រ៉ូម៉ានី៖ លោកតា Dumitru Comanescu មានអាយុ ១១១ឆ្នាំ និង៨ខែ ទើបបានទទួលមរណភាពកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ក្រោយជាប់ឈ្មោះជាបុរសវ័យចាស់ជាងគេនៅលើពិភពលោកបានជិត១ខែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកតា Comanescu បានកើតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩០៦ នៅភូមិមួយស្ថិតក្នុងសង្កាត់ Provița de Jos ភាគខាងត្បូងនៃប្រទេសរ៉ូម៉ានី។ លោកតាត្រូវបានគេតែងតាំងជាបុរសវ័យចំណាស់ជាងគេបំផុតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពីអតីតបុរសវ័យចាស់ជាងគេ គឺជាជនជាតិអង់គ្លេសឈ្មោះ OAP Bob Weighton ដែលបានទទួលមរណភាពនៅអាយុ ១១២ឆ្នាំ។ តែយ៉ាងណាមិញ លោកតា Comanescu ក៏បានចែកឋាន កាលពីថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ថ្មីៗនេះផងដែរ ខណៈមូលហេតុមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។

កាលពីខែមុន លោកតា Comanescu បាននិយាយនៅពេលរូបគាត់ទទួលឋានៈជាបុរសវ័យចំណាស់ជាងគេថា៖
ខ្ញុំសូមអរគុណដល់អ្នកដែលនៅជាមួយខ្ញុំ និងជាផ្គត់ផ្គង់ខ្ញុំអស់ជាច្រើនឆ្នាំកន្លងមក ជាពិសេសក្រុមគ្រួសារ និងមិត្ដភក្ដិរបស់ខ្ញុំ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត ខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់ ចំពោះការជ្រើសរើសខ្ញុំជាបុរសមានវ័យចំណាស់ជាងគេនៅលើពិភពលោក។

គួរឲ្យដឹងដែរថា បុរសដែលធ្លាប់មានអាយុច្រើនជាងគេគឺជាជនជាតិជប៉ុនឈ្មោះថា Jiroemon Kimura ប៉ុន្ដែគាត់បានទទួលមរណភាពក្នុងឆ្នាំ២០១៣ នៅអាយុ ១១៦ឆ្នាំ និង៥៤ថ្ងៃ។ ខណៈស្ត្រីដែលមានអាយុច្រើនជាងគេ បានទៅលើជនជាតិបារាំងឈ្មោះថា Jeanne Louise Calment ហើយគាត់បានទទួលមរណភាពក្នុងឆ្នាំ១៩៩៧ នៅអាយុ ១២២ឆ្នាំ និង ១៦៤ថ្ងៃ៕
