ហុងកុង៖ រូបថតមួយសន្លឹករបស់ តារាសម្តែងជើងចាស់Sammo Hung ដែលអ្នកគ្រប់គ្នាស្គាល់លោក តាមរយៈតួអង្គអាម៉ាប់ ត្រូវបានគេបង្ហោះចែកចាយ លើបណ្តាញសង្គមយ៉ាងច្រើន ហើយក៏បានធ្វើឲ្យមហាជន បង្ហាញការព្រួយបារម្ភ នៅពេលដែលបានឃើញ រូបភាពស្គមស្គាំងរបស់លោក នាពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាសម្តែង Sammo Hung បានចែករំលែករូបថត នៃការជួបជុំគ្នាជាមួយ និងមិត្តភក្តិជិតស្និទ្ធ ២ នាក់។ ដោយឡែក នៅក្នុងរូបថតនោះ អ្នកគាំទ្រភាគច្រើន យកចិត្តទុកដាក់ និងសម្តែងការព្រួយបារម្ភ ជាពិសេសទៅលើរូបរាង និងសុខភាពរបស់Sammo Hung (អាម៉ាប់) ដែលមើលទៅ តារាសម្តែងក្បាច់គុណគុនរូបនេះ ហាក់ប្បីដូចជាបាន ស្រកទម្ងន់យ៉ាងច្រើន។
យ៉ាងណាមិញ បន្ទាប់ពីអ្នកគាំទ្រ បានសម្តែងការព្រួយបារម្ភ យ៉ាងច្រើនបែបនេះ ហើយភ្លាមៗនោះ តារាសម្តែងប្រុសរូបនេះ ក៏បានចេញមកបកស្រាយផងដែរថា៖
ខ្ញុំមានសុខភាពល្អណាស់ ហើយការស្រក់ទម្ងន់របស់ខ្ញុំនេះ គឺដើម្បីមានសុខភាពល្អតែប៉ុណ្ណោះ។ វេជ្ជបណ្ឌិតបានណែនាំឱ្យខ្ញុំ បញ្ចុះទម្ងន់ដើម្បីសុខភាពមានល្អ។ របបអាហារត្រូវគោរពយ៉ាងតឹងរឹង តាមពេលវេលាត្រឹមត្រូវ។ ខ្ញុំមិនត្រូវអនុញ្ញាតឲ្យ បរិភោគអាហារដែលមាន ជាតិម្សៅនោះទេ។ រាល់ថ្ងៃរយៈពេល៨ ម៉ោងអាចបរិភោគ តែអាហារមួយមុខដាច់ខាត និងមិនត្រូវបានអនុញ្ញាត ឲ្យញុំាអាហារសម្រន់ឡើយ។ អ្នករាល់គ្នានិយាយថា ខ្ញុំស្គមនោះបញ្ជាក់ថា ខ្ញុំទទួលបានជោគជ័យហើយ។
គួរបញ្ជាក់ផងដែរថា តារាសម្តែងជើងចាស់ ហុងកុងហុងរូបនេះ បានចូលសិល្បៈដំបូង តាំងតែពីឆ្នាំ១៩៦០ ដែលកាលនោះលោកទើបតែ មានវ័យត្រឹមតែ១៤ឆ្នាំតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះលោកមានវ័យ៦៨ឆ្នាំ ហើយលោកក៏នៅតែបន្ត នៅអាជីពជាតារាសម្តែងនេះផងដែរ៕






