រកឃើញភពថ្មីមួយទៀត ដែលមានលក្ខណៈស្រដៀងនឹង ភពផែនដីរបស់យើងបំផុត

//s5.kh1.co/b3/b3c7f0ee717446069b718a5f7efe592905db7bac.jpg
បច្ចេកវិទ្យា

 ០៦-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វាមានទំហំតូចជាងផែនដីរបស់យើងចំនួនពីរដង និងទទួលបានបរិមាណនិងប្រភេទនៃពន្លឺប្រហាក់ប្រហែលនឹងព្រះអាទិត្យរបស់យើងដែរ។

បរទេស៖ ដោយមានចម្ងាយប្រមាណ៣,០០០ឆ្នាំពន្លឺពីផែនដី ក្រុមអ្នកស្រាវជ្រាវជឿថា ពួកគេបានរកឃើញភពផែនដីមួយទៀត ដែលមានលក្ខណៈស្រដៀងនឹងភពរបស់យើង ដែលកំពុងធ្វើដំណើរជុំវិញផ្កាយមួយ ដែលមានលក្ខណៈដូចព្រះអាទិត្យរបស់យើងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្កាយនេះត្រូវបានគេហៅថា Kepler-160 ហើយវាត្រូវបានគេអង្កេត នៅក្នុងបេសកកម្មស្វែងរកភពក្រៅប្រព័ន្ធព្រះអាទិត្យ ក្នុងចន្លោះឆ្នាំ២០០៩និង២០១៣។ វាមានទំហំនិងសីតុណ្ហភាពស្រដៀងនឹងព្រះអាទិត្យរបស់យើងដែរ។

ការសង្កេតពីមុន រយៈពេល៦ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ផ្កាយ Kepler-160 ត្រូវបានវិលជុំវិញដោយភពចំនួនពីរគឺ Kepler-160b និង Kepler-160c។ ប៉ុន្តែពួកវាទាំងពីរនេះមានទំហំធំជាងផែនដី និងគោចរជុំវិញផ្កាយដែលធ្វើឲ្យសីតុណ្ហភាពនៅលើផ្ទៃរបស់វា ក្ដៅខ្លាំងនិងមិនអាចរស់នៅបាន។

រូបតំណាង
រូបតំណាង

ទោះជាយ៉ាងណា មានការផ្លាស់ប្ដូររយៈពេលនៃដំណើរគោចររបស់ភព Kepler-160c ដែលគេសង្ស័យថា អាចនឹងមានភពទី៣នៅក្នុងប្រព័ន្ធផ្កាយមួយនេះ។ ផ្ទុយទៅវិញ ក្រុមតារាវិទូមិនមែនរកឃើញភពថ្មីមួយទៀតនោះទេ ប៉ុន្តែភពថ្មីចំនួនពីរទៀត។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក René Heller អ្នកដឹកនាំការសិក្សាបាននិយាយថា៖ «ការវិភាគរបស់យើងបានបង្ហាញថា ផ្កាយ Kepler-160 គឺមិនត្រូវបានវិលជុំវិញដោយភពចំនួនពីរទេ ប៉ុន្តែសរុបទាំងអស់ចំនួន៤។»

ភពទីបីគឺ Kepler-160d ដែលទទួលខុសត្រូវក្នុងការបង្វែរគន្លងរបស់ភព Kepler-160c។ ចំណែកភពមួយទៀត មានលក្ខណៈស្រដៀងនឹងផែនដីរបស់យើង ហើយវាត្រូវបានគេដាក់ឈ្មោះថា KOI-456.04។ វាមានទំហំតូចជាងផែនដីរបស់យើងចំនួនពីរដង និងទទួលបានបរិមាណនិងប្រភេទនៃពន្លឺប្រហាក់ប្រហែលនឹងព្រះអាទិត្យរបស់យើងដែរ។

ការប្រៀបធៀបរវាងភពដែលទើបតែរកឃើញ និងភពផែនដីរបស់យើង
ការប្រៀបធៀបរវាងភពដែលទើបតែរកឃើញ និងភពផែនដីរបស់យើង

ភពមួយនេះកំពុងធ្វើដំណើរគោចរ នៅរយៈចម្ងាយដែលអាចរស់នៅបាន ដោយសីតុណ្ហភាពនៅលើភពនេះអាចទ្រទ្រង់ទឹករាវ និងល្អសម្រាប់ភាវៈមានជីវិត។ នោះស្រដៀងគ្នានឹងកន្លែង ដែលផែនដីរបស់យើងស្ថិតនៅ ពីព្រះអាទិត្យ។ មិនតែប៉ុណ្ណោះ វាមានគន្លងគោចរជុំវិញផ្កាយ ៣៧៨ថ្ងៃ ប្រហាក់ប្រហែលនឹងមួយឆ្នាំ ដែលផែនដីយើងត្រូវធ្វើដំណើរជុំវិញព្រះអាទិត្យ បានមួយជុំ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T