ភ្នំពេញ៖ សៀវភៅ «ស្រ្តីដែកថែប» ដែលមកដល់ពេលនេះ ត្រូវបោះពុម្ពផ្សាយរហូតដល់ ៤លើក ក្នុងចំនួនប្រហែលជិត១ម៉ឺនក្បាល នៅតែបន្តទទួលបានការគាំទ្រពីប្រិយមិត្តអ្នកអាន ពិសេសគឺ នារីៗ។ លោក ឈុំ សីហា ដែលជាសហស្ថាបនិក គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក និងជាអ្នករៀបរៀង បានបញ្ជាក់ពីរឿងរ៉ាវមួយចំនួន ពិសេសគឺមូលហេតុដែលលោកសម្រេចចេញបង្កើតសៀវភៅមួយក្បាលនេះឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបញ្ជាក់អំពីសៀវភៅដែលមានកម្រាស់ ២១៧ ទំព័រ នេះថា លោកបានចាប់ផ្តើមស្រាវជ្រាវ និងចងក្រងនៅពាក់កណ្តាលឆ្នាំ២០១២។ ចំណាយពេលរហូតដល់ជាង២ឆ្នាំ រហូតដល់ចុងឆ្នាំ២០១៤ ទើបលោកបានបោះពុម្ពសៀវភៅនេះឡើង។ ចំពោះសំណួរថា “ហេតុអ្វីត្រូវរៀបរៀងសៀវភៅនេះឡើង?” លោកបានបញ្ជាក់ថាគឺ «ដើម្បីលើកទឹកចិត្តស្រ្តីខ្មែរ»។
ដំបូងឡើយមានស្រ្តីពីររូប ដែលលើកទឹកចិត្តគាត់ឱ្យសៀវភៅនេះ ដោយម្នាក់គឺលោកស្រី អ៊ុងសាន ស៊ូជី និងលោកស្រី ហ៊ីលឡារី គ្លីនតុន។ មិនមែនពួកគាត់ទាំងពីរលើកទឹកចិត្តលោក ឈុំ សីហា ដោយផ្ទាល់នោះទេ ប៉ុន្តែតាមរយៈដំណើរជីវិតរបស់ពួកគាត់។
“ខ្ញុំចូលចិត្តតាមដានព័ត៌មានអន្តរជាតិ និងសិក្សាពីប្រវត្តិរបស់បុគ្គលពូកែៗមួយចំនួន។ ពេលនោះដោយឃើញការតស៊ូរបស់លោកស្រី អ៊ុងសាន ស៊ូជី ប្រឆាំងជាមួយមេដឹកនាំយោធាភូមាដោយភាពអង់អាចក្លាហាន និងដោយមានគោលដៅច្បាស់លាស់ ទើបទាក់ចិត្តខ្ញុំខ្លាំង។ ចំណែកលោកស្រី ហ៊ីលឡារី គ្លីនតុន វិញ ធ្វើឱ្យខ្ញុំទាក់ចិត្តដោយសារការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងបក្សប្រជាធិបតេយ្យ ទោះបីត្រូវចាញ់លោក អូបាម៉ា ហើយក្រោយមកត្រូវចាញ់លោក ដូណាល់ត្រាំ ក្តី”។
ដោយសារជីវប្រវត្តិស្រ្តីទាំងពីរ មិនអាចគ្រប់ចំនួនទំព័រដែលលោកត្រូវការ ទើបលោកបន្តស្រាវជ្រាវអំពីជីវប្រវត្តិរបស់ស្រ្តីពូកែៗជាច្រើនទៀត រហូតដល់១៤រូប ដែលមានសញ្ជាតិផ្សេងគ្នា និងចេញពីមជ្ឈដ្ឋានផ្សេងៗគ្នា ពិសេសជា អ្នកនយោបាយ និងសកម្មជនសង្គមជាដើម។ ថ្មីៗនេះក្នុងការបោះពុម្ពលើកទី៤ លោកបានបន្ថែមប្រវត្តិរបស់លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់មួយរូបថែមទៀត គ្រប់ចំនួន១៥រូប។
លោកបញ្ជាក់ថា លោកមានក្តីសុបិនមួយ «ចង់ឃើញមេដឹកនាំប្រទេសកម្ពុជា ជាស្រ្តី» ដ្បិតប្រទេសជាច្រើនក្នុងពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ាន មានមេដឹកនាំរដ្ឋាភិបាលជាស្រ្តីដែរ។ ប្រទេសភូមា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីនជាដើម សុទ្ធតែធ្លាប់មានមេដឹកនាំជាស្រ្តី ដូចនេះស្រ្តីកម្ពុជាក៏អាចក្លាយជាមេដឹកនាំប្រទេសបានដែរ។ លោកបន្តថា លោកមានជំនឿថា «ស្រ្តីកម្ពុជាអាចធ្វើបាន»។
ពាក់ព័ន្ធនឹងចម្ងល់ថា ហេតុអ្វីត្រូវដាក់ចំណងជើងសៀវភៅនេះថា «ស្រ្តីដែកថែប» លោកបានបញ្ជាក់ថា ដោយសារលោកមើលឃើញពីភាពអង់អាចក្លាហាន ការតស៊ូ ការលះបង់ ពិសេសហ៊ានលះបង់រហូតដល់ជីវិត ដើម្បីបុព្វហេតុរបស់ប្រទេសជាតិខ្លួន ពោលគឺរឹងមាំដូចដែកថែប។
សូមបញ្ជាក់ថា លោក ឈុំ សីហា គឺជាអ្នករៀបរៀងសៀវភៅមួយរូប និងជាសហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក។ លោកបានសរសេរសៀវភៅជាច្រើនក្បាល ហើយបងប្អូនអាចរកសៀវភៅទាំងនេះបាននៅតាមបណ្ណាគារធំៗនៅភ្នំពេញ និងតាមបណ្តាខេត្ត។ លោកអ្នកក៏អាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ heartbookcambodia ឬគេហទំព័រ www.heartbookcambodia.com ដើម្បីទទួលបានព័ត៌មានបន្ថែម៕

