អាមេរិក៖ ស្ត្រីម្នាក់មានឈ្មោះថា Catherine Houe អាយុ៤៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃពុធសប្ដាហ៍មុន ខណៈពេលកំពុងឡើងភ្នំជាមួយប្ដី និងមិត្តភក្ដិ ស្របពេលសីតុណ្ហភាពឡើងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងឧទ្យានជាតិ Grand Crayon ដែលមានទីតាំងស្ថិតនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមភ្នាក់ងារឧទ្យានជាតិខាងលើបានឲ្យដឹងថា អ្នកស្រី Catherine Houe រស់នៅក្នុងទីក្រុង Daly រដ្ឋកាលីហ្វ័រញ៉ា បានផុតដង្ហើម បន្ទាប់ពីអ្នកស្រី និងប្ដី រួមទាំងមិត្ដភក្ដិរបស់អ្នកស្រី ឡើងទៅលើភ្នំបានចម្ងាយ ៤ម៉ាយល៍ (ប្រមាណ ៦.៤គីឡូម៉ែត្រ) ដោយមានបំណងទៅស្នាក់ក្នុងកញ្ចុះមួយចំនួនមួយយប់ ចំពេលសីតុណ្ហភាពឡើងដល់ ១៤៤ អង្សាហ្វារិនហៃ (ប្រមាណ ៤៥.៥ អង្សាសេ)។
ជាមួយគ្នានេះ យោងតាមការធ្វើកោសល្យវិច័យរបស់អាជ្ញាធរបានឲ្យដឹងទៀតថា អ្នកស្រី Houe បានធ្លាក់ខ្លួនឈឺនៅវេលាម៉ោងប្រហែល ៥:៣៥នាទីល្ងាច ខណៈពេលនៅសល់តែចម្ងាយជាង ៨០០ម៉ែត្រទៀតប៉ុណ្ណោះ ដើម្បីទៅដល់គោលដៅ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្គ្រោះបន្ទាន់ បានប្រើប្រាស់ឧទ្ធម្ភាគចក្រ និងចុះទៅដល់ទីតាំងកើតហេតុផងដែរ ហើយអ្នកស្រី Houe ត្រូវបានក្រុមអ្នកជំនាញជឿជាក់ថា បានស្លាប់ដោយសារតែកម្ដៅឡើងខ្លាំងពេក។

យ៉ាងណាមិញ ក្រោយពីមានរឿងបែបនេះកើតឡើងមក ខាងឧទ្យានជាតិបានជំរុញឲ្យភ្ញៀវទេសចរទាំងអស់ត្រូវត្រៀមខ្លួនចំពោះអាកាសធាតុក្ដៅនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ព្រោះតំបន់ខ្លះសីតុណ្ហភាពអាចឡើងដល់ ១២០អង្សាហ្វារិនហៃ (ប្រមាណ ៤៨.៨អង្សាសេ)។
គួរឲ្យដឹងដែថា ការឡើងភ្នំនៅពេលក្ដៅខ្លាំងបែបនេះ អាចនាំឲ្យយើងឆាប់នឿយហត់ ហើយករណីធ្ងន់ធ្ងរខ្លះអាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាល និងលក្ខខណ្ឌផ្សេងទៀតអាចបណ្ដាលឲ្យស្លាប់ផងដែរ៕

ប្រភព៖ The Mercury News