វៀតណាម៖ នៅថ្ងៃសុក្រ ទី៣១ ខែកក្កដានេះ ក្រសួងសុខាភិបាលវៀតណាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់៤៥ករណី ដែលនេះជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតលើកដំបូង ចាប់តាំងពីចុងខែមករាមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងរបាយការណ៍ខាងលើនេះដែរ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជក់ថា អ្នកជំងឺដែលទើបនឹងរកឃើញថ្មីៗនេះ មានអាយុចន្លោះពី២៧ឆ្នាំ ដល់ ៨៧ឆ្នាំ មកពីមន្ទីរពេទ្យចំនួន៤ និងសណ្ឋាគារចំនួន១ ក្នុងទីក្រុងដាណាង។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទីក្រុងទេសចរណ៍មួយនេះ ប្រកាសរកឃើញអ្នកឆ្លងក្នុងសហគមន៍លើកដំបូង បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈ៩៩ថ្ងៃ ហើយមកទល់ពេលនេះ អ្នកឆ្លងសរុបបានកើនដល់៩៣ករណីហើយ។ ខណៈដែលបច្ចុប្បន្ន ប្រទេសមានព្រំប្រទល់ជាប់នឹងកម្ពុជាមួយនេះ បានកត់ត្រាអ្នកឆ្លងទូទាំងប្រទេសចំនួន ៥០៩ករណី តែពុំទាន់មានអ្នកស្លាប់នៅឡើយទេ។
គួរឲ្យដឹងដែរថា ប្រទេសវៀតណាមបានចាប់ផ្ដើមធ្វើតេស្ដទ្រង់ទ្រាយធំ លើប្រជាជននៅទីក្រុងហាណូយប្រមាណ២១,០៦៣នាក់ ដែលទើបត្រឡប់មកពីដាណាងវិញ កំឡុងថ្ងៃឈប់សម្រាក។ ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ អាជ្ញាធរក្នុងទីក្រុងហាណូយ បានបិទកន្លែងកម្សាន្ដ ក៏ដូចជាហាមឃាត់ការជួបជុំផ្សេងៗផងដែរ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺ៕
សូមទស្សនារូបភាពខាងក្រោម៖


