ភ្នំពេញ៖ ផលិតករទឹកភ្នែក និងបទស៊ីអារម្មណ៍ជាច្រើន ជាពិសេសបទ «ពុកខ្ញុំជាប៉ូលីសចរាចរណ៍» លោក ប៊ុន រតនា និងបងប្រុស ប៊ុន វុត្ថា ថៅកែ អេសអូតូ បានធ្វើកម្មវិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ រាជធានីភ្នំពេញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីចែករំលែកនូវអង្ករ អាលកុល និងម៉ាស់នេះ ធ្វើឡើងនៅឃ្លាំងរថយន្ត S-Auto របស់លោកស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ដោយមានការចូលរួមពីសំណាក់ចៅសង្កាត់ទួលសង្កែទី២ ផងដែរ ។

ផលិតករសំបូរបទពិសោធន៍ និងបងប្រុស ប៊ុន វុត្ថា ថៅកែ អេសអូតូ បានលើកឡើងថា៖
«នេះមិនមែនជាលើកទី១ទេ ដែលពួកខ្ញុំបានចែករំលែកនូវសកម្មភាពសប្បុរសធម៌ឡើង ជូនប្រជាពលរដ្ឋក្នុងអំឡុងកូវីដ ១៩ នេះ ដោយកាលពីប៉ុន្មានថ្ងៃនេះ បានធ្វើឡើងនៅទឹកដីខេត្តបាត់ដំបង ដោយចែកជូនអង្ករដល់ប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម។ កម្មវិធីលើទឹកដីបាត់ដំបងនេះ ជាការចូលរួមចំណែកជាមួយលោកឧកញ៉ាបណ្ឌិត យូ សាម៉េត។ កន្លងទៅក៏បានចែកជូនធុងទឹកអំពៅដល់គ្រួសារមួយផងដែរ ដើម្បីជួយសម្រួលជីវភាពរបស់ពួកគាត់ និងសកម្មភាពជាច្រើនទៀត»។
ពីរនាក់បងប្អូនដែលប្រឡូកក្នុងវិស័យសិល្បៈឡើងចាស់វស្សា និងវិវត្តន៍ខ្លួនមួយដំណាក់កាលថែមទៀត ចូលក្នុងអាជីពអ្នករកស៊ីលក់រថយន្តដ៏ជោគជ័យ បានបន្តថា៖
«ពួកខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមរំលែកនូវសកម្មភាពសប្បុរសធម៌ ខណៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ វាមិនច្រើនទេសម្រាប់ការចែកអង្ករ ដោយមួយគ្រួសារទទួលបាន១០គីឡូក្រាម អាល់កុល១ដប និង ម៉ាស់ចំនួន២ ឲ្យក្រុមគ្រួសារចំនួន២០០គ្រួសារ ប៉ុន្តែបើយើងក្រឡេកទៅវិញ ពេលដែលគេអត់យើងឲ្យវាពិតជាធ្វើឲ្យពួកគាត់សប្បាយរីករាយ។ ថ្វីបើអំណោយនេះវាតិចប្រើបានរយៈពេលខ្លី តែវាក៏ជួយសម្រួលការខ្វះខាតរបស់ពួកគាត់មួយរយៈតូចផងដែរ ។ »
លោក ប៊ុន រតនា បានលើកឡើងថា លោកនឹងបន្តជួយទៅទៀតទៅតាមលទ្ធភាពរបស់លោក ហើយក៏ថ្លែងអំណរគុណទៅកាន់អតិថិជន S-Auto ទាំងអស់ ដែលបានគាំទ្រមកលើឃ្លាំងលក់រថយន្តរបស់លោក ហើយក៏ជាចំណែកនៃការចូលរួមសប្បុរសធម៌លើកនេះផងដែរ ៕







