនេះថា៖ «រាល់ថ្ងៃមុនចេញមកលក់ ខ្ញុំបានត្រៀមម៉ាស ជែល ​អាល់កុល និងឧស្សាហ៍លាងដៃ»។​

ចំណែកអ្នកលក់ចេកចៀននៅម្តុំបឹងកេងកងមួយរូបសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ខ្មែរឡូតដោយឥត​ស្ទាក់ស្ទើរថា បច្ចុប្បន្នអ្នកស្រីលក់មិនសូវជាដាច់បានច្រើនដូចពីមុនពេលកូវីដ១៩ឡើយ។ អ្នកស្រីបន្តថា គាត់ចាប់អាជីពជាអ្នក​លក់ចេកចៀន និងដំឡូងចៀននេះជិត ៥ឆ្នាំហើយ។ តាំងពីលក់មក មានតែសម័យ​កូវីដ១៩​នេះទេ ដែលការលក់ដូរហាក់តឹងតែងជាងសព្វដង។

ឆ្លើយបណ្តើរ ចៀនចេកបណ្តើរ អ្នកស្រីប្រាប់ថា៖ «លក់សល់ច្រើន មិនសូវដាច់ដូចកាលពីមុនទេ។ រាល់ថ្ងៃនេះ ខ្ញុំចៀនចេក ១០ស្និតអីហ្នឹង ហើយលក់ដាច់មួយថ្ងៃអស់ត្រឹមពាក់កណ្តាលប៉ុណ្ណោះ។ ចឹងហើយ បានខ្ញុំចៀនចេក​ល្មមៗទេ ព្រោះខ្លាចសល់។

សំណួរបន្តថា បើសល់ តើចេកចៀនទាំងនោះនឹងត្រូវយកទៅណា?

អ្នកស្រីបញ្ជាក់ថា៖ «បើសល់ មានតែយក​ឲ្យទៅកម្មករ​ជិតៗហ្នឹង ឬអ្នកស្គាល់គ្នា។ ខ្ញុំគិតថា ឲ្យទៅគេហូបទៅ បានបុណ្យផង។ ខ្ញុំមិនលក់របស់សល់ទេ ខ្លាចដាច់ម៉ូយ»។

ស្រ្តីវ័យ ២៨ឆ្នាំរូបនេះមានសុទិដ្ឋិនិយមថា៖ «លក់មិនដាច់ដូចមុនក៏ដោយ តែខ្ញុំមិនឈប់លក់ទេ ទោះទៅធ្វើអីផ្សេង​ក៏មិនច្បាស់ថាបានកម្រៃសមរម្យជាងហ្នឹងដែរ។ អ៊ីចឹងមានតែកាត់បន្ថយចៀនចេក ចេះតែលក់តទៀតទៅ។ បើអស់ពីកូវីដ ១៩ហ្នឹងទៅ ប្រាកដជាលក់ដាច់វិញ។ តែខ្ញុំមិនដឹងទេថា កូវីដ១៩ហ្នឹង​នឹងបាត់ពីស្រុកយើងនៅ​ពេលណា»។

https://s4.kh1.co/__image/w=650,h=488,q=100/1d/1df09c7cb85785d826cdcff31b7df8a25f9a448f.jpg

ក្រៅពីនេះ អ្នកសារព័ត៌មានខ្មែរឡូតបានជួបសម្ភាសជាមួយអ្នកលក់កាហ្វេ និងទឹកផាសិនមួយរូបនៅម្តុំស្ពានអាកាស​ក្បាលថ្នល់។ កំពុងឆុងកាហ្វេជូនអតិថិជន អ្នកស្រី ទុំ ចាន់ឌី ប្រាប់ថា សម្រាប់អ្នកស្រី ការលក់ដូរ ដូចជាមិនមានការ​ប្រែប្រួលខ្លាំងប៉ុន្មានទេ ទោះមានកូវីដ ១៩ក៏ដោយ តែប្តីអ្នកស្រីទៅវិញទេដែលជាអ្នកប៉ះពាល់។

យ៉ាងណាមានចំណុចខ្លះគួរឲ្យកត់សម្គាល់ដែរ ជាក់ស្តែងអ្នកស្រីថា៖ «កាលពីមុនកូវីដ ១៩ មានភ្ញៀវ មកទិញ និងអង្គុយជាក្រុម តែពេលនេះពួកគាត់ទិញរៀងៗខ្លួនច្រកយកទៅតែម្តង ដោយមិនមានការ ជួបជុំទៀតនោះទេ។ ហើយការលក់ដូរខ្ញុំនៅតែដំណើរការទៅដូចរាល់ដង តែបើសិនទៅថ្ងៃមុខ លក់មិនសូវដាច់ដោយសារជំងឺហ្នឹង ក៏ខ្ញុំមិនឈប់លក់ដែរ។ ខ្ញុំអាចធ្វើតិចៗតាមស្ថានភាពដើម្បីគ្រួសារ ព្រោះប្តីខ្ញុំបាត់បង់ការងារដោយសារកូវីដ១៩នេះ»។

ទាក់ទិននឹងការការពារការរាតត្បាតនៃជំងឺកូវីដ១៩នេះដែរ អ្នកស្រីថា ខ្លួនទទួលបានព័ត៌មាននៃការណែនាំ​ពីទំព័រ​ហ្វេសប៊ុករបស់ក្រសួងសុខាភិបាល។ អ្នកស្រីបន្តថា ទោះបីការរកស៊ីនៅតែបន្តដូចធម្មតាក៏ពិតមែន តែអ្នកស្រី​មិនដែលភ្លេចខ្លួនរឿងកូវីដ១៩ឡើយ។

អ្នកស្រីបានរំឭកអ្នកលក់ដូរតាមដងផ្លូវ និងពលរដ្ឋក្នុងក្រុងថា៖ «ពលរដ្ឋខ្លះយូរៗទៅគិតថា មិនអីៗ។ តែមិនអ៊ីចឹងទេ វាអាចនឹងកើតឡើង បើគ្រប់គ្នាខ្វះការប្រុងប្រយ័ត្ន»៕

កន្លែងលក់ដូររបស់ អ្នកស្រី ទុំ ចាន់ឌី
កន្លែងលក់ដូររបស់ អ្នកស្រី ទុំ ចាន់ឌី
កន្លែងលក់ដូររបស់ អ្នកស្រី ទុំ ចាន់ឌី
កន្លែងលក់ដូររបស់ អ្នកស្រី ទុំ ចាន់ឌី
កន្លែងលក់ដូររបស់ អ្នកស្រី ទុំ ចាន់ឌី
កន្លែងលក់ដូររបស់ អ្នកស្រី ទុំ ចាន់ឌី
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T