កម្ពុជា នឹង​ពិភាក្សា​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​​ដាក់​ប្រទេស​​​ក្នុង​គ្រា​​អាសន្ន នៅថ្ងៃ​ស្អែក​នេះ

//s5.kh1.co/42/42f082577be7cac901f024b882b9566e62ffb37e.jpg
សង្គម

 ៣០-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

រដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរ​ក្រសួងនៅថ្ងៃទី៣១ មីនា

រដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរ​ក្រសួងនៅថ្ងៃទី៣១ មីនា។ ហើយសេចក្តីព្រាងច្បាប់ និងត្រូវដាក់ចូលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៣ មេសា ដើម្បីពិនិត្យ មុននឹងបន្តសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាមុននឹងសុំឡាយព្រះហស្ថពីព្រះមហាក្សត្រ។ នេះជាការលើកឡើងពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសន្និសីទកាសែត នៅរដ្ឋសភា នាព្រឹកថ្ងៃទី៣០ មីនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្ដេចបាន​បញ្ជាក់ថា មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​ពី​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ប៉ុន្តែ​មិនបាន​ចែង​ពី​ការគ្រប់គ្រង​ស្ថានភាព​ឡើយ ទើប​តម្រូវឱ្យ​រដ្ឋាភិបាល​សម្រេច​បង្កើត​ច្បាប់ ដើម្បី​ងាយស្រួល​គ្រប់គ្រង​។

សម្តេចនាយករដ្ឋមន្ត្រីថា៖ «​មិនទាន់មាន​ច្បាប់​ណា ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះទេ ប៉ុន្តែ​ចង់​មិន​ចង់ ច្បាប់​មួយ​ត្រូវ​បង្កើតឡើង ដើម្បីឱ្យ​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន បាន​ដោយ​រលូន​»​។

​នាយករដ្ឋមន្ត្រីរូបនេះ ក៏បាន​អំពាវនាវ​ទៅកាន់ពលរដ្ឋ កុំ​ព្រួយបារម្ភ​ចំពោះ​ច្បាប់​នេះអី ដោយអះអាងសម្ដេច​គ្រាន់តែ​ចង់​បង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ ដើម្បី​ឱ្យមាន​នៅក្នុង​ដៃ​ប៉ុណ្ណោះ ហើយក៏​មិន​ច្បាស់​ថា នឹងត្រូវ​អនុវត្ត​ភ្លាមៗ​ ឬអត់ដែរ បើសិនជា​ស្ថានការណ៍​ជំងឺ​COVID-19 នៅក្នុង​ប្រទេស​មិនទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​។​

​បែបនេះក្តី រដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួន​មិនទាន់​ហាមឃាត់​ពលរដ្ឋ មិនឱ្យ​ជួបជុំ​លើសពី​៣​នាក់ ឬ​ច្រើន​នាក់ ដូច​ប្រទេស​ដទៃ​នោះទេ ប៉ុន្តែ​ពលរដ្ឋ​ក៏ត្រូវ​ត្រៀម​ចិត្ត​ដែរ បើសិនជា​ជំងឺ​COVID-19 បន្ត​រីក​រាលដាល ដល់​ដំណាក់​កាលធ្ងន់ធ្ងរ​។

សូមបញ្ជាក់ គិតត្រឹមព្រឹកថ្ងៃទី ៣០មីនានេះ ក្រសួងសុខាភិបាលកម្ពុជា បាន​ប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន​ ០៤​ករណីបន្ថែមទៀត។ ​ ការរកឃើញបន្ថែមនេះ នាំឲ្យកម្ពុជាមានកូវីដ១៩ សរុប១០៧នាក់​ (ស្រ្តី២៩នាក់) ខណៈអ្នកជាសះស្បើយមាន២៣នាក់ផងដែរ៕​

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T