មកដឹងពីប្រវត្តិឧកញ៉ាឃ្នួរទាំង ៩រូបរបស់ឥស្លាម​ក្រុមកនអ៊ីម៉ាំសាន់

//s4.kh1.co/f2/f2aaa8260efc97d2461a577a7f610929a45556e8.jpg
សង្គម

 ០៣-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មកដឹងពីប្រវត្តិរបស់លោកឧកញ៉ាឃ្នួរ (មេដឹកនាំ) ទាំង ៩រូបរបស់ឥស្លាមក្រុមកនអ៊ីម៉ាំសាន់

ឧកញ៉ាឃ្នួរ គឺជាគោរមងារមេដឹកនាំសហគមន៍ឥស្លាមក្រុមកនអ៊ីម៉ាំសាន់ ដែលផ្សំដោយពាក្យពីរគឺ ពាក្យ ឧកញ៉ា មានន័យថា ជាមន្ត្រីកិត្តិយស សក្តិប្រាំពីរហ៊ូពាន់ ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានព្រះរាជទាន​ព្រះរាជក្រឹត្យតែងតាំងស្របច្បាប់រដ្ឋ។ រីឯពាក្យ ឃ្នួរ មានន័យថា មេដឹកនាំសាសនា (សម្តេចសង្ឃរាជ) ហេតុដូចនេះ​ទើប​មានពាក្យថា ឧកញ៉ាឃ្នួរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីសម័យអាណានិគមនិយមបារាំងរហូតមកដល់បច្ចុប្បន្ន ឧកញ៉ាឃ្នួរមានចំនួន ៩រូបគឺ៖

១. ឧកញ៉ាឃ្នួរ ប៉ាន     

២. ឧកញ៉ាឃ្នួរ ហ៊ីម     

៣. ឧកញ៉ាឃ្នួរ សេស   

៤. ឧកញ៉ាឃ្នួរ លឹម

៥. ឧកញ៉ាឃ្នួរ កៃ កក់   

៦. ឧកញ៉ាឃ្នួរ សឹម សាលី

៧. ឧកញ៉ាឃ្នួរ លី ម៉ាន  

៨. ​ឧកញ៉ាឃ្នួរ កៃ ទាំ 

៩. ឧកញ៉ាឃ្នួរ ម៉ាត់ សា

លោកឧកញ៉ាឃ្នួរទាំង ៩រូប មានដើមកំណើតនៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ តែលោកឧកញ៉ាឃ្នូរ ៥រូប មានដូចជា ឧកញ៉ាឃ្នូរ ប៉ាន ឧកញ៉ាឃ្នួរ ហ៊ីម ឧកញ៉ាឃ្នួរ ហ្គីម សេស ឧកញ៉ាឃ្នួរ លឹម និងឧកញ៉ាឃ្នួរ កៃ កក់ ត្រូវបានតែងតាំងក្នុងសម័យអាណានិគមនិយមបារាំង។ ដូច្នេះពុំមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់នោះទេ ព្រោះឯកសារត្រូវបានបាត់បង់នៅក្នុងសម័យខ្មែរក្រហម តែចំពោះលោកឧកញ៉ា ៤ រូបទៀតគឺមានឯកសារបញ្ជាក់អត្តសញ្ញាណដែលមានដូចជា៖

. ឧកញ៉ាឃ្នួរ សឹម សាលី

លោកឧកញ៉ាឃ្នួរ សឹម សាលី
លោកឧកញ៉ាឃ្នួរ សឹម សាលី

ឧកញ៉ាឃ្នួរ សឹម សាលី កើតនៅឆ្នាំ ១៨៩៥ រស់នៅក្នុងភូមិស្រែប្រីយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកមានឪពុកឈ្មោះ អូង កៃ ម្តាយឈ្មោះ មៃ កុ ហើយលោកឧកញ៉ាឃ្នួរមានប្រពន្ធ ២នាក់ ប្រពន្ធទី១ ឈ្មោះ មៃ យ៉ះ មានកូនប្រុសពីរនាក់ កូនទី១ ឈ្មោះ លី ម៉ាន និងកូនទី ២ឈ្មោះ លី សុក។ ប្រពន្ធទី២ ឈ្មោះ ភ័ស មានកូនប្រុស២នាក់ ស្រី១នាក់ ដែលកូនទី១ឈ្មោះ លី​ ផូង កូនទី២ លី ម៉ាត់ និងកូនទី៣ លី ទះ។

លោកឧកញ៉ាឃ្នូរ សឹម សាលី ត្រូវបានតែងតាំងជាឧកញ៉ាឃ្នួរក្នុងរជ្ជកាលព្រះបាទ នរោត្តម សីហនុ។ ហើយលោកបានគ្រប់គ្រងសហគមន៍ឥស្លាមទាំងមូល និងមានទីស្នាក់ការនៅវិហារកែវសអូរឫស្សី។

ចំពោះសមិទ្ធផលរបស់លោកឧកញ៉ាឃ្នួរមានដូចជា បានកសាងវិហារកែវសអូរឫស្សី ស្ថិតនៅក្នុងភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច  និងមួយទៀត បានកសាងវិហារព្រះអ៊ីម៉ាំសាន់នៅលើភ្នំព្រះរាជទ្រព្យ។

. ឧកញ៉ាឃ្នួរ លី ម៉ាន

លោកឧកញ៉ាឃ្នួរ លី ម៉ាន
លោកឧកញ៉ាឃ្នួរ លី ម៉ាន

លោកឧកញ៉ាឃ្នួរ លី ម៉ាន កើតនៅឆ្នាំ ១៩២១ រស់នៅភូមិស្រែប្រីយ៍​ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកមានឪពុកឈ្មោះ សឹម សាលី ម្តាយឈ្មោះ មៃ យ៉ះ។ លោកមានប្រពន្ធ៤នាក់ ប្រពន្ធទី១ឈ្មោះ ម៉ាស់ មានកូនស្រី ២នាក់ កូនទី១ឈ្មោះ ម៉ាន ណប់ និងកូនទី២ឈ្មោះ ម៉ាន ជះ។ ប្រពន្ធទី២ ឈ្មោះ ភ័ស​ គ្មានកូន។ ប្រពន្ធទី៣ ឈ្មោះ សានី មានកូនប្រុសម្នាក់ ឈ្មោះ ម៉ាន សា និងប្រពន្ធទី ៤ ឈ្មោះ សំ មានកូនប្រុសម្នាក់ឈ្មោះ ម៉ាន តេះ។

លោកឧកញ៉ាឃ្នួរ បានបួសរៀននៅក្នុងសំណាក់លោកឧកញ៉ាឃ្នួរ កៃ កក់ ហើយលោកគឺជាអ្នកដែលស្រឡាញ់ និងជួយទ្រទ្រង់ការងារសាសនារហូតមកដែរ។ លោកជាមេដឹកនាំសហគមន៍ឥស្លាមក្រុមកនអ៊ីម៉ាំសាន់ ហើយទីស្នាក់ការរបស់លោកនៅវិហារកែវសអូរឫស្សី។

លោកបានជួយការងារសង្គមជាច្រើនដូចជា បានជួយជួសជុលវិហារកែវសអូរឫស្សីឡើងវិញ ជួសជុលវិហារព្រះអ៊ីម៉ាំសាន់​នៅភ្នំព្រះរាជទ្រព្យ កសាងស្រះទឹកនៅវិហារអ៊ីម៉ាំសាន់ និងស្នើសុំសាលារៀនបឋមសិក្សា​ពីសម្តេច​ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល មួយខ្នងដែលមានបីបន្ទប់​។

ឧកញ៉ាឃ្នួរ លី ម៉ាន បានទទួលអនិច្ចកម្មនៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ១៩៩៨ ដោយរោគាពាធ ក្នុងជន្មាយុ ៧៧ឆ្នាំ។ សពរបស់លោក បានយកទៅបញ្ចុះជាប់នឹងផ្នូររបស់លោកឧកញ៉ាឃ្នួរ សឹម សាលី ដែលត្រូវជាឪពុករបស់លោក។

. ឧកញ៉ាឃ្នួរ កៃ ទាំ

លោកឧកញ៉ាឃ្នួរ កៃ ទាំ
លោកឧកញ៉ាឃ្នួរ កៃ ទាំ

លោកឧកញ៉ាឃ្នូរ កៃ ទាំ កើតនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ១៩៣៥ រស់នៅភូមិស្រែប្រីយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឪពុករបស់លោកឈ្មោះ អូង ម៉ាន ម្តាយឈ្មោះ មៃ ហ្គះ។ លោកមានប្រពន្ធឈ្មោះ ហ៊ីម ម៉ះ មានកូន២នាក់ កូនស្រីឈ្មោះ ម៉ាន ណុប និងកូនប្រុស ឈ្មោះ ម៉ាន ហាំម៉ាត់។

លោកឧកញ៉ាឃ្នូរ កៃ ទាំ ជាសិស្សរបស់លោកឧកញ៉ាឃ្នួរ សឹម សាលី។ លោកបានបន្សល់ទុកនូវស្នាដៃជាច្រើនដូចជា រៀបចំអភិរក្សវប្បធម៌អក្សរចាម សាងសង់សាលាបង្រៀនចាមមួយខ្នងស្មើនឹងបីបន្ទប់ បានជួសជុលវិហារកែវសអូរឫស្សី និងជួសជុលវិហារអ៊ីម៉ាំសាន់នៅលើភ្នំព្រះរាជទ្រព្យ។ ហើយលោកក៏បានកសាងទីអាស្រម និងក្រាលគ្រោះក្រហមនៅទីផ្នូរព្រះអ៊ីម៉ាំសាន់ ស្ថិតនៅក្នុងភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាចផងដែរ។

លោកឧកញ៉ាឃ្នួរ កៃ ទាំ បានទទួលអនិច្ចកម្មថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៦ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីនៅភ្នំពេញ ក្នុងជន្មាយុ ៧៧ ឆ្នាំ ហើយសពរបស់លោកបានបញ្ចុះនៅភូមិស្រែប្រីយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ត្រង់ទិសឦសាន នៃវិហារកែវសអូរឫស្សី។

. ឧកញ៉ាឃ្នួរ ម៉ាត់ សា

លោកឧកញ៉ាឃ្នួរ ម៉ាត់ សា កើតនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ១៩៧២ រស់នៅភូមិស្រៃប្រីយ៍ ឃុំអូរឫស្សី ​ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឪពុករបស់លោកមានឈ្មោះ ម៉ម ម៉ាត់ (ស្លាប់សម័យប៉ុល ពត) និងម្តាយឈ្មោះ លះ ម៉ះ។ លោកឧកញ៉ាឃ្នួរ មានប្រពន្ធឈ្មោះ យ៉ាំ រី ជាស្ត្រីមេផ្ទះ។ លោកមានកូន ៣នាក់ ស្រី២នាក់ ប្រុស១នាក់ កូនទី១ ឈ្មោះ ម៉ាត់ អៃសាសន៍  កូនទីឈ្មោះ ម៉ាត់ អង្គារ និងកូនទី៣ឈ្មោះ ម៉ាត់ មករា។

លោកឧកញ៉ាឃ្នួរ ម៉ាត់ សា បានរៀនសូត្រអក្សរចាម្ប៍ និងអក្សរបានី ក្នុងសំណាក់លោកគ្រូ លី​ ម៉ាត់។ ហើយលោកបានសិក្សាជាមួយលោកឧកញ៉ាឃ្នួរ លី​ ម៉ាន និងជាមួយលោកឧកញ៉ាឃ្នួរ កៃ ទាំ ម្យ៉ាងទៀតលោកក៏ជាលេខាលោកឧកញ៉ាឃ្នួរ កៃ ទាំ ផងដែរ។

លោកឧកញ៉ាឃ្នួរ ម៉ាត់ សា
លោកឧកញ៉ាឃ្នួរ ម៉ាត់ សា

ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០០១ លោកឧកញ៉ាឃ្នូរ ម៉ាត់ សា បង្រៀននៅអនុវិទ្យាល័យមហាសាមគ្គី (វិទ្យាល័យ សម្តេចធម្មពោធិ៍សាល ជា ស៊ីម) ហើយពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៩ លោកជាគ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបរមនាថ នរោត្តម សីហមុនី។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រមនុស្សសាស្ត្រ និងសិល្បៈ ឯកទេស ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។

កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦ លោកឧកញ៉ាឃ្នួរ ម៉ាត់ សា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងជាមេដឹកនាំសហគមន៍ឥស្លាមក្រុមកនអ៊ីម៉ាំសាន់។

ដោយឡែក កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៩ លោកឧកញ៉ាឃ្នួរ ម៉ាត់ សា ​ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងធម្មការ និងសាសានា ដែលមានឋានៈស្មើ រដ្ឋលេខាធិការ។

គួរជម្រាបផងដែរថា លោកឧកញ៉ាឃ្នួរ ម៉ាត់ សា បានកសាងនូវសមិទ្ធផលដូចជា បានចាក់ដី ធ្វើរបងនិងធ្វើខ្លោងទ្វារក្នុងវិហារកែវសអូរឫស្សី។ ម្យ៉ាងវិញទៀត លោកក៏បានជួសជុលផ្លូវលំក្នុងភូមិស្រែប្រិយ៍ និងធ្វើរបងនៅវិហារព្រះអ៊ីម៉ាំសាន់នៅលើភ្នំព្រះរាជទ្រព្យ។ ក្រៅពីសមិទ្ធផលទាំងនោះហើយ លោកក៏បានចងក្រងសៀវភៅប្រវត្តិ និងពិធីបុណ្យផ្សេងៗមានដូចជា ពិធីបុណ្យម៉ៅឡត់, ប្រវត្តិរបស់លោកឧកញ៉ាឃ្នួរ, ពិធីរៀបអាពាហ៍ពិពាហ៍, ជីវប្រវត្តិអ៊ីម៉ាំសាន់ជាដើម ហើយក្រៅពីនោះ លោកក៏នៅមានសមិទ្ធផលផ្សេងៗទៀត។

សូមបញ្ជាក់ថា ប្រវត្តិ និងរឿងរ៉ាវពាក់ព័ន្ធខាងលើនេះ អ្នកសារព័ត៌មានខ្មែរឡូតបានសម្ភាសផ្ទាល់ជា មួយលោកឧកញ៉ា​ឃ្នួរ ម៉ាត់ សា ដែលជាមេដឹកនាំសហគមន៍ឥស្លាមក្រុមកនអ៊ីម៉ាំសាន់បច្ចុប្បន្ន។ ក្រៅពីនោះ មេដឹកនាំរូបនេះ ក៏បានចែក​រំលែក​នូវឯកសារសំខាន់ៗផងដែរ៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T