ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា

//s5.kh1.co/cf/cf3785cc2bd45d33e27b63271d24531f0ae21496.jpg
សង្គម

 ២១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ យោងទៅតាម អង្គការ FOUR PAWS មានសត្វឆ្កែរហូតដល់ទៅ ៣ លានក្បាលត្រូវបានប៉ាន់ស្មានថាត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយការជួញដូរសាច់ឆ្កែនិងឆ្មានេះ គឺជាកត្តាចម្បងមួយបណ្តាលឱ្យមានហានិភ័យខ្ពស់នៃជំងឺជាច្រើននៅកម្ពុជា រួមទាំងជំងឺឆ្កែឆ្កួតផងដែរ។ ទន្ទឹមនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលអាចកើតចេញពីទីផ្សារលក់សត្វរស់ វាសំខាន់ណាស់ដែលត្រូវចាំថាទីផ្សារលក់សត្វរស់ដែលលក់សត្វឆ្កែ នៅតែបើកដំណើរការយ៉ាងសកម្មនៅកម្ពុជានៅឡើយ ហើយនេះជារឿងមួយយ៉ាងសំខាន់ដែលយើងត្រូវចូលរួមដោះស្រាយដើម្បីទប់ស្កាត់ឱកាសនៃការផ្ទុះឡើងនូវជំងឺកាចសាហាវណាមួយផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរបាយការណ៍ក៏បានចង្អុលបង្ហាញដែរថា អ្នកបរិភោគសាច់ឆ្កែនិងឆ្មាអាចទទួលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺអាសន្នរោគដែលបណ្ដាលមកពីពពួកបាក់តេរី វីប៊្រីយ៉ូ កូឡេរ៉ា និង ជំងឺទ្រីឈីនែឡាដែលជាជំងឺប៉ារ៉ាស៊ីតក្នុងចំណីអាហារដែលចម្អិនមិនបានល្អ។ លើសពីនេះទៅទៀត អ្នកដែលហូបសាច់ឆ្កែនិងអ្នកពាក់ព័ន្ធនឹងការជួញដូរនេះ ក៏អាចប្រឈមនឹង ជំងឺអានត្រាក់ ជំងឺប៊្រុយសែសឡូស៊ីស ជំងឺរលាកថ្លើម និងជំងឺឡិបតូស្ដីរ៉ូស៊ីស ដែលជំងឺទាំងនេះបង្កដោយមេរោគសាហាវ រួមមាន អ៊ីកូលី ១០៧ និង សាលម៉ូណេឡា ដែលភាគច្រើនត្រូវបានគេរកឃើញនៅក្នុងសាច់កខ្វក់។ លើសពីនេះទៅទៀត អ្នកដែលទទួលទានសាច់ឆ្កែក៏អាចទទួលរងនូវផលប៉ះពាល់ដោយសារធាតុពុលដូចជា ប៉ូសារធាតុប៉ូតាស្យូមស៊ីយានីត ស្ទ្រិចនីន និង ថ្នាំបន្ទន់សាច់ដុំស៊ូហ្សេមេថូនៀម ដែលត្រូវបានគេប្រើដើម្បីបំពុល និង ចាប់សត្វឆ្កែ។

ការគំរាមកំហែងដល់សុខុមាលភាពសត្វគឺជាបញ្ហាយ៉ាងពិតប្រាកដ នៅពេលនិយាយអំពីប្រតិបត្តិការជួញដូរសាច់ឆ្កែនិងឆ្មា។ តាមការចងក្រងជាឯកសាររបស់អ្នកស៊ើបអង្កេត អង្គការ FOUR PAWS សត្វឆ្កែនិងឆ្មាទទួលរងនូវការឈឺចុកចាប់យ៉ាងខ្លាំងនៅគ្រប់ដំណាក់កាលនៃការជួញដូរនេះចាប់ផ្តើមពីការចាប់យកទៅរហូតដល់ការសម្លាប់។ ដើម្បីចាប់យកសត្វឆ្កែ គេប្រើអន្ទាក់ខ្សែលួសទៅពាក់នឹងក របស់ឆ្កែ និង វាយនឹងដំបងដែលជាវិធីចាប់ឆ្កែដែលពេញនិយមបំផុត។ នៅពេលដែលសត្វឆ្កែត្រូវបានចាប់ ពួកគេត្រូវបានគេដាក់នៅក្នុងទ្រុងតូចមួយហើយដឹកជញ្ជូនរាប់រយ ឬរាប់ពាន់គីឡូម៉ែត្រ។ ក្នុងអំឡុងពេលនៃការដឹកជញ្ជូន សត្វឆ្កែទាំងនោះមិនត្រូវបានឱ្យចំណី ឬឱ្យផឹកទឹកឡើយ ហើយខ្លះទៀតស្លាប់ដោយសារការខ្វះជាតិទឹក ការឡើងកម្តៅ និងការរងរបួស។ តម្រូវការសាច់ឆ្កែមានការឡើងចុះទៅតាមតំបន់ ដូច្នេះមានពេលខ្លះសត្វឆ្កែទាំងនៅះត្រូវបានបង្ខាំងទុកដោយចងរឹតជើងចូលគ្នាជាច្រើនថ្ងៃឬសប្ដាហ៍ ដោយទទួលបានអាហារឬទឹកតិចតួចបំផុតមុនពេលបញ្ចូនទៅទីសត្តឃាត។ ហើយអំពើឃោរឃៅផ្សេងទៀតត្រូវបានអនុវត្ត នៅពេលពួកវាត្រូវបានបញ្ជូនដល់ទីសត្តឃាតដូចជាចាប់ច្រកបាវបោះចូលក្នុងទឹក ព្យួរក វាយសំពង រោលភ្លើង និងចាប់ស្រោចទឹកក្ដៅទាំងរស់...ជាដើម។

ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា
ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា

តាមការស្រាវជ្រាវបានបង្ហាញថាសត្វឆ្កែរាប់សែនក្បាលត្រូវបានដឹកជញ្ជូនពីទីក្រុង បណ្ដាខេត្តនានា និងតំបន់ព្រំដែនទូទាំងប្រទេសកម្ពុជារៀងរាល់ខែដើម្បីបំពេញតម្រូវការអ្នកបរិភោគ។ ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ គឺជាកន្លែងពេញនិយមបំផុតសម្រាប់ផ្គត់ផ្គង់សាច់ឆ្កែ។ ហើយខេត្តប៉ោយប៉ែតត្រូវបានគេចាត់ទុកថាជាប្រភពផ្គត់ផ្គង់សាច់ឆ្កែធំជាងគេសម្រាប់ហាងនានាក្នុងខេត្តសៀមរាបផងដែរ។

ក្នុងឆ្នាំ ២០១៩ អង្គការ FOUR PAWS បានធ្វើការសិក្សាស្រាវជ្រាវលើការជួញដូរសាច់ឆ្កែនៅកម្ពុជាហើយបានបង្ហាញឱ្យឃើញថា សម្រាប់អ្នកត្រូវបានគេសម្ភាសចំនួន ៥៣,៦% បានឆ្លើយថា ពួកគេធ្លាប់បានបរិភោគសាច់ឆ្កែម្ដងកាលក្នុងជីវិតរបស់ពួកគេ (ក្នុងនោះមានបុរស ៧២,៤% និងស្ត្រី ៣៤,៨%) ហើយ ១២,២% ទៀត ទទួលទានសាច់ឆ្កែជាប្រចាំ។ តាមរយៈការសិក្សានេះ គឺមានហេតុផលជាច្រើនដែលនៅពីក្រោយការបរិភោគសាច់ឆ្កែនេះក្នុងចំណោមអ្នកបរិភោគផ្សេងគ្នា។ ហេតុផលដំបូង គេជឿថាសាច់ឆ្កែជាម្ហូបក្លែមពិសេសសម្រាប់ពេលផឹកស្រា។ មូលហេតុមួយទៀត គេជឿថាវាជួយបង្កើនលំហូរឈាម ជាពិសេសស្ត្រីក្នុងពេលមានរដូវ និងក្រោយពេលសម្រាលកូនរួច។ ហេតុផលចុងក្រោយសម្រាប់មនុស្សមួយភាគតូច សាច់សត្វឆ្កែខ្មៅត្រូវបានគេជឿថាមានលក្ខណៈសម្បត្តិពិសេសខាងវេជ្ជសាស្ត្រ។

នេះបើយោងទៅតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វនិងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់អង្គការ FOUR PAWS បាន​ឲ្យដឹងថា៖ 

“ឈ្មួញបានលួចសត្វចិញ្ចឹម ឬសត្វអនាថា ហើយដឹកជញ្ជូនពួកគេទៅពាសពេញប្រទេស សូម្បីតែនៅតាមបណ្ដាព្រំដែន។ គ្មាននរណាម្នាក់ដឹងទេថា តើសត្វទាំងនោះ មានឆ្លងជំងឺឆ្កែឆ្កួត ឬជំងឺផ្សេងៗទៀតដែរឬអត់។ ចំពោះការចាប់ឃុំទុក និង ការសម្លាប់សត្វឆ្កែនិងឆ្មាវិញ ភាគច្រើននៅតាមទីផ្សារលក់សត្វរស់ផ្ទាល់ ទីធ្លាក្រោយផ្ទះ គឺមិនត្រឹមតែប្រើវិធីឃោរឃៅ ថែមទាំងមិនបានបំពេញតាមបទដ្ឋានអនាម័យត្រឹមត្រូវឡើយ។ ហេតុដូច្នេះហើយ វានឹងក្លាយជាកន្លែងបង្កាត់វីរុសរាតត្បាតដូចជា វីរុសកូរូណា ដែលពិភពលោកំពុងជួបប្រទះជាដើម។”

វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់

ទាំងនេះបញ្ជាក់ច្បាស់ណាស់ថា ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍បង្កហានិភ័យយ៉ាងខ្លាំងដល់មនុស្សនិងសត្វ។ ហើយអ្នកក៏អាចក្លាយជាជនរងគ្រោះម្នាក់ផងដែរ ដូច្នេះយើងត្រូវធ្វើការរួមគ្នាដើម្បីបញ្ឈប់ការជួយដូរសាច់ឆ្កែ ដើម្បីផលប្រយោជន៍សង្គម។ ក្នុងយុទ្ធនាការបញ្ឈប់ការជួញដូរសាច់ឆ្កែ  និងឆ្មា នៅអាស៊ីអាគ្នេយ៍នេះ វាជាកិច្ចខិតខំប្រឹងប្រែងមួយដែលត្រូវការការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាបុគ្គលគ្រប់រូបផងដែរ។ អង្គការ FOUR PAWS និងដៃគូសហការ រួមគ្នាបំពេញបេសកកម្មសម្រាប់ពិភពលោកមួយដែលរាល់សត្វទាំងអស់ត្រូវបានគេគោរពស្រលាញ់ យោគយល់ និងអាណិត។ វាជាការសំខាន់ណាស់ដែលត្រូវទទួលស្គាល់ថា សត្វទាំងអស់ ជាពិសេសសត្វឆ្កែ បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់ប្រជាជនកម្ពុជា ទាំងតាមរយៈភាពជាដៃគូ និងតាមរយៈសកម្មភាពដូចជាការងារដោះមីនជាដើម។

ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា
ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា
ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា
ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា

យោងតាមប្រសាសន៍ ឯកឧត្ដម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា៖

“សុនខ បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ អង្គការ ស៊ីម៉ាក់ មានសត្វសុនខសរុបរហូតដល់ ១០៥ ក្បាល់ ដែលកំពុងប្រតិបត្តិការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា។ រហូតដល់បច្ចុប្បន្ននេះ សុនខបានចេញប្រតិបត្តិការរំដោះផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ៨០.៣៨៤.១១៩ ម៉ែត្រក្រឡា ហើយបានរកឃើញគ្រាប់មីនចំនួន ៣៦២៤ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១៦.១២២ គ្រាប់ ។ នេះសបញ្ជាក់ឱ្យឃើញថា សុនខ ពិតជាបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន”។

ឯកឧត្ដម ហេង រតនា

ជាការកត់សំគាល់ផងដែរថា ថ្មីៗកន្លងមកនេះ មានការចូលរួមអំពាវនាវជាច្រើនពីបណ្ដាតារាតាម បណ្ដាញសង្គមល្បីៗជាច្រើន បានចូលរួមគាំទ្របេសកកម្ម FOUR PAWS ក្នុងការលុបបំបាត់ការជួញដូរសាច់ឆ្កែ តាមរយៈការជម្រុញទឹកចិត្ដប្រជាជនឱ្យមានចូលរួមការពារ និងស្រលាញ់ សត្វឆ្កែ និងឆ្មា ក៏ដូចជាស្នើឱ្យពួកគេចូលរួម ចុះហត្ថលេខាលើញាត្តិ ដើម្បីបន្ថែមសំលេងគាំទ្រក្នុងចលនាផ្ដួចផ្ដើមរបស់អង្គការ FOUR PAWS ដែលបានចាប់ផ្ដើមតាំងពីចុងឆ្នាំ ២០១៩    ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា ឥណ្ឌូនេស៊ី  និងវៀតណាមបញ្ឈប់ការជួញដូរដ៏ឃោឃៅមួយនេះ។ ហើយរហូតមកដល់ពេលនេះអង្គការ FOUR PAWS បានទទួលការគាំទ្រ ជាង ៦០០.០០០ ហត្ថលេខាហើយ។ តែទោះជាយ៉ាងណាក៏ដោយអង្គការ FOUR PAWS នៅតែត្រូវការការគាំទ្របន្ថែមទៀត ជាពិសេសប្រជាជនកម្ពុជា សូមចូលរួមក្នុងចលនានេះបន្ដទៀតដើម្បីទទួលបាន ១លាន ហត្ថលេខា៕  ដើម្បីចុះហត្ថលេខាសូមចុចលើតំណភ្ជាប់នេះ ៖  http://bit.ly/EndDCMT_KH

ដើម្បីអានរបាយការណ៍ទាំងអស់របស់អង្គការ FOUR PAWS អំពីការជួយដូរសាច់ឆ្កែ និងឆ្មា នៅអាស៊ីអាគ្មេយ៍ សូមចូលទៅកាន់៖ https://media.4paws.org/1/0/9/0/10902092ccbca6694afd2eefc0884c89e94bad1d/FOURPAWS_Big_DCMT_Report_KH.pdf

ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា
ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា
ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា
ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា
ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា
ហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T