នាយករដ្ឋមន្ត្រី៖​ រោងចក្រ​នៅ​កម្ពុជានឹងបិទទ្វារ មិនមែន​​មកពី​​បញ្ហា​EBA​​ទេ​ តែ​ដោយ​​សារ ​​Coronavirus

//s5.kh1.co/84/84af364cee1661af508c69cf4b5825e478b2253d.jpg
សង្គម

 ១១-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចហ៊ុន សែនបាន​បញ្ជាក់ច្បាស់ៗថា រោងចក្រ​បិទទ្វារ​បែបនេះ មិនមែន​មកពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)​ទេ​។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះ ធ្វើឡើងក្នុង​ពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចថារោងចក្រ​នៅ​កម្ពុជា​ខ្លះ នឹងត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​នៅ​ខែមីនា​ខាងមុខ ដោយសារ​ចិន​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ដើមហេតុមកពី​បញ្ហា​​កូ​រ៉ូ​ណា​វីរុស។

បែបនេះក្តី នាយករដ្ឋមន្ត្រី បានស្នើឱ្យ​ពលរដ្ឋ​កុំ​មានការយល់ច្រឡំ នៅពេល​ឃើញ​រោងចក្រ​នៅ​កម្ពុជា​បិទទ្វារ​នា​ពេ​លខាងមុខនេះ​។  សម្តេចបានលើកឡើងថា ការបិទទ្វារ​រោងចក្រ​នេះ បណ្ដាលមកពី​ចិន​គឺជា​ប្រទេស​ផ្គត់ផ្គង់​ធំ​ទៅកាន់​ពិភពលោក ដូច្នេះ​កម្ពុជា​ក៏ត្រូវ​រង​ផលប៉ះពាល់​ដែរ ជាពិសេស​លើ​វិស័យ​កាត់ដេរ​​។​

«​សូម​កម្មករ​ទាំងអស់​កុំ​តក់ស្លុត នៅពេល​រោងចក្រ​បិទទ្វារ​»​។ នេះ​ជាការ​លើកឡើងពីប្រមុខរដ្ឋាភិបាលដោយ​បន្ថែមពីស្ថានភាពខ្លះៗទៀតថា ក្រៅពី​រោងចក្រ​ជួប​បញ្ហា​នោះ ក៏មាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​បាត់ភ្ញៀវទេសចរដោយសារ​បញ្ហា​ផ្ទុះ​​កូ​រ៉ូ​ណាវីរុសផង​ដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ស្នើឱ្យ​ពលរដ្ឋ កុំ​យក​បញ្ហា​បិទ​រោងចក្រ​នេះ ទៅ​ធៀប​នឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សំណាក​គណៈកម្មការ​អឺរ៉ុប​ឡើយ​។ «​គេ​ចង់​ដក គេ​ចង់ទុក ទុក​ឱ្យគេ​សម្រេច​ទៅ​…​។ ហើយ​កុំ​ចោទថា រឿង​ហ្នឹង​ជា​ទណ្ឌកម្ម​ពី​គណៈកម្មការ​អឺរ៉ុប​»​។ ​

«​ទោះបីជា​គេ​ដក​ទាំងស្រុង ឬ​ដក​ផ្នែក​ខ្លះ​នៃ​EBA​នេះ ក៏​គង់​ខែ​៨​ក្រោយ​នោះ​ទើប​ចាប់ផ្ដើម​…​។ បើ​គេ​សម្រេច​បន្ត​យើង​ក៏​អរគុណ បើ​គេ​ចង់​ដក តាមតែ​គេ​ទៅ​»​។ នេះ​ជាការ​ប្រកាសពី​នាយ​ក​រដ្ឋមន្ត្រី​។

សម្តេចបញ្ជាក់ថា ការដក​EBA​នេះ គឺ​គ្រាន់តែ​តម្រូវឱ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​ច្រើន​ចូល​ទីផ្សារ​អឺរ៉ុប និង​ខាតបង់​ប្រាក់ចំណេញ​ដែល​ទទួលបាន​ពី​ការអនុគ្រោះ​ពន្ធ​ប៉ុណ្ណោះ ប៉ុន្តែ​ពុំមែនសំដៅថា​ ខ្មែរ​ត្រូវ​បាត់បង់​ទីផ្សារ​អឺរ៉ុបឡើយ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល កម្ពុជា​នឹងត្រូវ​អនុវត្ត​នីតិវិធី​បង់ពន្ធ​រយៈពេល​៨​ខែ ​ក្រោយពី​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី ​១២​ កុម្ភៈ​ស្អែក​នេះ ​គណៈ​កម្មការ​អឺរ៉ុប​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ចុង​ក្រោយ​ ថា​តើត្រូវ​បន្ត ​ឬ​ក៏​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​ ពី​កម្ពុជា ​ឬ​ក៏​ត្រូវ​ព្យួរ​ផ្នែក​ខ្លះ​។ យ៉ាងណាកន្លងទៅសហភាពអឺរ៉ុប បានបញ្ជាក់ពីរឿង​ព្រមានផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA លើកលែងតែអាវុធ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមិនគោរពសិទ្ធិមនុស្ស មិនព្រមដោះលែងលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងមិនព្រមឲ្យគណបក្ស​ប្រឆាំង​ដំណើរ​ការឡើងវិញ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាជាញឹកញាប់ បានឆ្លើយតបថាការទាមទាររបស់សហភាពអឺរ៉ុបបែបនេះ គឺជា​ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយរដ្ឋាភិបាលមិនអាចទទួលយកបានឡើយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T