រាជធានីភ្នំពេញ ៖ តារាសម្តែងលោកអ៊ឹម ជីវ៉ា បានវាយប្រហារតារាមួយចំនួនដែលវាយឫក និងចូលចិត្តបង្អួតសម្ភារនិយម ដោយមិនអើពើជួយលើកស្ទួយសិល្បៈ និងជួយអ្នកសិល្បៈក្រីក្រជួបការលំបាកឡើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមសំណេរដែលលោកអ៊ឹម ជីវា៉ បានសរសេរបង្ហោះតាមហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមកថា «ជ្រេញចរិតអ្នកខ្លះណាស់ ទាល់តែតារាល្បីបានធ្វើជួយ មិនល្បីទោះដេកពេទ្យសង្គ្រោះបន្ទាន់រហូតដល់ស្លាប់ក៏មិនអើពើផង រួមផ្សំមានតារាខ្លះចាំតែ តែស្ករអត់ប្រយោជន៍រស់ពឹងដង្ហើមគេដក ខំលើកដៃលើកជើងគាំទ្រទង្វើអាក្រក់ ! ជួយបែបនេះ គេមិនមែនថាជួយចេញពីចិត្តទេ គឺជួយយកមុខ ជួយយក like ជួយយកស៊ែរ មនុស្សប្រភេទនេះធ្វើបុណ្យមិនបានបុណ្យទេ ។
វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន មួយថ្ងៃៗមានតែសិល្បៈមួយចំនួនតូចទេ ដែលខិតខំជួយជ្រោមជ្រែងវិស័យសិល្បៈវប្បធម៌ជាតិ មានសិល្បៈមរតកមនុស្សរស់ សិល្បៈបុរាណ ល្ខោនខោល ក្បាច់ចម្លាក់កេរដំណែល ផ្សេងៗ… តែបុគ្គលសិល្បៈមួយចំនួនវិញ សិល្បៈវប្បធម៌ចង់រលាយយ៉ាងម៉េចរលាយទៅ សំខាន់អញ់អួតសម្ភារនិយម គិតតែរឿងឈ្លោះគ្នា បង្អួតសម្រស់ បង្ហោះតែរឿងអត់ប្រយោជន៍ បំពុលសង្គម បង្ហោះតែរឿងផឹកស៊ីស្របៀរ វីឡា ភាពឡូយឆាយ មិនចេះឲ្យតម្លៃខ្លួនឯង ពេលដែលមិនទាន់ល្បីអង្វរអ្នកកាសែតឲ្យជួយចុះ ឲ្យអ្នកដឹកនាំជួយឲ្យបានសម្តែង ពេលដែលបានល្បីមានលុយ មានកាក់ សូម្បីតែមុខអ្នកសារព័ត៌មាន មុខអ្នកដឹកនាំធ្លាប់ជួយក៏មិនមើលផង។
ជាពិសេសពេលមានបានមិនសូវចេញមុខមកជួយអ្នកសិល្បៈក្រីក្រទេ ទាល់តែធ្លាក់ខ្លួនក្របានរត់មករកគេជួយ ។
ត្រង់ចំណុចទាំងអស់នេះហើយ ដែលទស្សនិកជនគេមិនសូវគាំទ្រ គ្មានតម្លៃ ដោយសារចរិតរបស់អ្នកសិល្បៈមួយចំនួនតូច បុគ្គលមួយចំនួនដែលរស់ដោយសុំពែរសិល្បៈ យកសិល្បៈជាឈ្នាន់ ធ្វើស្រែលើខ្នងអ្នកសិល្បៈ តែងតែមានអំនួតអួតអាង អុជអាល ចរិតមានតែអញ ពេលមានរឿងរ៉ាវអីមួយមិនគិតជួយសម្របសម្រួលគ្នាទេ ពីរឿងធំឲ្យក្លាយជារឿងតូច ពីរឿងតូចមកក្លាយជាអត់រឿងទេ គឺមានតែហៃអើ តែស្ករ ថែមប៊ីចេង ថែមអំបិល ថែមម្ទេស ប្តឹងប្ដល់គ្មានថ្ងៃស្វាង ។
ពេលដើរចេញទៅខាងក្រៅមានអារម្មណ៍ថាស្រក់ទឹកភ្នែកអាណិតអ្នកសិល្បៈនៅពេលឮពាក្យគេនិយាយថា ហេតុអីឲ្យតែឈឺលើកដៃសុំគេ ហេតុអីពួកសិល្បៈឈ្លោះតែគ្នា?
ជាសំណូមពររបស់ខ្ញុំដល់ ក្មួយៗ ប្អូនសិល្បៈជំនាន់ក្រោយ មុនចូលសិល្បៈត្រូវខំរៀនសូត្រយកចំណេះដឹងឲ្យបានច្រើនមុននឹងឈានជើងចូលសិល្បៈ យ៉ាងហោចណាស់ក៏ ក្មួយៗរៀនឲ្យចប់បរិញ្ញាបត្រដែរ ដើម្បីយកចំណេះវិជ្ជាយើងជួយដល់សិល្បៈ ជាពិសេសត្រូវរៀនជំនាញផ្នែកសិល្បៈឲ្យបានច្រើន ព្រោះយើងមានទម្រង់ច្រើនណាស់ដែលត្រូវរៀនសូត្រ ដើម្បីជួយផ្សព្វផ្សាយវប្បធម៌យើងឲ្យទូលំទូលាយជាងនេះ ដើម្បីលើកមុខមាត់កិត្តិយវប្បធម៌ជាតិយើងបន្ថែមទៀត »៕
ប្រភព៖ កោះសន្តិភាព