អាមេរិក៖ អ្នកជំងឺវ័យ៧៣ឆ្នាំម្នាក់ ឈ្មោះ Doris Crippen មកពីរដ្ឋ Nebraska សហរដ្ឋអាមេរិក បានចាត់ទុកវីរុសកូរ៉ូណាជា «ពរជ័យ» ព្រោះបានជួយគាត់ ឲ្យជួបជាមួយប្អូនស្រីបង្កើតវិញ ដែលបែកគ្នាអស់រយៈពេលជាង៥០ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសារព័តមាន WWSB បានឲ្យដឹងថា អ្នកស្រី Doris Crippen បានជាជួបជុំជាមួយប្អូនស្រីរបស់គាត់ម្នាក់ ដែលមានឈ្មោះថា Bev Boro វ័យ៥៣ឆ្នាំ និងជាជំនួយការផ្នែកឱសថ។ អ្នកទាំងពីរបានបែកគ្នាតាំងពីឆ្នាំ១៩៦៧មកម្ល៉េះ ដែលកាលនោះ អ្នកស្រី Bev Boro ទើបមានអាយុ៦ខែប៉ុណ្ណោះ។
តែរឿងនឹកស្មានមិនដល់ក៏បានកើតឡើង នៅពេលអ្នកស្រី Bev Boro បានឃើញឈ្មោះរបស់បងស្រីគាត់ ក្នុងបញ្ជីឈ្មោះនៃអ្នកជំងឺ។ អ្នកស្រី Boro និយាយថា៖
ខ្ញុំបានដើរទៅជួបបងស្រីរបស់ខ្ញុំ អមនឹងបញ្ជីឈ្មោះក្នុងដៃ ហើយក៏ចង្អុលសួរគាត់ថា តើ Wendall Huffman ជាឈ្មោះឪពុករបស់គាត់មែន ឬយ៉ាងណា។ ហើយគាត់ក៏បានឆ្លើយតបមកវិញថា នោះពិតជាឈ្មោះឪពុករបស់គាត់មែន។ មិនបង្អង់យូរ ខ្ញុំបានចង្អុលខ្លួនឯង និងប្រាប់គាត់ថា ឈ្មោះនោះក៏ជាឪពុករបស់ខ្ញុំដែរ។
ដោយឡែក នៅក្នុងបទសម្ភាស៍មួយ អ្នកស្រី Crippen បានរៀបរាប់ថា៖
ខ្ញុំស្ទើរតែធ្លាក់ពីលើកៅអី និងទប់ទឹកភ្នែកមិនជាប់ទេ ព្រោះវាគឺជាអារម្មណ៍ដ៏រីករាយឥតគណនា នៅពេលបានជួបប្អូនស្រីរបស់ខ្ញុំវិញ ព្រោះរយៈពេល៥៣ឆ្នាំមកហើយដែលខ្ញុំខានជួបនាង ដែលកាលនោះនាងនៅជាទារកនៅឡើយ។
យ៉ាងណាមិញ អ្នកស្រី Crippen បានទៅផ្ទះអ្នកស្រី Boro និងជួបជុំសាច់ញាតិផ្សេងទៀត ហើយគ្រោងរៀបចំពិធីដើម្បីអបអរការជួបជុំគ្នា ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖

