មណ្ឌលគិរី៖ ក្រុមហ៊ុន Socfin Cambodia បានធ្វើការប្រកាសនៅថ្ងៃនេះថា ខ្លួនបានបញ្ចប់គម្រោងរយៈពេលមួយខែរបស់ខ្លួនរួចទៅហើយ ដែលគម្រោងនោះ គឺផ្ដោតជាសំខាន់ទៅលើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលសុខភាពសាធារណៈនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណាអាចផ្ដល់សេវាសុខាភិបាល ឱ្យបានកាន់តែល្អប្រសើរជូនសហគមន៍ក្នុងមូលដ្ឋាន ដែលមានប្រជាជនរស់នៅប្រមាណជាង ៦,៧៥០ នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោងនេះផ្ដោតជាសំខាន់ទៅលើ ការងារកែលម្អមណ្ឌលសុខភាពសាធារណៈប៊ូស្រា ហើយ គម្រោងនេះផងដែរ គឺទទួលបានជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុទាំងស្រុងពីក្រុមហ៊ុន Socfin Cambodia ដែលជាក្រុមហ៊ុនកសិកម្មគ្រប់គ្រងដោយជនជាតិអឺរ៉ុប ដែលគ្រប់គ្រងលើចម្ការកៅស៊ូចំនួនពីរនៅក្នុងខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនបានវិនិយោគជាទឹកប្រាក់ចំនួនជាង ១១,០០០ ដុល្លារសម្រាប់គម្រោងនេះ។

ការងារទាំងនេះរួមមានដូចជា ការធ្វើស្ពានថ្មីឆ្លងទៅមណ្ឌលសុខភាព កែលម្អប្រព័ន្ធលូបង្ហូរទឹកពីមាត់ផ្លូវទៅមណ្ឌលសុខភាព និងចាក់ផ្លូវបតុងនៅក្នុងបរិវេណខាងមុខមណ្ឌលសុខភាព។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅផ្ដល់ភាពងាយស្រួលជូនដល់ប្រជាជនក្នុងការធ្វើដំណើរពេលរដូវវស្សា ព្រមទាំងកាត់បន្ថយការហុយដីផ្សេងៗ ក្នុងអំឡុងពេលរដូវប្រាំងផងដែរ ពោលគឺ ធ្វើយ៉ាងណាពង្រឹងភាពស្អាត និងអនាម័យនៅក្នុងមណ្ឌលសុខភាពទាំងមូលតែម្ដង។ ការងារនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងធានាសុវត្ថិភាពសាធារណៈ និងផ្ដល់ភាពងាយស្រួល ក៏ដូចជាផ្ដល់ទំទុកចិត្តដល់ប្រជាជនរស់នៅក្នុងសហគមន៍ ក្នុងការប្រើប្រាស់សេវាសុខាភិបាល ព្រមទាំងកែលម្អស្ថានភាពការងារប្រចាំថ្ងៃរបស់មន្ត្រី ក្នុងមណ្ឌលសុខភាពផងដែរ។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក ឆាង គុណ ប្រធានមណ្ឌលសុខភាពសាធារណៈប៊ូស្រា បានរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធិផលមួយចំនួនដើម្បីបង្ហាញអំពីលទ្ធផលការងារ កែលម្អដែលបានអនុវត្តរួចរាល់ នៅក្នុងមណ្ឌលសុខភាពនាពេលកន្លងមកនេះ ហើយក្នុងកម្មវិធីនោះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋាន តំណាងមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី តំណាងសហគមន៍ក្នុងមូលដ្ឋាន បុគ្គលិកមណ្ឌលសុខភាព និងតំណាងក្រុមហ៊ុន សុកហ្វីន កម្ពុជា ផងដែរ។ ក្នុងអំឡុងពេលនៃកម្មវិធីសម្ពោធនោះ អ្នកចូលរួមក៏ទទួលបានឱកាសក្នុងការស្វែងយល់អំពី សកម្មភាពដែលបានអនុវត្ត និងពិភាក្សាបន្ថែមទៀតអំពីគម្រោងអភិវឌ្ឍន៍ក្នុងឃុំ នាពេលអនាគតទៀតផង។
ក្រុមហ៊ុន Socfin Cambodia និងមណ្ឌលសុខភាពប៊ូស្រា រួមទាំង មន្ត្រីក្នុងមូលដ្ឋានផ្សេងទៀតនឹងបន្តខិតខំធ្វើការងារជាមួយគ្នា ដើម្បីធានាថាសហគមន៍នេះ អាចទទួលបានសេវាល្អបំផុតតាមដែលអាច ធ្វើទៅបាន។

លោក Jef Boedt អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Socfin Cambodia មានប្រសាសន៍ថា៖
«ចាប់តាំងពីពេលចាប់ផ្ដើមសកម្មភាពដំបូងនៅក្នុងឃុំប៊ូស្រា ក្រុមហ៊ុន Socfin Cambodia បានខិតខំប្រឹងប្រែងជួយគាំទ្រ ទាំងកម្លាំងកាយចិត្ត និងធនធាន ដើម្បីធ្វើយ៉ាងណាបង្កើតឱ្យមានសេវាសង្គមនានា ប្រកបដោយគុណភាព ដូចជាសេវាសុខាភិបាល និងអប់រំ ជាដើម។»
លោកក៏បានបន្តទៀតថា៖
«វិស័យសុខាភិបាល បានក្លាយទៅជាបញ្ហាចម្បង សម្រាប់សហគមន៍នៅតាមតំបន់ជនបទ ហើយបញ្ហានេះ ក៏ជាការប្ដេជ្ញាចិត្តដ៏សំខាន់មួយរបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់មន្ទីរសុខាភិបាលសាធារណៈ ដែលជាស្ថាបន័ផ្ដល់សេវាសាធារណៈដល់សហគមន៍ទាំងមូលផងដែរ។ ការចែករំលែកគុណតម្លៃ ដែលយើងបានបង្កើតឡើងជាមួយនឹងឃុំប៊ូស្រា ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំមួយនេះ គឺជាគុណតម្លៃស្នូលរបស់យើង ហើយយើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការប្រកបដោយផ្លែផ្កា រវាងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមផងដែរ។»
ក្រុមហ៊ុន Socfin Cambodia និងមណ្ឌលសុខភាពសាធារណៈប៊ូស្រា រួមទាំងមន្រ្តីមូលដ្ឋានដទៃទៀត នឹងបន្តធ្វើការជាមួយគ្នា ដើម្បីធានាថាសហគមន៍ទទួលបានសេវាកម្មល្អបំផុត៕

