បុរសម្នាក់ ចំណាយពេលជាង២ឆ្នាំ រៀបរៀងសៀវភៅ «ស្រ្តីដែកថែប» ដោយសារមូលហេតុនេះ!

//s5.kh1.co/49/49a16c1aac0229cb4966fba9989a7c72a0f5c3e5.jpg
សង្គម

 ០៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សៀវភៅ «ស្រ្តីដែកថែប» ដែលមកដល់ពេលនេះ ត្រូវបោះពុម្ពផ្សាយរហូតដល់ ៤លើក ក្នុងចំនួន​ប្រហែល​ជិត១ម៉ឺនក្បាល។

ភ្នំពេញ៖ សៀវភៅ «ស្រ្តីដែកថែប» ដែលមកដល់ពេលនេះ ត្រូវបោះពុម្ពផ្សាយរហូតដល់ ៤លើក ក្នុងចំនួន​ប្រហែល​ជិត១ម៉ឺនក្បាល នៅតែ​បន្តទទួលបានការគាំទ្រពីប្រិយមិត្តអ្នកអាន ពិសេសគឺ នារីៗ។ លោក ឈុំ សីហា ដែលជាសហស្ថាបនិក​ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក និងជាអ្នករៀបរៀង បានបញ្ជាក់​ពីរឿងរ៉ាវមួយចំនួន ពិសេស​គឺ​មូលហេតុ​ដែលលោកសម្រេចចេញបង្កើតសៀវភៅមួយក្បាលនេះឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបញ្ជាក់អំពីសៀវភៅដែលមានកម្រាស់ ២១៧ ទំព័រ នេះថា លោកបានចាប់ផ្តើមស្រាវជ្រាវ និង​ចង​ក្រង​​​​​​នៅពាក់កណ្តាលឆ្នាំ២០១២។ ចំណាយពេលរហូតដល់ជាង២ឆ្នាំ រហូតដល់ចុងឆ្នាំ២០១៤ ទើប​លោក​​​បាន​បោះពុម្ពសៀវភៅនេះឡើង។ ចំពោះសំណួរថា “ហេតុអ្វីត្រូវ​រៀបរៀងសៀវភៅនេះឡើង?” លោក​​បា​ន​បញ្ជាក់ថាគឺ «ដើម្បីលើកទឹកចិត្តស្រ្តីខ្មែរ»

ដំបូងឡើយមានស្រ្តីពីររូប ដែលលើកទឹកចិត្តគាត់ឱ្យសៀវភៅនេះ ដោយម្នាក់គឺលោកស្រី អ៊ុងសាន ស៊ូជី និងលោកស្រី ហ៊ីលឡារី គ្លីនតុន។ មិនមែនពួកគាត់ទាំងពីរលើកទឹកចិត្តលោក ឈុំ សីហា ដោយផ្ទាល់​នោះទេ ប៉ុន្តែតាមរយៈដំណើរជីវិតរបស់ពួកគាត់។

“ខ្ញុំចូលចិត្តតាមដាន​ព័ត៌មានអន្តរជាតិ និងសិក្សា​ពីប្រវត្តិ​របស់​បុគ្គលពូកែៗមួយចំនួន។ ពេលនោះដោយឃើញការតស៊ូរបស់លោកស្រី អ៊ុងសាន ស៊ូជី ប្រឆាំង​​ជាមួយមេដឹកនាំយោធាភូមាដោយភាពអង់អាចក្លាហាន និងដោយមានគោលដៅច្បាស់លាស់ ទើប​ទាក់ចិត្តខ្ញុំខ្លាំង។ ចំណែកលោ​ក​ស្រី ហ៊ីលឡារី គ្លីនតុន វិញ ធ្វើឱ្យខ្ញុំទាក់ចិត្តដោយសារការឈរ​ឈ្មោះ​ជាបេក្ខភាពប្រធានាធិបតីក្នុង​បក្ស​​ប្រជាធិបតេយ្យ ទោះបីត្រូវចាញ់លោក អូបាម៉ា ហើយក្រោយ​មក​ត្រូវ​ចាញ់លោក ដូណាល់ត្រាំ ក្តី”។

ប្រសាសន៍របស់លោក ឈុំ សីហា

ដោយសារជីវប្រវត្តិស្រ្តីទាំងពីរ មិនអាចគ្រប់ចំនួនទំព័រដែលលោកត្រូវការ ទើបលោកបន្តស្រាវជ្រាវអំពីជីវប្រវត្តិរបស់ស្រ្តីពូកែៗជាច្រើនទៀត រហូតដល់១៤រូប ដែលមានសញ្ជាតិផ្សេងគ្នា និងចេញ​ពី​មជ្ឈ​ដ្ឋាន​ផ្សេងៗគ្នា ពិសេសជា អ្នកនយោបាយ និង​សកម្មជនសង្គមជាដើម។ ថ្មីៗនេះក្នុងការ​បោះពុម្ព​លើក​ទី៤ លោកបានបន្ថែមប្រវត្តិរបស់លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់មួយរូប​ថែម​ទៀត គ្រប់ចំនួន១៥​រូប។

លោកបញ្ជាក់ថា លោកមានក្តីសុបិនមួយ «ចង់ឃើញមេដឹកនាំ​ប្រទេស​កម្ពុជា ជាស្រ្តី» ដ្បិត​ប្រទេស​ជាច្រើនក្នុងពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ាន មាន​មេដឹកនាំ​រដ្ឋា​ភិបាល​ជាស្រ្តីដែរ។ ប្រទេសភូមា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីនជាដើម សុទ្ធតែធ្លាប់មានមេដឹកនាំ​ជាស្រ្តី ដូចនេះស្រ្តីកម្ពុជាក៏អាចក្លាយជាមេដឹកនាំប្រទេសបានដែរ។ លោកបន្តថា លោកមានជំនឿថា «ស្រ្តីកម្ពុជាអាចធ្វើបាន»

ពាក់ព័ន្ធនឹងចម្ងល់ថា ហេតុអ្វីត្រូវដាក់ចំណងជើងសៀវភៅនេះថា «ស្រ្តីដែកថែប» លោកបានបញ្ជាក់ថា ដោយសារលោក​មើលឃើញពីភាព​អង់អាចក្លាហាន ការតស៊ូ ការលះបង់ ពិសេសហ៊ានលះបង់​រហូត​ដល់​ជីវិត ដើម្បីបុព្វហេតុ​របស់​ប្រទេស​ជាតិខ្លួន ពោលគឺរឹងមាំដូចដែកថែប។

សូមបញ្ជាក់ថា លោក ឈុំ សីហា គឺជា​អ្នករៀបរៀងសៀវភៅមួយរូប និងជាសហស្ថាបនិកគ្រឹះស្ថានបោះ​ពុម្ពផ្សាយ​ហាតប៊ុក។ លោកបានសរសេរសៀវភៅជាច្រើនក្បាល ហើយបងប្អូនអាចរកសៀវភៅទាំង​នេះ​បាន​នៅ​តាមបណ្ណាគារធំៗនៅភ្នំពេញ និងតាមបណ្តាខេត្ត។ លោកអ្នកក៏អាច​ចូលទៅកាន់​ទំព័​រហ្វេ​ស​ប៊ុក​ផ្លូវការ heartbookcambodia ឬគេហទំព័រ www.heartbookcambodia.com ដើម្បីទទួលបានព័ត៌មានបន្ថែម៕

លោក ឈុំ សីហា អ្នករៀបរៀងសៀវភៅ ស្រ្តីដែកថែប និងជាសហស្ថាបនិក គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក
លោក ឈុំ សីហា អ្នករៀបរៀងសៀវភៅ ស្រ្តីដែកថែប និងជាសហស្ថាបនិក គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក
ប្រិយមិត្តអ្នកអានម្នាក់ កំពុងអានសៀវភៅ ស្រ្តីដែកថែប
ប្រិយមិត្តអ្នកអានម្នាក់ កំពុងអានសៀវភៅ ស្រ្តីដែកថែប
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T