មន្ត្រីរដ្ឋាភិបាលទាត់ចោលរបាយការណ៍របស់ NGO ដែលថាកម្ពុជាមានអំពើពុករលួយខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍

//s5.kh1.co/93/93b6b1d18f4a719563e44987f34648f7bb6e3701.jpg
សង្គម

 ២៣-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

អង្គការតម្លាភាពអន្តរជាតិ(Transparency International ឬTI) នាថ្ងៃទី២៣ មករា ២០២០នេះ បានផ្សព្វផ្សាយ​ជាសាធារណៈនូវរបាយការណ៍មួយស្តីពីកម្រិតអំពើពុករលួយនៅកម្ពុជាថាទទួលបានពិន្ទុ២០លើពិន្ទុអតិបរមា​១០០ និងឈរនៅលេខរៀងទី១៦២ ក្នុងចំណាត់ថ្នាក់ជាសកលដែលមានប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវ​បាន​យកមកសិក្សាលើសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនាឆ្នាំ២០១៩ (ពិន្ទុ០មានន័យថាមានអំពើ​ពុករលួយខ្លាំង ចំណែកពិន្ទុ១០០មានន័យថា មានអំពើពុករលួយកាន់តែតិច)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរបាយការណ៍នេះ អង្គការខាងលើបានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានកម្រិត​អំពើពុករលួយខ្លាំង​ជាងគេនៅអាស៊ីអាគ្នេយ៍។

រូបភាពពី TI<br>
រូបភាពពី TI

តបនឹងការផ្សាយរបាយការណ៍នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានប្រាប់ Khmerloadថា របាយការណ៍របស់អង្គការខាងលើមានបំណងមិនសុច្ចរិតមកលើកម្ពុជា។ ហើយថាវាគ្រាន់តែជា​ទស្សនៈផ្ទាល់​របស់អង្គការមួយនោះ ហើយមិនមានមូលដ្ឋានច្បាស់លាស់។ អ្នកនាំពាក្យរូបនេះបន្តថា របាយការណ៍​ដែលអាច​ទុកចិត្ត​បានគឺមានតែរបាយការណ៍ពីអង្គការសហប្រជាជាតិប៉ុណ្ណោះ។

លោកផៃ ស៊ីផានបន្តថា៖ «របាយការណ៍នោះចង់និយាយថាម៉េចក៏និយាយទៅ វាជាសេរីភាពរបស់គាត់។ រាល់ថ្ងៃយើងមានអង្គភាពប្រឆាំងអំពើពុករលួយ។ របាយការណ៍ដែលត្រឹមត្រូវគេឈរលើពាណិជ្ចកម្ម និងចំណូល​ពន្ធដារ បើបានខ្ពស់ នោះមិនមានលុយក្រោមតុ ឬលើតុនោះទេ។ អ៊ឹចឹងហើយរឿងការផ្តល់សេវាកម្ម គេកាត់​បន្ថយ​ពីហុចនឹងដៃ​ មកធ្វើតាមប្រព័ន្ធអេឡិចត្រូនិចវិញ។»

បន្ថែមពីនេះ អ្នកនាំពាក្យរដ្ឋាភិបាលខាងលើបានចោទជាសំណួរថា៖ «បើឃើញមានអំពើពុករលួយ ម៉េចមិនប្តឹង? បែរជាមកបំផ្លាញអ្វីដែលគេកំពុងប្រឹងសាងទៅវិញ។ វាគ្រាន់តែជានិន្នាការនយោបាយតែប៉ុណ្ណោះ។ យើងមិនយកចិត្ត​ទុកដាក់​លើ​ចំណាត់ថ្នាក់ហ្នឹងទេ។ »

ចំណែកលោកច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ សុំមិនធ្វើអត្ថាធិប្បាយអ្វីឡើយចំពោះ​របាយការ​រណ៍របស់អង្គការតម្លាភាព។ លោកថា ដោយសារលោកមិនបានសិក្សាដើម្បីប្រៀប​ធៀបក្នុង​ការធ្វើសេចក្តី​សន្និដ្ឋាននៅឡើយ។

បើទោះជាបែបនោះក្តី លោកថាកន្លងមកជាការកត់សម្គាល់ របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ មានការយក​ទៅប្រើប្រាស់ច្រើនគួរសមដែរ។

លោកច័ន្ទ សុផលថា៖ «របាយការណ៍របស់ TI (Transparency International) មានគេយកទៅប្រើជាអំណះ​អំណាងច្រើនដែរ ពេលណាមានការបកស្រាយពីកម្រិតអំពើពុករលួយ។»

លោកបន្ថែមថា អង្គការអន្តរជាតិខាងលើតាមដែលលោកដឹង គឺមានការទទួលស្គាល់ និងមានការសម្ភាសន៍​ដោយប្រើវិធីសាស្ត្រត្រឹមត្រូវនៅច្រើនប្រទេស មានរបៀបដាក់ពិន្ទុ និងចំណាត់ថ្នាក់ដែលមានការទទួលស្គាល់ ព្រមទាំងត្រូវគេយកទៅប្រើប្រាស់។ តែលោកបញ្ជាក់ថា ខ្លួនមិនមានសមត្ថភាពឆ្លើយតប ថារបាយការណ៍​របស់​អង្គការខាងលើខុស ឬត្រូវនោះទេ។

គួរបញ្ជាក់ថា ចំពោះទិន្នន័យ និងរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ(TI) កាលពីឆ្នាំ២០១៨ កម្ពុជាក៏ទទួលពិន្ទុ២០/១០០ផងដែរ ប៉ុន្តែកាលនោះ ចំណាត់ថ្នាក់ដែលទទួលបាន​គឺ១៦១ក្នុងចំណោម​ប្រទេស១៨០។ ហើយបើប្រៀបធៀបគ្នា របាយការណ៍បញ្ជាក់ថា ចំណាត់ថ្នាក់របស់កម្ពុជា​ទាក់ទិន​នឹងអំពើ​ពុករលួយនាឆ្នាំ២០១៩នេះកាន់តែធ្លាក់ចុះចំណាត់ថ្នាក់ជាងមុន។ បើទោះជាបែបនេះក្តី ជាការឆ្លើយតបនឹង​របាយការណ៍​ទាំងនោះ មន្ត្រីរាជរដ្ឋាភិបាលជាញឹកញាប់បានចេញមុខបដិសេធដោយអះអាងថា ទិន្នន័យ​ដែលលើកឡើង មាននិន្នាការនយោបាយ ជាទិន្នន័យគ្មានមូលដ្ឋាន និងមិនគួរយកចិត្តទុកដាក់ឡើយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T