បរទេស៖ រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានអំពាវនាវឱ្យមានសម្ព័ន្ធមួយចំនួននាំគ្នាប្រឆាំងនឹងគោលនយោបាយឈ្លានពានរបស់ទីក្រុងប៉េកាំង ពេលនេះសេតវិមានបានប្រកាស ថានឹងជួយដល់ប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាជាមួយទីក្រុងប៉េកាំង ដែលតែងចូលលុកលុយដែនទឹកជុំវិញកោះដាច់ស្រយាល សេនកាគូ (Senkakus) ក្នុងអាណាខេត្តអូគីណាវ៉ា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកឧត្តមសេនីយ៍ឯក Kevin Schneider ដែលជាមន្រ្តីយោធាជាន់ខ្ពស់អាមេរិកនៅប្រទេសជប៉ុន បានលើកឡើងយ៉ាងដូច្នេះថា៖
សហរដ្ឋអាមេរិកមានជំហររឹងមាំ ១០០ភាគរយក្នុងការប្តេជ្ញាចិត្តជួយរដ្ឋាភិបាលជប៉ុនក្នុងស្ថានភាពអាសន្ននេះ។ យើងបានមើលឃើញថា នាវារបស់ចិនបានចូលលុកលុយដែនទឹកជុំវិញកោះរបស់ជប៉ុន ម្តងទៅពីរដងក្នុងរយៈពេលមួយខែ ប៉ុន្តែនៅពេលនេះសហរដ្ឋអាមេរិកសម្រេចបានជួយឃ្លាំមើល និងស៊ើបការណ៍ជាមួយប្រទេសជប៉ុន ដើម្បីវាយតម្លៃក៏ដូចជាត្រៀមទប់ទល់ទៅស្ថានការណ៍តានតឹងនេះ។

គួរឱ្យដឹងដែរថា ដោយសារសម្លឹងឃើញការដាក់សម្ពាធពីសំណាក់ប្រទេសចិន មកលើប្រទេសជប៉ុនជាបន្តបន្ទាប់ មន្រ្តីការពារជាតិជប៉ុនក៏បានពន្លឿនការពិភាក្សាជាមួយសម្ព័ន្ធមិត្តមួយចំនួនទៀត ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងថ្មីៗ។ ហើយមិនតែប៉ុណ្ណោះ ប្រទេសជប៉ុនក៏បានការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ F-35 ក្រុមហ៊ុនអាមេរិក Lockheed Martin រហូតដល់ទៅ ១០៥គ្រឿង ក្នុងគោលបំណងយកមកបង្កើនសមត្ថភាពការពារដែនកោះដាច់ស្រយាលរបស់ខ្លួន៕
